ទស្សនីយភាពវីដេអូអប់រំខ្លី «ស្នាមក្រែម» បង្កប់អត្ថន័យជ្រាលជ្រៅដល់ហូរទឹកភ្នែកដោយមិនដឹងខ្លូន

វីដេអូ បែបអប់រំខ្លី មានចំណងជើងថា «ស្នាមក្រែម» បង្ហាញពីជីវិតរបស់គ្រួសារមួយ ដែលធ្លាប់តែមានសុភមង្គល និងពោរពេញ ទៅដោយក្ដីស្រឡាញ់ តែត្រូវរលាយបាត់បង់ ដោយសារតែការសប្បាយភ្លើតភ្លើន ជាកំហុសឆ្គងធ្វើឲ្យបាត់បង់សុភមង្គល និងក្ដីសុខដែលធ្លាប់តែមានកន្លងមក។ យ៉ាងណាមិញ វីដេអូអប់រំខ្លីនេះកំពុងតែទទួលបានការចាប់អារម្មណ៍ ជាពិសេសគឺមានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់។

អ្នកនាង ស្វែង សុជាតា ដែលមានតួនាទីជាម្តាយ បានសម្តែងអារម្មណ៍ភ័យបុកពោះក្នុងទឹកមុខស្រពោននៅពេលកូនស្រីជាទីស្រឡាញ់រស់នៅក្បែររហូត បានបាត់ពីទ្រូងភ្លាមៗធ្វើឱ្យអ្នកនាងមានចិត្តបារម្ភពន់ពេក។ តារាស្រីជើងចាស់ និងសម្បូរបទពិសោធន៍សម្តែងដ៏ជំនាញ បានឱ្យប្រាប់ដឹងថា ករណីដែលអ្នកនាងស្លន់ស្លោ រឿងដើររកកូនស្រីជាការថតសម្តែងនៅក្នុងរឿង «ស្នាមក្រែម»ក្នុង​រឿងថ្មីមួយ ដែលជារឿងបែបមនោសញ្ចេតនាកប់ជ្រៅមានលក្ខណៈអប់រំក្នុងសង្គមយើងផងដែរ។ អ្នកនាងថា កូនស្រីក្នុងសាច់រឿងបានបាត់ចេញពីផ្ទះ ក្រោយទទួលយកមិនបានពេលឃើញឪពុកដោយចៃដន្យ កំពុងលបលួចមានស្រីថ្មី ក៏ទប់ចិត្តលែងបាន ហើយ​រត់ចេញពីផ្ទះគ្មានប្រាប់នរណាម្នាក់ឡើយ បង្កឲ្យ​មានការភ័យព្រួយពីអ្នកនៅក្នុងផ្ទះគ្រប់គ្នា ជាពិសេសអ្នកនាង ត្រូវជាម្តាយតែម្តង។

តារាដែលលេចធ្លោនៅក្នុងវីដេអូអប់រំនេះ រួមមាន អ្នកនាង ស្វែង សុជាតា លោក ជា សំណាង និងកុមារី ជូលី ដោយអ្នកទាំងបី បានរំលេចឈុតឆាកក្នុងរឿងរ៉ាវគ្រួសារយ៉ាងទាក់ទាញបំផុត ពាក់ព័ន្ធនឹងស្នាមក្រែម។ យ៉ាងណាមិញ រឿងរ៉ាវទាំងអស់នេះ ត្រូវបានអ្នកនាង ស្វែង សុជាតា ស្រាយបំភ្លឺឱ្យទស្សនិកជនជ្រាប៕

Advertisement