គួច ខេវិន និយាយរឿងចម្លងវប្បធម៌បរទេសទាំងងងឹតងងល់ និងតើក្រសួង និងស្ថាប័នណាខ្លះ គួរទទួលខុសត្រូវ?

លោក គួច ខេវិន ត្រូវបានគេស្គាល់លោកថា ជាអ្នកផលិតកម្មវិធីកម្សាន្ត របស់ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីឈ្មោះ ដែលថ្មីៗនេះលោកបានសម្ដែងអារម្មណ៍អរគុណ ចំពោះអ្នកគាំទ្រ និងបញ្ចេញទស្សនៈ ទាក់ទងនិងការថែរក្សាតម្លៃ មរតក បេតិកភណ្ឌ និងវប្បធម៌របស់ជាតិ ដោយសង្កត់ធ្ងន់ថា តើអ្នកបានធ្វើអ្វីខ្លះដើម្បីរក្សា «វប្បធម៌» ជាតិខ្មែរ?

លោក គួច ខេវិន បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំបាទសូមអរគុណជាអនេក ដល់មិត្តក្នុង Facebook ដែលតែងតែគាំទ្រ រៀងរាល់កម្មវិធីទូរទស្សន៍ ដែលខ្ញុំផលិត ហើយនិងបានជួយ Share និង Like…។ ជាក់ស្តែងដូចជារដូវបុណ្យភ្ជុំកន្លងមក ដែលមានក្រុមត្រកូល ខាត់ មានអ្នក Share និងចូលរួមតាមដានជាង 21k… ក្នុងពេលតែ3ថ្ងៃជាមួយនឹង ភ្លេង បុរាណខ្មែរ យ៉ាងពីរោះរណ្តំចិត្ត»។

លោក គួច ខេវិន បានលើកឡើងបន្តទៀតថា «ខ្មែរពិតជាសំបូរហូរហៀរ ទៅដោយមរតក បេតិកភណ្ឌ និងវប្បធម៌ ក៏ដោយសារ តែភាពហូរហៀនេះ ហើយទើបបានជាធ្វើឱ្យខ្មែរពិបាកថែ ពិបាករក្សា…ពិបាកចែកចាយឱ្យកូនចៅ ជំនាន់ក្រោយៗ រួចក៏ទុកឱ្យគេលួច គេប្លន់ ឱ្យគេរើសយកទៅធ្វើជាសម្បត្តិ របស់គេទៅវិញ។ ចំណែកខ្លួនជាម្ចាស់មរតក ដ៏សំបូរបែប ក៏បណ្តែតបណ្តោយកូនចៅ ឱ្យទៅលួចចម្លងវប្បធម៌ ជាតិគេទាំងងងឹតងងល់មកពង្វក់ខ្មែរ តជំនាន់ហើយថែមទាំងនៅតែអួតក្អេងក្អាង ខុសទំនង…»។

អ្នកផលិតកម្មវិធីកម្សាន្តរូបនេះនិយាយថា «ប្រសិនជាមាន មនសិកា ជាខ្មែរពិតតែបន្តិចបន្តួច រួចលួចក្រឡេកមើលពួក ដែលធ្លាប់លួច ធ្លាប់ប្លន់ ធ្លាប់រើសយក មរតកវប្បធម៌ខ្មែរ ទៅថែ ទៅរក្សា ទៅការពារ ទៅលើកស្ទួយនោះ អ្នកនឹងមិនក្លាយទៅជាខ្មែរដែលត្រូវបណ្តាសាររបស់ បុព្វបុរស មហានរគ នោះឡើយ ។ ជំនួសឱ្យពាក្យសោកស្តាយ តើអ្នកបានធ្វើអ្វីខ្លះដើម្បីរក្សា «វប្បធម៌» ជាតិខ្មែរ? ប្រឈមទៅនឹងភាពធ្លាក់ដុនដាប ដល់កម្រិតមួយដែលមិនល្អ នៃវប្បធ៌មរបស់ខ្មែរតើក្រសួង និងស្ថាប័នណាខ្លះ គួរទទួលខុសត្រូវ និងបញ្ឈប់ភាពលង់លក់ដ៏អាក្រក់ ទាំងកណ្តាលថ្ងៃត្រង់បែបនេះ?»៕

 

Advertisement