រដូវភ្ជុំបិណ្ឌ អ្នកនាង ទូច ស្រីល័ក្ខ បញ្ចេញបទនិពន្ធថ្មី កម្សត់ដល់ថ្នាក់ស្រក់ទឹកភ្នែក

រដូវបុណ្យភ្ជុំបិណ្ឌបានចូលមកដល់ គេសម្គាល់ឃើញថា តារាចម្រៀងម្នាក់ៗតែងតែបញ្ចេញបទចម្រៀងរបស់ខ្លួនជាចង្វាក់ប្រពៃណី និងប្រជាប្រិយគ្រប់ៗគ្នា ជាក់ស្ដែងដូចជាក្រុមការងារចម្រៀងរបស់តារាពហុជំនាញ គឺអ្នកនាង ទូច ស្រីល័ក្ខ បានបញ្ចេញបទចម្រៀងមួយបទដ៏មានអត្ថន័យដែលមានចំណងជើងថា «ម្ចាស់ជីវិតកូនអើយ» ដែលជាប្រភេទបទមនោសញ្ចេតនា កម្សត់ស្ទើរតែទប់ទឹកភ្នែកមិនបាន ព្រោះអ្នកនាងបានរៀបរាប់អំពីគុណូបការៈរបស់អ្នកមានគុណទាំងទ្វេ។

អមដោយវីដេអូចម្រៀង អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរសាររៀបរាប់ថា «ឪពុកម្តាយបានលះបង់គ្រប់យ៉ាងដើម្បីតែកូន ឱ្យកូនរស់នៅមានសេក្តីសុខ សួរថា តើលោកទាំងពីរលំបាកប៉ុនណាបើកូនៗណារស់នៅឆ្ងាយពីក្រុមគ្រួសារ ប្រាកដណាស់ លោកច្បាស់ជាបារម្ភ និងយំ បន្ទាប់ពីស្តាប់បទនេះហើយសូមផ្ដល់ជាកម្លាំងចិត្តឱ្យក្រុមខ្ញុំផង។ បទ «ម្ចាស់ជីវិតកូនអើយ» ច្រៀងដោយក្រុមកម្សត់ស្រីល័ក្ខ និពន្ធទំនុកច្រៀង & Melody ដោយក្រុមកម្សត់ស្រីល័ក្ខ សម្រួលតន្រ្តីដោយលោក ផល វន្ឍៈ ដឹកនាំថតដោយ Heng Picture»។

សូមជម្រាបបន្ថែមដែរថា តាម​ទំនៀម គេ​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចំនួន 15ថ្ងៃ គឺ​ចាប់​ផ្តើមធ្វើ​តាំងពី​ថ្ងៃ1រោច ខែភទ្របទ ដល់​ថ្ងៃ 15រោច​ ខែភទ្របទ។ ពីថ្ងៃ1រោច ​ដល់14រោច គឺ​ថ្ងៃ​កាន់បិណ្ឌ ឬ​ថ្ងៃ​ដាក់​បិណ្ឌ។ ថ្ងៃ15រោច គឺ​ថ្ងៃ​ភ្ជុំបិណ្ឌ ព្រោះ​ថ្ងៃនេះ អ្នកស្រុក​តែង​មក​ប្រជុំគ្នាធ្វើ​នៅក្នុង​វត្តគ្រប់ៗគ្នា។ កាលពី​បុរាណកាល បុណ្យ​ភ្ជុំបិណ្ឌមាន​រយៈពេល 3ខែ​ឯណោះ គឺ​ស្របពេល​នឹង​រដូវ​ចូលវស្សា​ដែរ។ តែ​ក្រោយមក ដោយ​ប្រជាជនជាពុទ្ធបរិស័ទ ជាប់​មមា​ញឹក​នឹង​កិច្ចការ​រក​ស៊ី​ចិញ្ចឹមជីវិត​ខ្លាំងពេក ទើប​គេ​សម្រេចធ្វើ​ត្រឹមតែ 15ថ្ងៃវិញ។

សូមរីករាយស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖

Advertisement