តារាស្រីអ៊ិស្លាមក្នុងរឿង កំណត់ហេតុនាង​នាថ ប្រកាសលែងខ្វល់ពីការរិះគន់លើភាពសិចស៊ី

ជនជាតិខ្មែរអ៊ិស្លាមរស់នៅកម្ពុជាជាច្រើន បានធ្វើការរិះគន់តារាសម្ដែងស្រីខ្មែរ-អ៊ិស្លាម គឺកញ្ញា ណាតាហ្សា ជាជនជាតិខ្មែរអ៊ិស្លាមដំបូងគេដែលបានលេងខ្លួនស៊ិចស៊ី ដោយបានចោទថា នាងកំពុងធ្វើឱ្យវប្បធម៌ទំនៀមទម្លាប់របស់នារីអ៊ិស្លាមរងការប៉ះពាល់ ក្នុងពេលដែលប្រពៃណីរបស់ជាតិសាសន៍នេះសម្រាប់នារីៗ សូម្បីតែបង្ហាញសាច់ដៃ សាច់ជើង និងសក់ក្បាលក៏មិនបានផង។

កញ្ញា ណាតាហ្សា បាននិយាយថា នាងពិតជាដឹងថា ខ្លួនមានកំហុសដែលហ៊ានទទួលថតស៊ិចស៊ី ក្នុងឈុតប៊ីគីនី ក្នុងពេលដែលនាងជាជនជាតិអ៊ិស្លាមមួយរូប ដែលមានប្រពៃណីតឹងរ៉ឹង ប៉ុន្តែនាងនិយាយថាស្ថានភាពសិល្បៈមិនអាចឱ្យនៅតែរក្សាជំហរបិទបាំង រម្យទមតែមួយមុខបានទេ គឺត្រូវតែមានសុភាពខ្លះ ស៊ិចស៊ីខ្លះ ដើម្បីតម្រូវចិត្តផលិតករ និងទស្សនិកជនដែលចង់បានចំណីអារម្មណ៍ប្លែកៗ។ កញ្ញាបន្ថែមថា ដែលខ្លួនសម្រេចចិត្តថតស៊ិចស៊ី មិនមែនដើម្បីផ្គើនជនជាតិអ៊ិស្លាមដែលបានហាមប្រាមនោះទេ ប៉ុន្តែគ្រាន់តែចង់បង្ហាញថា បំណាច់នឹងដើរចូលក្នុងរង្វង់សិល្បៈទៅហើយ អ្វីដែលអ្នកសិល្បៈគ្រប់ជាតិសាសន៍ធ្វើបាន រូបនាងក៏អាចធ្វើបានដែរ។ នាងនិយាយថា «នៅពេលយើងថតស៊ិចស៊ីអ៊ីចឹងៗ គឺមិនមែនតែសហគមន៍អ៊ិស្លាមទេដែលរិះគន់ គឺសូម្បីតែបងប្អូនជនជាតិខ្មែរយើងក៏រិះគន់ដែរ ប៉ុន្តែបើអាល័យតែខ្វល់បែបហ្នឹង យើងចូលសិល្បៈមិនកើតទេ បើសិល្បៈ វាត្រូវបត់បែនអ៊ីចឹង!»។ យ៉ាងណាមិញ នាងថា បើក្រុមផលិតករតម្រូវឱ្យនាងថតស៊ិចស៊ីខ្លាំង ដូចជាចំហល្វែងលើ និងល្វែងក្រោមជាដើម ក៏នាងមិនហ៊ានដែរ តែបើជាទម្រង់សិល្បៈ គឺនាងគួរតែអាចទទួលសម្ដែងបាន។ នាងបន្ដថា នាងឈប់ខ្វល់ជុំវិញប្រតិកម្មដែលបានលើកឡើងនោះហើយ ដោយសាររតែនាងគឺជាតារាសិល្បៈ ដែលត្រូវតែបត់បែនតាមបរិយាកាសការងារ ហើយមិនអាចបន្តរុំកាយជិតៗតាមអ្វីដែលជាលក្ខខណ្ឌរបស់ជនជាតិអ៊ិស្លាមបានទេ។

គួរបញ្ជាក់ផងដែរថា តារាស្រី ណាតាហ្សា ជាតារាសម្ដែងស្រីដែលមានឈ្មោះល្បីតាមរយៈខ្សែភាពយន្ដខ្នាតធំរឿង « កំណត់ហេតុនាង​នាថ» ដែលជាវណ្ណកម្មរបស់ផលិតកម្ម ឥន្ទ្រានិម្មិត ហ្វីលម៍ ក្នុងឆ្នាំ2016។ សព្វថ្ងៃនេះ តារាស្រីរូបនេះ កំពុងតែក្ដោបបានទីផ្សាសិល្បៈយ៉ាងមមាញឹកនៅក្នុងដៃ៕

Advertisement