អតីតតួអង្គ James Bond 007 ម្នាក់ទទួលមរណភាពហើយ

ជាព័ត៌មានដ៏គួរឱ្យសោកសៅមួយរបស់ស្ថាប័នភាពយន្តហូលីវូដ។ តាមរយៈគេហទំព័រសារព័ត៌មានកម្សាន្តបរទេសបានរាយការណ៍ថា លោក Roger Moore ដែលធ្លាប់សម្តែងជាតួអង្គភ្នាក់ងារសម្ងាត់អង់គ្លេស “ James Bond 007“ បានទទួលមរណភាពហើយក្នុងអាយុ ៨៩ ឆ្នាំ ។

ព័ត៌មាននេះត្រូវបានទទួលការអះអាងជាផ្លូវការអំពីរបស់កូនៗរបស់លោក “Roger Moore“ ដែលបានរួមគ្នាចេញមកថ្លែងការណ៍អះអាងអំពីព័ត៌មានដ៏គួរឱ្យសោកសៅមួយនេះ និងបានបញ្ជាក់ថា លោក “Roger Moore “ បានទទួលមរណភាពនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងប្រទេស ស្វ៊ីស អំឡុងពេលលោកទៅសម្រាកព្យាបាលជំងឺមហារីកនៅទីនោះ។

គួរបញ្ជាក់ផងដែរថា លោក “Roger Moore “ បានសម្តែងខ្សែភាពយន្តតាំងពីឆ្នាំ ១៩៤៥មក ហើយលោកត្រូវបានទស្សនិកជនចងចាំ និងតាមដានស្នាដៃរបស់លោករហូតមកតាមរយៈរឿង “ James Bond 007 “ ដែលគាត់បានសម្ដែងទាំងអស់ ៧ វគ្គក្នុងអំឡុងឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៨៥ ៕

Advertisement