ម៉ានិត ជោគជ័យបើកសម្ពោធស្នាដៃពីរ អាល់ប៊ុមចម្រៀង « សមុទ្រ » និងសៀវភៅប្រលោមលោករឿង « កូនទី ៦ »

តារាចម្រៀង និងជាអ្នកនិពន្ធសៀវភៅវ័យក្មេងមួយរូបគឺលោក ម៉ុង ម៉ានិត កំពុងតែជោគជ័យខ្លាំង ដោយការនិពន្ធសៀវភៅរឿងដូចជា «បេសកម្មមួយ» «ផ្ទះកណ្តាលបឹង» ជាដើម សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ ប្រិយមិត្តទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ ។ យ៉ាងណាមិញ បន្ទាប់ពីខកខានមិនបាន បញ្ចេញអាល់ប៊ុមចម្រៀង អស់រយៈពេលជាច្រើនឆ្នាំរួចមក ពោលគឺរយៈពេលបីឆ្នាំមកហើយ នៅទីបំផុត ម៉ានិត ក៏បានត្រឡប់មកជាថ្មី ជាមួយនឹងការបញ្ចេញនូវ អាល់ប៊ុមបទចម្រៀងទោល ដែលមានឈ្មោះថា «សមុទ្រ» កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។

នៅក្នុងថ្ងៃសម្ពោធអាល់ប៊ុម « សមុទ្រ » និងសៀវភៅប្រលោមលោករឿង « កូនទី ៦ » នាថ្ងៃម្សិលមិញនេះ លោក ម៉ានិត បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា នេះគឺជាស្នាដៃនិពន្ធចម្រៀង និងតន្ត្រីចុងក្រោយគេបង្អស់ បន្ទាប់ពីលោកបានផ្អាកពីសិល្បៈចម្រៀងអស់រយៈពេល 3 មកហើយ ដោយលោកចង់មានពេលវេលាសម្រាក និងស្វែងរកអត្តសញ្ញាណនៃការផលិតចម្រៀងរបស់លោក ឱ្យប្រកបដោយព្រលឹងនិងគុណភាពនៃចម្រៀងខ្មែរ។ លោកបានបន្ដទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានងាកមកចាប់អារម្មណ៍និពន្ធរឿងប្រលោមជាច្រើនរឿង រហូតដល់ជក់ចិត្តស្ទើតែមិនចង់ដកខ្លួនបាន។ លោកក៏ជាតារាមួយដួង ដែលបានអភិវឌ្ឍន៍ខ្លួន ពីតារាចម្រៀងដ៏ល្បីល្បាញ ទៅជាអ្នកនិពន្ធសៀវភៅវ័យក្មេង ហើយមានកេរ្តិ៍ឈ្មោះល្បីខ្លាំងទៀតផង។

យ៉ាងណាមិញ នៅថ្ងៃសៅរ៍ ទី 29 ខែកញ្ញា ឆ្នាំ 2018 ក៏មានការប្រគំតន្រ្តីបើកឆាកអាល់ប៊ុកទោលរបស់តារាប្រុសរូបនេះផងដែរ ។ សូមជម្រាបថា ម៉ានិត ជាតារាចម្រៀងមួយដួង ដែលមានភាពល្បីល្បាញ និងតែងតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន ពិសេសមិត្តៗយុវវ័យ ខណៈរាល់បទចម្រៀងរបស់លោក ភាគច្រើនសុទ្ធសឹង ជាបទមនោសញ្ចេតនាស្នេហាយុវវ័យ៕

Advertisement