ប្រភព អត្ថន័យ វិធីប្រារព្ធ និងការកំណត់សម្គាល់នានាក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​ធំ​មួយ ក្នុងចំណោម​វិធី​បុណ្យប្រពៃណី ដ៏​ធំផ្សេងៗទៀត​របស់​ខ្មែរ។ តាំងពី​បូរាណ​កាល មក​រហូតដល់​សម័យ​បច្ចុប្បន្ន ប្រជាជន​ខ្មែរ តែង​ប្រារព្ធ​ពិធីបុណ្យ​នេះ មិនដែល​អាក់ខាន​ម្តងណា​ឡើយ លើកលែងតែ​ក្នុង របប​ប៉ុលពត​កាន់កាប់​ប៉ុណ្ណោះ។

តើ “ពាក្យ​ភ្ជុំបិណ្ឌ មាន​អត្ថន័យ​យ៉ាងដូចម្តេច? តើ​ពិធីបុណ្យ​មួយ​នេះ​កកើតឡើង​យ៉ាងដូចម្តេច និង​ស្របតាម​លទ្ធិ​សាសនា​អ្វី? តើ​ពិធីបុណ្យ​នេះ គេ​ដំណើរការ​យ៉ាងដូចម្តេច​ខ្លះ? ហេតុអ្វី​បានជា​ជនជាតិខ្មែរ មានការ​គោរពបូជា ចំពោះ​ពិធីបុណ្យ​មួយ​នេះ​ខ្លាំង​ម្លេះ?

តើពាក្យ​ភ្ជុំបិណ្ឌមាន​អត្ថន័យ​យ៉ាងដូចម្តេច?

1/ ការពន្យល់​ពាក្យភ្ជុំបិណ្ឌ”

ភ្ជុំបិណ្ឌ ជា​សមាសនាម​កើតចេញពី​ពាក្យ​ពីរ​ម៉ាត់​គឺ “ភ្ជុំ” និង “បិណ្ឌ” ។

តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន​ណាត៖

ភ្ជុំ មាន​ថ្នាក់​ពាក្យ​ជា កិរិយាស័ព្ទ មានន័យថា ធ្វើ​ឲ្យ​ជុំ, ឲ្យ​ជួបជុំគ្នា, ឲ្យ​ប្រជុំគ្នា, រួបរួមគ្នា, សាមគ្គី​គ្នា។

បិណ្ឌ មាន​ថ្នាក់​ពាក្យ​ជា នាម អាច​ជំនួស​ឲ្យ ភ្ជុំបិណ្ឌ​បាន មានន័យថា ការប្រមូល​ឲ្យ​មូល​ឬ​ពូន​ឲ្យ​ជា​ដុំ, ដុំ, ការចិញ្ចឹម ជីវិត, ជា​ឈ្មោះ​នៃ​វិធី​ធ្វើ​ទាន​តាម​ប្រពៃណី​ម្យ៉ាង​របស់​ខ្មែរ, អាហារ​ដែល​ប្រមូល​ឲ្យ​ជា​ដុំ ។

តាម​សៀវភៅ​ប្រជុំ​ពិធីបុណ្យ​ទាំង១២ខែ រៀបរៀង​ដោយ​ក្រុម​ប្រជុំ​ទំនៀមទម្លាប់​ខ្មែរ លោក​បាន​ពន្យល់ថា៖

បិណ្ឌ គឺជា ដុំ​បាយ​ឬ​ពំនូត​បាយ ដែល​គេ​ឧទ្ទិស​ដល់​ខ្មោច ដែល​បាន​ស្លាប់ទៅ ។

សរុបមក ភ្ជុំបិណ្ឌ គឺជា​ការប្រជុំ​គ្នា​របស់​អ្នកស្រុក​ភូមិ​ខ្មែរ ដើម្បី​រៀបចំ ប្រមែប្រមូល​បាយ ឬ​ដុំ​បាយ​ដាក់​ស្រាក់ យកទៅ​វត្ត ប្រ​ភេ​ន​ព្រះសង្ឃ ឬ​ធ្វើជា​ពំនូត​បាយ ឬ​ដុំ​បាយ​ដាក់​ចាន​យកទៅ​វត្ត ដើម្បី​ប្រគេន​ព្រះសង្ឃ​សូត្រធម៌ ឧទ្ទិស​កុសល​ដល់ ខ្មោច​ទាំងឡាយ ដែល​បាន​ស្លាប់ទៅ ដែល​អស់លោក​ទាំងនោះ​អាចជា បងប្អូន ជីដូន ជីតា​ឬ​ញាតិ​កា​ទាំង​ប្រាំពីរ​សន្តាន។

2/ ពាក្យ​គន្លឹះផ្សេងៗទៀត នៅក្នុងពេល​ភ្ជុំបិណ្ឌ

បាយបិតបូរ៖ គឺជា ដុំ​បាយ ឬ​ពំនូត​បាយ​រាង​ស្រួច​ដូច​សាជី ដែលមាន​គម្រប​ស្លឹកចេក​គ្របពីលើ មាន​ចោះ​កំពូល ទុក​ដោត​ទៀន ធូប​និង​ផ្កា​សម្រាប់​ឧទ្ទិស​ដល់​ខ្មោច ដែល​បាន​ស្លាប់ទៅ ។

ថ្ងៃ​កាន់បិណ្ឌ​ឬ​ថ្ងៃ​ដាក់​បិណ្ឌ៖ គេ​គិត​ចាប់ពី​ថ្ងៃ១ដល់១៤រោច ខែភទ្របទ ។

ថ្ងៃ​ភ្ជុំបិណ្ឌ៖ សំដៅ​ដល់​ថ្ងៃ ១៥រោច​ខែភទ្របទ ដែល​អ្នកស្រុក​មក​ជុំគ្នា ធ្វើ​បុណ្យឧទ្ទិសកុសល ដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន ទៅកាន់​លោក​ខាងមុខ ។

ផ្កាបិណ្ឌ៖ សំដៅ​ដល់​ពំនូត​បាយ មាន​រាង​មូល​ស្រួច​ដូច​សាជី ដែល​នៅលើ​កំពូល​មាន​គេ​ធ្វើ​រូប​ហង្ស​ទ្រ​ទៀន សម្រាប់ អុជ​រាល់​យប់​ថ្ងៃ​កាន់បិណ្ឌ សម្រាប់​ជាដ​ង្វា​យ​ព្រះ​ចូឡា​មុនី ។

បង្សុកូល៖ សំដៅ​ដល់​ការ​និមន្ត​ព្រះសង្ឃ សូត្រ​ព្រះ​អភិធម្ម៧គម្ពីរ​ដោយ​សង្ខេប ។

ធម្មទេសនា៖ សំដៅ​ដល់​ដំណើរ​សំដែងធម៌ ដំណើរ​ប្រៀនប្រដៅ​តាមបែប​ព្រះពុទ្ធសាសនា ដែល​សម្តែង​ដោយ ព្រះសង្ឃ​ឬ​ព្រះពុទ្ធ​អង្គ។

ធម៌​បរាភវ​សូត្រ៖ សំដៅ​ដល់​ការសូត្រ​ធម៌ ដែល​បាន​បញ្ជាក់ប្រាប់ ពី​សេចក្តី​វិនាស ភាព​អាប់យស កេរ្តិ៍ឈ្មោះ អាប់មុខ ទាំងឡាយ ។

ប្រេត៖ មានន័យថា សត្វ​ដែល​រស់នៅក្នុង​អបាយភូមិ​មួយ​ពួក ឬ​អ្នក​ដែល​បាន​ស្លាប់ទៅ​លោក​ខាងមុខ​ហើយ ។

នរក៖ ទី​អបាយភូមិ ឬ​អធោលោក ដែលមាន​រណ្តៅ​ជា​លំនៅ​នៃ​សត្វ​មាន​បាប​នៅ​រង​ទុក្ខ តាម​កម្លាំង​កម្ម​ដែល​ខ្លួន បានធ្វើ ។

ទេពតា៖ (ទេព្តា) អមនុស្ស​ដែលជា​ទិព្យ អមរ ។

ព្រះ៖ អ្នក​ប្រសើរ​លើសលន់ អ្នក​ដែលជា​ចម្បង ។

បណ្តាសា៖ ពាក្យ​ជេរប្រទេច ពាក្យ​ផ​ន្ទា ពាក្យ​សំបូងសង្រូង​ឲ្យ​គេ​វិនាស​ហិនហោច ។

ពរ៖ គុណជាត​ដ៏​ប្រសើរ ដែល​គួរ​ប្រាថ្នា គួរ​ចង់បាន គួរ​ជ្រើសរើស​តាម​គាប់ចិត្ត ។ ពរ​សព្វ​សាធុការ ។

តើ​ពិធីបុណ្យ​មួយ​នេះ​កកើតឡើង​យ៉ាងដូចម្តេច និង​ស្របតាម​លទ្ធិ​សាសនា​អ្វី?

ក. ការកកើត

តាម​ឯកសារ​ទំនៀមទម្លាប់​ខ្មែរ​មួយចំនួន បាន​បញ្ជាក់ថា បុណ្យ​ភ្ជុំបិណ្ឌ បាន​កកើត​នៅលើ​ទឹកដី​ខ្មែរ តាំងពី​យូរលង់​ណាស់ មកហើយ​ពោលគឺ កើត​តាំងពី​សម័យ​អាណាចក្រ​ខ្មែរ​មក​ម្លេះ គឺ​ស្រប​ពេលដែល​ពុទ្ធសាសនា ហូរ​ចូល​ជា​លើកដំបូង​មក ក្នុង​ទឹកដី​មួយ​នេះ ។

តាម​សាស្ត្រា​អានិសង្ស​បិណ្ឌ​មាន​សេចក្តី​ថា៖ ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ត្រាស់ ចំពោះ​អនាថបិណ្ឌិក​សេដ្ឋី ថា អស់​ម្តាយ​ឪពុក​ញាតិ​កា បងប្អូន​កូនចៅ របស់​ជន​ទាំងឡាយ ដែល​បាន​ស្លាប់ទៅមុនៗនោះ ទោះ​ទៅ​កើតឯណាៗក្តី តែ​ដល់​រនោច​ខែភទ្របទ​ដែល​គេ​រៀប​កាន់បិណ្ឌ តែងតែ​មកជួបជុំ​នៅពេលនោះ ។ ហេតុតែ​តេជះ​អា​និ​សង្ឃ​នៃ​បុណ្យ ដែល​អស់​ញាតិសន្តាន​បានធ្វើ​បាយបិណ្ឌ បាយបិតបូរ នា​ខែភទ្របទ ហើយ​ឧទ្ទិស​ផល​ជូន​ទៅនោះ ពួកគេ​ក៏បាន​រំដោះ រួច​អំពី​នរក ប្រេត នោះ​ហោង។

រីឯ​សត្វ​នរក​ប្រេត​ទាំងឡាយ ដែល​មកកាន់​មនុស្សលោក​ក្នុង​ខែភទ្របទ​នោះ ប្រេត​ខ្លះមក​កើតជា​កណ្តូប​ខ្មោច ទំ​យំ​នៅលើ ដំបូលផ្ទះ ។ ខ្លះ​ទំ​យំ​នៅ​ចុង​កាត់​ផ្ទះ ធ្នឹម​ផ្ទះ មាត់ទ្វារ​ផ្ទះ ជើង​ជណ្តើរ​ផ្ទះ ដើមឈើ​ក្បែរ​ផ្ទះ ។ ប្រេត​ខ្លះទៀត​មកដល់​ពាក់ កណ្តាលផ្លូវ ខ្លះមក​អើតមើល​ទៅមក ។ ខ្លះ​បាំងដៃ​មើល​មកពី​ចម្ងាយ ហើយ​គិត​អាណិត​អនិច្ចា​ខ្លួន​ថា (ឱ​អញ​អើយ! អភ័ព្វ​អ្វី​ម្លេះ មក​កើតជា​ប្រេត​នរក រងទុក្ខវេទនា​យូរ​ឆ្នាំ ហើយ​កើត​សម្រេក​គម្លាន​ក្រៃពេក) ។ កាលបើ​ដល់​ខែភទ្របទ ដែល​ជន​ទាំងឡាយ បាន​រៀប​រណ្តាប់​បាយបិណ្ឌ បាយបិតបូរ ឧទ្ទិស​ផលានិសង្ស​បញ្ជូនទៅ​ឲ្យ សត្វ​នរក​ប្រេត​ទាំងនោះ ក៏​សឹងតែ​បាន​រំដោះ​រួចមក​ហោង។

ខ. គោល​សាសនា

តាម​ការពិនិត្យ​ពី​ស្ថានភាព​ជំនឿ​ជាក់ស្តែង យើង​ឃើញថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​មិនមែន​ទាក់ទង តែ​នឹង​សាសនាព្រះពុទ្ធ តែមួយ​នោះទេ គឺ​ពិធីបុណ្យ​មួយ​នេះ មាន​ជាប់ទាក់ទង​នឹង​សាសនា​ព្រហ្មញ្ញ និង​សាសនា​ជី (ជំនឿ​លើ​ព្រលឹង) របស់​ខ្មែរ យើង​ដែរ ។ ព្រោះថា​តាម​ធម៌​ព្រះពុទ្ធ ការ​ឧទ្ទិស​កុសល​នានា​ទៅ​ប្រេត​បាន​លុះត្រាតែ ទាយក​ទាយិកា​ដែលជា​កូនចៅ សាច់សាលោហិត​របស់​ប្រេត លោក​ប្រ​គេច​ចង្វា​ន់​ទៅ​ព្រះសង្ឃ បន្ទាប់មក​ឲ្យ​ព្រះសង្ឃ​លោក​សូត្រមន្ត ឧទ្ទិស​កុសល ទើបបាន ។

ឯ​ចង្ហាន់​ទាំងនោះ​ត្រូវតែ​បាន​ព្រះសង្ឃ​លោក​ឆាន់​ខ្លះ​ឬ​ទាំងអស់​តែម្តង​ឬក៏​ត្រូវបាន​បុគ្គល​អ្នកមាន​សីល ជនក្រីក្រ ឬ មហាជន​បាន​ពិសា​ជាដើម ។ សម្រាប់​សាសនា​ព្រា​ហ្ម​ញ្ញ​និង​សាសនា​ជី(ជំនឿ​លើ​ព្រលឹង) គេ​ច្រើនតែ​យក​ចំណីអាហារ ទាំងនោះ​ទៅជូន​ព្រលឹង​អ្នកស្លាប់ផ្ទាល់ៗតែម្តង ដោយ​គ្រាន់​តែមាន​គ្រូអូមអាម អ្នក​អាយលម្ពាយ​ធ្វើ​ពិធី​ឲ្យ​នោះ ជាការ ស្រេច ដែល​សំណែន​ខ្លះ ឬ​ស្ទើរតែ​ទាំងស្រុង ព្រះសង្ឃ ឬ មនុស្ស​ដែលមាន​ជីវិត​ទូទៅ មិនអាច​យកមក​បរិ​ភោគ​បាន ឡើយ។

តើ​ពិធីបុណ្យ​នេះ គេ​ដំណើរការ​យ៉ាងដូចម្តេច​ខ្លះ?

ក. របៀប​ប្រារព្ធ​បុណ្យ​ភ្ជុំបិណ្ឌ

តាម​ទំនៀម គេ​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចំនួន ១៥ថ្ងៃ គឺ​ចាប់​ផ្តើមធ្វើ​តាំងពី​ថ្ងៃ១រោច ខែភទ្របទ ដល់​ថ្ងៃ ១៥រោច​ខែភទ្របទ ។ ពីថ្ងៃ ១រោច​ដល់១៤រោច គឺ​ថ្ងៃ​កាន់បិណ្ឌ ឬ​ថ្ងៃ​ដាក់​បិណ្ឌ។ ថ្ងៃ១៥រោច គឺ​ថ្ងៃ​ភ្ជុំបិណ្ឌ ព្រោះ​ថ្ងៃនេះ អ្នកស្រុក​តែង​មក​ប្រជុំគ្នា ធ្វើ​នៅក្នុង​វត្តគ្រប់ៗគ្នា។ កាលពី​បុរាណកាល បុណ្យ​ភ្ជុំបិណ្ឌ គឺមាន​រយៈពេល ៣ខែ​ឯណោះ គឺ​ស្របពេល​នឹង​រដូវ​ចូល វស្សា​ដែរ។ តែ​ក្រោយមក ដោយ​ប្រជាជន ពុទ្ធបរិស័ទ ជាប់​មមារ​ញឹក​នឹង​កិច្ចការ​រ​ស៊ី​ចិញ្ចឹមជីវិត​ខ្លាំងពេក ទើប​គេ​សម្រេច ធ្វើ​ត្រឹម ១៥ ថ្ងៃនេះ​វិញ។

ពាក្យ​ថា បិណ្ឌ បានន័យថា ពំនូត​បាយ ដែល​គេ​ឧទ្ទិស​ដល់​ខ្មោច​ដែល​បាន​ស្លាប់ទៅ។ គេ​ដាក់​បាយបិណ្ឌ​ក្នុង​ថាស១ យក ទៅ​វត្ត។ នៅ​ពាក់កណ្តាល បាយបិណ្ឌ មាន​បាយ បិត​បូរ ដែល​គេ​ដាក់​លើ​ជើងពាន​តូច​មួយ។ បាយបិតបូរ ដូចគ្នា​នឹង​បាយ បិណ្ឌ​ដែរ ប៉ុន្តែ​គេ​ធ្វើ​រាង​ស្រួច​ដូច​សាជី ហើយ​ធ្វើ​គំរប​ស្លឹកចេក​គ្របពីលើ ដោយ​ចោះ​កំពូល​ទុក​ដោត​ទៀនធូប និង​ផ្កា ។ នៅ​តំបន់​ខ្លះ គេ​ធ្វើ​បាយបិណ្ឌ​ដាក់​ក្នុង​កន្ទោង​ចំនួន៨ ព័ទ្ធជុំវិញ​បាយបិតបូរ ។ ក្នុង​កន្ទោងនីមួយៗមាន​ពំនូត បាយបិណ្ឌ​ពី១ ទៅ១៥ដុំ ។

ក្រៅពី​តង្វាយផ្សេងៗនៅក្នុង​សាលា​បុណ្យ​នៃ​វត្ត គេ​នាំគ្នា​រៀបចំ​តុបតែង​ធ្វើ ផ្កាបិណ្ឌ ដែលមាន​រាង​មូល​ស្រួច​ដូច​សាជី ។ នៅលើ​កំពូល​ផ្កាបិណ្ឌ គេ​ធ្វើ​រូប​ហង្ស​ទ្រ​ទៀន ដែល​គេ​អុជ​រាល់​យប់​នៅពេល​កាន់បិណ្ឌ ។ គេ​ថា ផ្កាបិណ្ឌ នេះ​ជា​តង្វាយ ចំពោះ ព្រះ​ចូឡាមណី​ចេ​តី​យ ។

មុន​ថ្ងៃ​ភ្ជុំបិណ្ឌ១ថ្ងៃ គឺ​ថ្ងៃ១៤រោច​នៅតាម​ផ្ទះនីមួយៗ គេ​និយម​ធ្វើ​នំអន្សម នំគម​សម្រាប់​យកទៅ​ប្រគេន​លោក ឧទ្ទិស​ដល់ អ្នក​ដែល​បាន​ស្លាប់​ទៅហើយ​ផង ចែកចាយ​ដល់​អ្នកជិតខាង ឬ​មិត្តភក្តិ​ផង ។ នៅពេល​យប់​នៃ​ថ្ងៃនោះ នៅឯ​វត្តមាន​ពិធី បង្សុកូល​ជូន​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទៅហើយ មានការ​សូត្រធម៌ និង​ការសម្តែង​ធម្មទេសនា​រហូតដល់​ភ្លឺ។ លុះ​ស្អែក​ឡើង ថ្ងៃ១៥រោច​ខែភទ្របទ ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​ភ្ជុំបិណ្ឌ ហើយ​ដែលជា​ថ្ងៃ​សំខាន់​ជាងគេ អ្នកស្រុក គ្រប់​ផ្ទះ​នាំគ្នា​ទៅ​ប្រជុំ​នៅ​វត្ត។ អ្នកខ្លះ​កាន់​បាយបិណ្ឌ បាយបិតបូរ ខ្លះ​កាន់​នំអន្សម នំគម​និង​នំចំណីផ្សេងៗ ខ្លះទៀត​កាន់ ចានស្រាក់​ដាក់​ចង្ហាន់​ទៅ​ប្រគេន ព្រះសង្ឃ ។

ក្រៅពី​ពិធី​ភ្ជុំបិណ្ឌ​ដែល​ធ្វើ​នៅ​វត្ត មាន​ពិធីសែនព្រេន​នៅតាម​ផ្ទះ​នៅវេលា​ព្រលប់​នៃ​ថ្ងៃ​បង្ហើយ​នោះដែរ។ នៅ​កណ្តាល ផ្ទះល្វែង គេ​ក្រាលកន្ទេល ដាក់​ខ្នើយ​នៅ​ក្បាល​កន្ទេល រួច​យក​សំពត់​សមក​ក្រាល​ពីលើ​ខ្នើយ​និង​កន្ទេល​នោះ។ ពេលនោះ គេ​រៀប​ថាស ម្ហូប​នំចំណី បាយបិណ្ឌ បាយបិតបូរ ផ្តិល​ទឹក ពានស្លា​ម្លូ ពានបារី។ គ្រួសារ​ទាំងអស់​មក​អង្គុយ​ជុំវិញ​រណ្តាប់ ទាំងនោះ ហើយ​មេ​គ្រួសារ​អុជ​ទៀនធូប​អញ្ជើញ​វិញ្ញាណក្ខន្ធ​ដូនតា​មក​ពិសា​ក្រ​យ៉ា​នេះ ហើយ​សុំ​ឲ្យ​ជួយ​ថែរក្សា​កូនចៅ នៅរស់ ឲ្យ​បាន​សុខ​សប្បាយ ផង ។ លុះ​ព្រឹក​ឡើង គេ​រៀប​ដាក់​នំចំណី​ក្នុង​កូន​ទូក​ធ្វើ​អំពី​ដើម​ចេក​ហើយ​បណ្តែត​លើទឹក ដើម្បី​ជូន​ដំណើរ​ដូនតា​ទៅវិញ ។

ខ. កំណត់សំគាល់

១. ហេតុអ្វី​បានជា​គេ​និយម​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ ក្នុង​រនោច​ខែភទ្របទ?

គម្ពីរ​នានា​ខាង​ពុទ្ធសាសនា​បានចែង​ថា មនុស្ស​ចិត្ត អាក្រក់ ដែល​បាន​ធ្វើអំពើ​បាបផ្សេងៗ លុះ​ស្លាប់ទៅ​តែង​ទៅ​កើត កំណើត​មួយ​ហៅថា ប្រេត ។

គម្ពីរ​មិ​លិ​ន្ទ​ប្បញ្ហា សំដែង​ថា ប្រេត មាន៤ពួក​គឺ៖

  • ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ខ្ទុះ​ឈាម
  • ប្រែ​ត​ដែល​ស្រេកឃ្លាន​អាហារ​ជានិច្ច
  • ប្រេត​ដែល​ភ្លើង​ឆេះ​ជានិច្ច
  • ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ឲ្យ ។

គឺ​ពួក​ប្រេត​ទី៤នេះហើយ​ដែល​គេ​តែង​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ ឧទ្ទិស​ផល ឬ​សែន​ឲ្យ គេ​និយម​រើស​ចំ​ថ្ងៃ​រនោច​ខែភទ្របទ ព្រោះ ពេល វេលា​នោះ ព្រះ​ចន្ទ​ពុំ​សូវ​មាន​ពន្លឺ ហើយ​ចេះតែ​ងងឹតទៅៗ ។ ឱកាស​នោះ​ហើយ​ដែល​យមរាជ​ដោះលែង ពួក​ប្រេត ទាំងនោះ ឲ្យ មក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស ចាំ​ទទួល​ភាគ​ផល ដែល​បងប្អូន​កូនចៅ​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ ព្រោះ​ប្រេត ខ្លាច​ពន្លឺ​ណាស់ ។

ប្រសិនបើ​ក្នុង​រយៈ១៥ ថ្ងៃ ពួក​ប្រេត​បាន​ដើររក​គ្រប់៧វត្ត ពុំ​ឃើញ​មាន​បងប្អូន​ណា ធ្វើបុណ្យ​បញ្ជូន កុសល​ទៅ​ឲ្យ​ទេ ពួក​ប្រេត​នោះ នឹង​អត់បាយ អត់​ទឹក​ស្រេកឃ្លាន រងទុក្ខវេទនា​ក្រៃលែង ហើយនឹង​ជេរ​ប្រទេចផ្តាសា​មក ញាតិ​កា​ទាំងឡាយ​ឲ្យ​ហិនហោច ទ្រព្យ សម្បត្តិ ព្រាត់ប្រាស់ ម្តាយ​ឪពុក ប្តី​ប្រពន្ធ កូនចៅ ញាតិ​ផៅ សណ្តាន​ជាដើម ។

២. ការបោះ​បាយបិណ្ឌ

គេ​និយម​ទៅ​បោះ​បាយបិណ្ឌ​នៅឯ​វត្ត​វេលា​ទៀបភ្លឺ ដោយ​គេ​ជឿថា ធ្វើបែបនេះ​ពួក​ប្រេត​ទទួល បាន​ដោយផ្ទាល់។ ព្រម​គ្នា​ជាមួយនឹង​ព្រះសង្ឃ​សូត្រធម៌ ពួក​ពុទ្ធបរិស័ទ​ទាំងអស់ កាន់​ចានបាយ​បិណ្ឌរៀងៗខ្លួន ដើរ​តម្រង់ ទៅ​ព្រះ វិហារ​ដើម្បី​ធ្វើ​ពិធី បោះ​បាយបិណ្ឌ ។ ពេល​ដើរ​ជុំវិញ​ព្រះវិហារ​នោះ គេ​ត្រូវ​ដុត​ធូប​ប្រាំ​សរសៃ ដាក់​នៅលើ​ចាន បាយបិណ្ឌ ។ ដើរ​បាន​មួយ​ជុំ អាចារ្យ​ប្រកាសថា អនុមោទនា​លើក​អើយ!! ។ ទាំងអស់គ្នា​ស្រែកថា៖ សាធុ!។ រួច​គេ​ចាប់ យក​បាយ១ដុំ​ដាក់​ទៅលើ​ដី ឬ​បោះ​ទៅ​ទី​ឆ្ងាយ ហើយ​ដោត​ធូប​មួយ​សរសៃ ឬ​ផ្កាផ្សេង១ទង​នៅ​លើដី​ដែរ។ គេ​ធ្វើបែបនេះ គម្រប់៣ដង ។

រីឯ​បាយបិណ្ឌ​និង​ធូប​នៅ​នៅសល់ គេ​នាំ​យកតាម​អាចារ្យ ដែល​អញ្ជើញ​ចេញទៅ​ក្រៅ​វត្ត ទៅកាន់​ទី​ដែល នៅ​ជិត​ខ្ទម​អ្នកតា ឬ​ក្រោម​ដើមឈើធំៗហើយ​អុជ​ធូប និង​ចាក់​បាយបិណ្ឌ​ទាំងអស់នោះ ទៅ​លើដី​ដើម្បី​ឲ្យ​ខ្មោច​ដែល​គ្មាន បងប្អូន ធ្វើបុណ្យ​បញ្ជូន​ឲ្យ ។ អាចារ្យ​ហាម​មិន​ឲ្យ​លាងចាន​និង​ដៃ​នៅ​ទីនោះ​ឡើយ ។ បន្ទាប់មក អាចារ្យ ធ្វើ​ពិធី​បង្សុកូល ច្រូច​ទឹក​លើ​នំចំណី និង​បាយបិណ្ឌ​ឲ្យ​ប្រែ​ត ទាំងនោះ​ដែល​មក​ចាំ​ទទួល​ដែរ តែ​គ្មាន​ញាតិសណ្តាន​ឧទ្ទិស​ឲ្យ។ ក្នុង​ពិធីបុណ្យ ភ្ជុំបិណ្ឌ ពុទ្ធបរិស័ទ​តែង​បាន​ស្តាប់​ព្រះសង្ឃ សូត្រ​បទ​បរា​បរាភវ​សូត្រ ។

ហេតុអ្វី​បានជា​ជនជាតិខ្មែរ មានការ​គោរពបូជា ចំពោះ​ពិធីបុណ្យ​មួយ​នេះ​ខ្លាំង​ម្លេះ?

ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​មួយ​ដែលមាន​សារសំខាន់ ទាំង​សម្រាប់​អ្នកស្លាប់ និង​ទាំង​អ្នក​ដែល​កំពុង​រស់នៅ៖

ក. សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ទៅហើយ (ប្រេត)

ជា​ឱកាស​នៃ​ការដោះលែង ព្រលឹង​ពី​ឋាន​យមរាជ (ឋាននរក) មក​ឋានកណ្តាល (ឋានមនុស្ស​លោក) ដើម្បី​មក ជួប​កូនចៅ​ទទួលផល​បុណ្យ ដែល​កូនចៅ​ឧទ្ទិស​ជូន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ។

ជា​ថ្ងៃ​ដែល​កូនចៅ​មក​រំឭក​ឈ្មោះ ដឹងគុណ​នៃ​អ្នក​ដែល​បាន​ស្លាប់ទៅ​នៅឯ​វត្ត ។

ជា​ថ្ងៃ​នៃ​ការសុំ​អភ័យ​អ្នកស្លាប់ ឬ​ការ​ឲ្យ​អភ័យ​ពី​អ្នក​ដែល​កំពុង​នៅរស់ ចំពោះ​អ្នក​ដែល​បាន​ស្លាប់ទៅ ។

ជា​ថ្ងៃ​នៃ​ការទទួលបាន​ការអនុគ្រោះ ស្រោចស្រង់​ពី​ព្រះពុទ្ធសាសនា ។

ខ. សម្រាប់​អ្នក​ដែល​នៅរស់

សំរាប់​ព្រះសង្ឃ៖

ជា​រដូវ​កាល​នៃ​ការសម្តែង​ធម្មទេសនា អំពី​ធម៌​វិនាស​ទាំងឡាយ ឲ្យ​ដល់​ពុទ្ធបរិស័ទ​លោក​បាន​ជ្រាប និង​បាន ជៀសវាង​ផង។

ជា​ឱកាស​នៃ​ការបញ្ចេញ​សមត្ថភាព ខាង​ធម៌​វិន័យ​ដ៏​ល្អ​ផូរផង់​របស់​ពុទ្ធសាសនា ឲ្យ​មហាជន​លោក​បានឃើញ។

ជា​ឱកាស​នៃ​ការទទួល​ចង្ហាន់ ដោយ​ពី​ពុទ្ធបរិស័ទ ដោយ​មិនចាំបាច់​ចេញទៅ​បិណ្ឌបាត​ខាងក្រៅ​វត្ត ។

ជា​ពេលវេលា​ដែល​ព្រះសង្ឃ​លោក​បានទទួល​បច្ច័យ​នានា សម្រាប់​កសាង​វត្ត​អារាម ឲ្យ​កាន់តែ​មានការ​រីកចម្រើន ឡើង ។

ជា​ឱកាស​ដែល​ព្រះសង្ឃ​លោ​កប​សូត្រធម៌ សម្តែង​ព្រះធម៌​ដើម្បី​រំដោះ​ប្រេត​ចេញពី​ភព​អ​វចី ។

ជា​ឱកាស​នៃ​ការបង្ហាញ​ពី​សាមគ្គីភាព នៃ​អ្នក​កាន់​ព្រះពុទ្ធសាសនា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ពុទ្ធបរិស័ទ​និង​មហាជន​នានា៖

ជា​ពេលវេលា​ដែល​បង្ហាញ​ឲ្យ​ឃើញ ពី​ទឹកចិត្ត​សប្បុរស សណ្តាន​ចិត្ត​ទូលាយ​របស់​ជនជាតិខ្មែ​រ​ពោលគឺ ធ្វើបុណ្យ ចំពោះ​មនុស្ស​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាកា ពូជសាសន៍ សាសនា នយោបាយ ឬ​វណ្ណៈ​អ្នកមាន​អ្នកក្រ និង​សូម្បី អ្នក​នៅរស់ ឬ​អ្នកស្លាប់​ឡើយ ។

ជា​ឱកាស​នៃ​ការ​សង្រួមកាយ វាចារ ចិត្ត​ឲ្យ​បាន​ជ្រះថ្លា​ក្នុង​ធម៌​ព្រះពុទ្ធសាសនា តាមរយៈ​ការធ្វើ​បុណ្យ ដាក់​បាត ដល់​ព្រះសង្ឃ ការចែក​ទាន​មាន​អាហារ​ជាដើម​ជូន​ដល់​អ្នកក្រ កម្សត់​ទុគ៌ត ការធ្វើជា​អំណោយទាន ដល់​បុព្វការី​ជន ដែល​កំពុង​នៅរស់ ។

ជា​ពេលវេលា​នៃ​ការសុំ​ខ​មាល​ទោស ពី​បុព្វការី​ជន​ទាំងឡាយ​ដែល​បាន​ស្លាប់ទៅ ។

ជា​ឱកាស​នៃ​ការធ្វើ​បុណ្យ ដើម្បី​រំដោះ​ជន​ជាទី​ស្រលាញ់ ដែល​បាន​ស្លាប់ទៅ​ចេញពី​ឋាន​យមរាជ (ឋាននរក) ឲ្យ​មាន​សេរីភាព បាន​ទៅ​កើត​ក្នុង​សុគតិភព​វិញ ។

ជា​ពេលវេលា​នៃ​ការរួបរួម​សាមគ្គីភាព​គ្នា នៃ​បងប្អូន​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្តាន និង​អ្នកស្រុក​ពុទ្ធបរិស័ទ​ជាដើម ។

ពិធី​បណ្តែតប្រទីប​សម្រាប់​ដូនតា​ដែល​បាន​មរណៈកាល​ទៅ៖ តាំងពី​បុរាណកាល​មក​រហូតដល់​ស​ព្វ​ថ្ងៃ មាន​ប្រជាជន ក្នុងភូមិ​ស្រុក​មួយ ដែល​នៅ​ប្រកាន់ខ្ជាប់​ពិធីសែនព្រេន នៅតាម​ផ្ទះ​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ ភូមិ​ស្រុក​នោះ​មាន​ឈ្មោះថា ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ខេត្តកំពុងឆ្នាំង ។ របៀប​នៃ​ការធ្វើ​ពិធី​នេះ​មាន​ដូចតទៅ៖ នៅពេល​រសៀល​នៃ​ថ្ងៃបុណ្យ​ភ្ជុំ អ្នក​ស្រុ ក​គ្រប់​ផ្ទះ​តែង​រៀបចំ តុបតែង​លម្អ​ទូកតូចៗដែល​គេ​ច្នៃ​ពី ដើម​គរ ដើម​ស្នោ ស្រទបចេក ដើម​ចេក​ឬ​ដើម​កំប្លោក​មួយ​ឬ​ពីរ យ៉ាង​ស្អាតបាត ។ បន្ទាប់មក​គេ​ក៏មាន​រៀបចំ ច្រក​ភោគផល សម្លៀកបំពាក់​និង​ម្ហូបអាហារ មាន ស្រូវ អង្ករ ល្ងរ សណ្តែក ប៊ីចេង ម្រេច ខ្ទឹម អំបិល ត្រីងៀត ត្រីឆ្អើរ ស នំគម នំអន្សម នំ​ចក្ក​ច័ន ម្លូរ ស្លា បារី កំបោ ជា​កញ្ចប់តូចៗសមល្មម ដែល​ទូក តូចៗទាំងនោះ អាច​ចំណុះ​បាន (បរិមាណ​ជា​និមិត្តរូប នៃ​ស្បៀងអាហារ និង​ភោគផល​ខ្មែរ) ។ ឯលើ​ទូក​ទៀតសោត គេ​មាន​តុបតែង​លម្អ​ដោយ​ភ្លើងពណ៌ ទៀន ធូប ចង្កៀង ផ្កា​ធ្វើ​ពី​ក្រដាស​ឬ​ក្រណាត់​ចម្រុះ​ពណ៌ ។

ក្រោយពី​គេ​រៀបចំ​ទូក បាន​ស្អាត​រួចរាល់​ហើយ គេ​ក៏​យក​ទូក​និង​របស់របរ​ទាំងនោះ ទៅ​ដា​ក់នៅ​កណ្តាល​ផ្ទះល្វែង ដោយ មាន​ក្រាលកន្ទេល ដាក់​ខ្នើយ​នៅ​ក្បាល​កន្ទេល រួច​យក​សំពត់​សមក​ក្រាល​ពីលើ​ខ្នើយ និង​កន្ទេល​នោះ ។ ពេលនោះ គេ​រៀប​ថាស ម្ហូប​នំចំណី បាយបិណ្ឌ បាយបិតបូរ ផ្តិល​ទឹក ពានស្លា​ម្លូ ពានបារី ។ គ្រួសារ​ទាំងអស់ មក​អង្គុយ​ជុំវិញ​រណ្តាប់ ទាំងនោះ ហើយ​មេ​គ្រួសារ​អុជ​ទៀនធូប អញ្ជើញ​វិញ្ញាណក្ខន្ធ​ដូនតា មក​ពិសា​ក្រ​យ៉ា​នេះ ហើយ​សុំ​ឲ្យ​ជួយ​ថែរក្សា កូនចៅ នៅរស់ ឲ្យ​បាន​សុខ​សប្បាយ ផង ។ លុះ​ព្រឹក​ឡើង គេ​រៀប​ដាក់​នំចំណី ក្នុង​កូន​ទូក​ធ្វើ​អំពី​ដើម​ចេក ហើយ​បណ្តែត​លើទឹក ដើម្បី​ជូន​ដំណើរ​ដូនតា​ទៅវិញ ។ មុននឹង​ទៅដល់​កំពង់ទឹក ក្នុង​វេលា​ម៉ោង ៣ទៀបភ្លឺ អ្នក​ស្រុកភូមិ​ទាំងអស់ បាននាំគ្នា ក្រោក​ឡើង ប្រកូក​ប្រកាស​គ្នីគ្នា ដើម្បី​យក​ទូក​ដូនតា​ទៅ​ប្រជុំគ្នា​នៅ​កណ្តាល​ភូមិ បន្ទាប់មក​ម៉ោង​ប្រហែល ៤ភ្លឺ​នៃ​យប់​ថ្ងៃ ភ្ជុំបិណ្ឌ គេ​ក៏​នាំគ្នា​ដង្ហែ​ទូក​ទាំងនោះ យកទៅ​បន្តែត​នៅ​មាត់ទន្លេ ។ ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​សប្បាយ​បំផុត សម្រាប់​អ្នកស្រុក ភូមិ​នេះ ។

ការសូត្រ​ធម៌​បរាភវ​សូត្រ៖ ជា​រៀងរាល់​យប់ ពេល​ទៀបភ្លឺ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ នៅ​គ្រប់​វត្ត​អារាម​នានា ទូទាំង​ព្រះរាជាណាចក្រ កម្ពុជា គេ​តែង​ឮ​សម្លេង​សូត្រធម៌​បរាភវ​សូត្រ​ជានិច្ច ដែល​ធម៌​ទាំងនេះ គឺជា​ការ​រំឭក​ដាស់តឿន​ដល់​ពុទ្ធបរិស័ទ​ទាំងឡាយ ឲ្យ​ខិតខំ​វៀរចាក​អបាយមុខ​ទាំងពួង រួមមាន ស្រី ស្រា ល្បែង ភាព​ខ្ជិលច្រអូស​ធ្វើការ​និង​រៀនសូត្រ ការសេព​គប់​អសប្បុរស ការប្រកាន់​ធម៌​អគតិ​ជាដើម ។ បុគ្គល​ដែល​ឈ្លាសវៃ​តែង​ត្រងត្រាប់​ស្តាប់ធម៌​នេះ​ដោយ​យកចិត្តទុកដាក់​ជាទីបំផុត។ ព្រោះ បើ​បុគ្គល​ណា​ដែល​បាន​យល់ និង​ត្រាប់​តាម​ការហាមឃាត់ នៃ​ធម៌​នេះហើយ បុគ្គល​នោះ​តែងតែ​ជួប​នូវ​សេចក្តីសុខ​ចម្រើន ជានិច្ច ។

ការសម្តែង​ធម្មទេសនា៖ ធម៌​ទេសនា​របស់​ព្រះពុទ្ធសាសនា ជា​ធម៌​ដែល​នាំ​ឲ្យ​មនុស្ស​គ្រប់រូប បាន​ឈានដល់​សេចក្តី ថ្កុំថ្កើង ចម្រើន​រុងរឿង​ក្នុង​ជីវិត មិន​ថា​ជាតិ​នេះ​និង​ជាតិ​ក្រោយ ។ អាស្រ័យ​ហេតុនេះហើយ បានជា​ព្រះសង្ឃ​លោក​មាន តួនាទី ជា​អ្នក​អប់រំ រំ​ឮ​ក​ដាស់តឿន​ពុទ្ធបរិស័ទ​ជានិច្ច តាមរយៈ​ការសម្តែង​ធម្មទេសនា។ ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ដោយ​ពុទ្ធបរិស័ទ ខ្មែរ ភាគច្រើន មាន​ពេលទំនេរ​ពី​ការងារ​ស្រែចម្ការ ទើបបានជា​ពួកលោក​មានឱកាស នឹង​បាន​ស្តាប់​ធម្មទេសនា ស្ទើរតែ រៀងរាល់ថ្ងៃ នៃ​ពិធីបុណ្យ​ដ៏​សំខាន់​មួយ​នេះ ។ យុវជន កុមារា កុមារី និង ពុទ្ធបរិស័ទ​ទាំងឡាយ គួរតែ​ត្រងត្រាប់​ស្តាប់ ព្រះធម៌​ទាំងអស់នេះ ឲ្យ​បាន​ច្រើន​សម្រាប់​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​ផង និង​ដល់​ប្រទេសជាតិ​ផង ។

ប្រពៃណី​លេង​កម្សាន្តផ្សេងៗក្នុង​រដូវ​ភ្ជុំបិណ្ឌ៖ ក្រៅពី​ការធ្វើ​បុណ្យទាន ភ្ជុំបិណ្ឌ​បានក្លាយ​ទៅជា​ពេលវេលា នៃ​ក​ម្លោះ ក្រមុំ ញាតិមិត្ត​ទាំងឡាយ បាន​ជួបជុំគ្នា​សប្បាយរីករាយ តាមរយៈ ការ​រាំ​កម្សាន្ត​តាមបែប​ប្រជាប្រិយ​ខ្មែរ ការប្រណាំង​គោ ក្របី សេះ ការបោក​ចម្បាប់ ការហូបចុក​ជុំគ្នា​ជាដើម ។ រដូវ​ភ្ជុំបិណ្ឌ​អាចនិយាយបាន​ម្យ៉ាង​ទៀតថា ជា​ពេលវេលា​នៃ ការផ្សព្វផ្សាយ​សម្លៀកបំពាក់ ម្ហូបអាហារ​និង​នំចំណី​បែប​ប្រពៃណី​ខ្មែរ​ទៀតផង ។

ចំណីអាហារ​ដែល​គេ​និយម​ធ្វើ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ៖ ក្រៅពី​បាយ​សម្ល ដូចជា បា​យស បាយបិណ្ឌ សម្លកកូរ សម្ល​សម្លក់ សម្លប្រហើរ សម្ល​ឆា ប្រហុក​ខ្ទិះ ទឹកគ្រឿង ត្រីងៀត ត្រីអាំង ត្រីឆ្អើរ ខ្មែរ​នៅមាន​រៀបចំ​នំចំណី​និង​ផ្លែឈើ​ជាច្រើន​ទៀត ដូចជា នំអន្សម នំគម នំអាកោ នំកង នំក្រូច នំពងអន្សង នំ​កំពង នំ​ផ្លែ​ថ្នឹង នំ​លោក​ខែ ចេក មៀន ក្រូច…។

កិច្ច​ការដែល​គួរ​ធ្វើ​សម្រាប់​ពុទ្ធបរិស័ទ៖ ដើម្បី​ឲ្យ​ព្រះពុទ្ធសាសនា​កាន់តែ​ចម្រើន​រុងរឿង ពុទ្ធបរិស័ទ​ទាំងឡាយ គួរតែ​ប្រតិបត្តិ ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​បទ​បញ្ញា​តិ​នានា របស់​ព្រះ​ពុទ្ធអង្គ​ដែល​លោក​បានចែង ។ លោកអ្នក​គួរតែ​ជម្រះ ឲ្យ​បាន​ស្អាត នូវ​ក្តី​មន្ទិលសង្ស័យ​ទាំងឡាយ​ចេញពី​ក្នុង​ខ្លួន​លោកអ្នក ។ របៀបរបប​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដ៏​ថ្លៃថ្នូរ ទាំងឡាយ​របស់​ខ្មែរ យើង​គួរតែ​រក្សាទុក​ឲ្យ​បានល្អ និង​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​បន្ថែមទៀត ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ជាង​នេះ។

រឿងរ៉ាវ​ដែល​ទាក់ទង​នឹង​ពិធី​ភ្ជុំបិណ្ឌ៖

ល្ខោននិយាយ រឿង​ទឹក​ស្ងួត​កន្ទួត​មួយ​ដើម៖ កាលពី​ទសវត្សរ៍ ឆ្នាំ៨០ និង៩០ វិទ្យុជាតិ​កម្ពុជា​តែងតែបាន​ចាក់ផ្សាយ មិនដែល​អាក់ខាន​ម្តងណា​ឡើយ អំពី​រឿងរ៉ាវ​ដែល​ទាក់ទង​នឹង​បុព្វហេតុ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដ៏​សំខាន់​មួយ​នេះ រឿង​មួយ​នោះ គឺ រឿង​ទឹក​ស្ងួត​កន្ទួត​មួយ​ដើម ។ រឿង​មួយ​នេះ បានទទួល​ការពេញនិយម​ជាច្រើន ពី​សំណាក់​មិត្ត អ្នក​ស្តាប់ ។ សង្ឃឹមថា វិទ្យុជាតិ​កម្ពុជា​នឹង​បង្កើត ឲ្យ​មាន​កម្មវិធី​នេះ​ឡើងវិញ នា​ថ្ងៃ​ណាមួយ​មិន​ខាន ។

កំណាព្យ ទំនួញ​ប្រេត ស្មូត្រ​ដោយ លោក គុជ សុខា៖ នៅក្នុង​សតវត្សរ៍​ទី ២១នេះ ខ្មែរ​មាន​អ្នករក្សា​ទំនៀមទម្លាប់ និង​ជា​អ្នក​ស្មូត្រ​កំណាព្យ​ខ្មែរ​ដ៏​ល្បី​ម្នាក់​នោះ​គឺ លោក គុជ សុខា ជាពិសេស​កំណាព្យ​បទ ទំនួញ​ប្រែ​ត ។ រាល់​រដូវ បុណ្យ​ភ្ជុំម្តងៗ គេ​តែង​ស្តាប់ឮ​ជានិច្ច​នៅ​ស្ទើរ​គ្រប់​ផ្ទះ គ្រប់​វត្ត​អារាម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នូវ កំណាព្យ​ទំនួញ ប្រែ​ត​របស់លោក ។ វា​ជាការ​រំឭក​ដាស់តឿន ដល់​អ្នកជំនាន់ក្រោយ​ទាំងឡាយ ឲ្យ​វៀរចាក​នូវ​ធម៌​វិនាស​ទាំងឡាយ និង​ប្រាប់​កូនចៅ​ឲ្យ​ចេះ​ដឹងគុណ​ឪពុកម្តាយ​ដែល​នៅរស់ និង ត្រូវ​ចេះ​ធ្វើបុណ្យ​កុសល​ឧទ្ទិស ជូន​ដល់​អ្នក​ដែល បាន​ស្លាប់ ឲ្យ​បាន​រួច​ផុតពី​កម្ម​ពៀរ​វេរា ។ កំណាព្យ​នេះ ក៏​ជាការ​ប្រាប់​ឲ្យ​ដឹងផង​ដែរ ពី​ទុក​វេទនា​របស់​ប្រេត នៅ​ឋាន យមរាជ ។

សរុបសេចក្តី​មក បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​ដ៏​សំខាន់​ផុត​មួយ​របស់​ខ្មែរ ដែលមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ បានបង្ហាញ នូវ​អត្តសញ្ញាណ របស់​ជាតិខ្មែរ​តាំងតែ​ពី​បុរាណកាល​មក ។ ដើម្បី​ឲ្យ​ពិធីបុណ្យ​មួយ​នេះ នៅតែមាន​ប្រជាប្រិយភាព យូរអង្វែង​ទៅមុខទៀត​នោះ ពុទ្ធបរ​ស័​ទ​រួមទាំង​ប្រជាជន​ខ្មែរ​ទាំងមូល​គួរតែ​ធ្វើអ្វីៗ កុំ​ឲ្យ​ឃ្លាត​ឆាក​ពី​ប្រពៃណី​ខ្មែរ កុំ​ឲ្យ ឃ្លាត​ចាក​ពី​ក្រមសីលធម៌ គុណធម៌ សុជីវធម៌ សុភាវធម៌​និង​មនុស្សធម៌។

ព្រះសង្ឃ​ទាំងឡាយ គួរ​ប្រតិបត្តិ​ធម៌​វិន័យ ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ពុទ្ធប​ញ្ញាតិ។ អ្នកមាន​ធនធាន​ទាំងឡាយ គួរតែ​ចូលរួម​ក្នុងការ​បរិច្ចាគ​ទាន​ដល់​ជនក្រីក្រ អ្នក​កម្រ​ត់ ទុគ៌ត អ្នក​ល្ងិតល្ងង់​ដែល​គ្នា​កំពុងមាន​ជីវិត​រស់នៅ។ មហាជន​ទូទៅ​គួរតែ​ប្រកាន់​នូវ អាកប្បកិរិយា ស្លូតបូត សុភាព រាបសារ​ចំពោះ​អ្នកដទៃ។ យុវវ័យ គួរ​លះបង់​ចេញ​ឲ្យ​អស់​នូវ​សេចក្តី​ខ្ជិលច្រអូស អំពើ​ហឹ​ង្សា ការ​សេពគប់​មិនល្អ​ដែល ទាំងនេះ​ជា​ឫសគល់​នៃ​ការ​សេចក្តី​វិនាស​ទាំងពួង។

សម្រាប់​ការ​ស្លៀកពាក់ ការតុបតែង ក៏ដូចជា​កា​រៀបចំ​ម្ហូបអាហារ ទៅ​វត្ត គួរតែរៀបចំ​បង្ហាញ​ឲ្យ​បានឃើញ ពី​អត្តសញ្ញាណ​ខ្មែរ​ជាដើម។ គ្រប់គ្នា គួរតែ​មានធម៌​មេត្តា​នៅក្នុង​ខ្លួន​ឲ្យ​បាន​ច្រើន។ បើ​ទោះ​ខ្លួន​ជា​អ្នកក្រ​ឬ​មាន​ក៏ដោយ គឺ​គួរតែ​ខិតខំ​សង្រួមកាយ វាចារ ចិត្ត រៀបចំ​ការប្រព្រឹត្ត​រប​ស់​ខ្លួន​ឲ្យ​បាន​សមសួន​ថ្លៃថ្នូរ និង​គួរ​ចេះ​ចែករំលែក​ធនធាន ក្តី​ស្រលាញ់​តាម​លទ្ធភាពរៀងៗខ្លួន។ សម្រាប់​អ្នក​ក្របើ​ទោះណាជា​ខ្លួន ពុំមាន​ទ្រព្យសម្បត្តិ ក៏ដោយ ឲ្យ​តែ​ការប្រព្រឹត្តិ​របស់ខ្លួន​បានល្អ ក៏​គង់​នឹងមាន​តម្លៃ​ដូចជា​អ្នកមាន​ទ្រព្យ​ដូច្នោះ​ដែ។ ធម៌​ក​ត្ត​ញ្ញូ​រ ការតស៊ូ​ព្យាយាម ក្នុង​ជីវិត ការចែករំលែក​ចំណេះដឹង​ក៏​ជា​ទាន​ដ៏​ប្រសើរ​មួយ​ដែរ៕

Advertisement