កក្រើកទៀតហើយ! ក្រុម Plugger សម្ដែងចម្រៀងរ៉ុកលាយបញ្ចូលល្ខោនខោលធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក

នារាត្រីនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតប្រជែងទេពកោសល្យលំដាប់ថ្នាក់ពិភពលោក Cambodian’s got talent បេក្ខភាពក្រុមចម្រៀងបែបរ៉ុកដែលមានឈ្មោះថា Plugger ទទួលបានប៊ូតុងមាសពីគណៈកម្មការកិត្តិយសគឺលោក ឆន សុវណ្ណរាជ ហើយក្រុមក៏ទទួលបានសិទ្ធិទៅកាន់វគ្គផ្ដាច់ព្រ័ត្រតែម្ដង ដោយមិនចាំបាច់រង់ចាំការបោះឆ្នោតគាំទ្រពីសំណាក់មហាជននោះឡើយ។

ដោយឡែកការសម្ដែងរបស់ក្រុមខាងលើនេះ បានលើកយកពីឈុតល្ខោនខោលខ្លីមួយ អមដោយវង់ភ្លេងពិណពាទ្យខ្មែរ និងអ្នកពោលខោលម្នាក់ដែលមានសំឡេងក្រអួនក្រអៅ ដែលរៀបរាប់ពីការអភិរក្ស និងស្រឡាញ់ល្ខោនខោលខ្មែរ រហូតធ្វើឱ្យមហាជន និងគណៈកម្មការគ្រប់រូបរំជួលអារម្មណ៍ ក្ដុកក្ដួលក្នុងចិត្ត ជាពិសេសគឺអ្នកនាង ខាត់ សុឃីម ទប់អារម្មណ៍មិនជាប់ ក៏ស្រក់ទឹកភ្នែកខណៈដែលកំពុងតែទស្សនាការសម្ដែង។ ការសម្ដែងនេះ មានការលាយបញ្ចូលគ្នារវាងវង់ភ្លេងពិណពាទ្យខ្មែរ និងចង្វាក់រ៉ុកដែលញ៉ាំងឱ្យកម្មវិធីទាំងមូលកក្រើកឆាកតែម្ដង។

អ្នកនាង ខាត់ សុឃីម ជាគណៈកម្មការ បានពោលឡើងថា អ្នកនាងពិតជារំភើបហួសនឹងថ្លែង ព្រោះមិននឹកស្មានថា បានឃើញទស្សនីយភាពបុរាណបូកសម័យ ជាពិសេសគឺបែបរ៉ុក ដែលមានភាពអស្ចារ្យ និងបង្ហាញពណ៌សម្បុរជាជាតិខ្មែរ បានល្អដល់កម្រិតនេះទេ។ អ្នកនាងបន្ដថា កាន់តែរំភើបខ្លាំងជាងនេះទៅទៀតគឺ សាច់រឿងល្ខោនខោលខ្លី តែបង្កប់អត្ថន័យជ្រាលជ្រៅសម្រាប់កូនខ្មែរគ្រប់ជំនាន់ និងការថែរក្សា ស្រឡាញ់វប្បធម៌បុរាណ ដែលកន្លងមកធ្លាប់ត្រូវគេមិនឱ្យតម្លៃ ហើយពោលពាក្យថា អ្នកបុរាណជាអ្នកស្រែ មិនទាន់សម័យដូចគេ។

បន្ទាប់ពីបានទស្សនាការសម្ដែងចប់ហើយ ទស្សនិកជនទាំងអស់ បានក្រោកឈរឡើងគោរព និងសម្ដែងការស្រឡាញ់ចំពោះក្រុមមួយនេះ  ដូច្នេះចង់ដឹងថា ទិដ្ឋភាពនាពេលនោះរំជើបរំជួលបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

 

Advertisement