ប៊ុត សីហា នៅតែប្រឹងប្រែងក្នុងវិថីសិល្បៈ បើទោះជាមិនសូវមានទីផ្សារច្រៀងដូចគេ

លោក ប៊ុត សីហា មួយរយៈមកនេះហាក់ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនច្រើនគួរសមឡើងវិញ បន្ទាប់ពីតារាចម្រៀងប្រុសរូបនេះបានកែប្រែកំហុសរបស់ខ្លួនវិញ ក្រោយជួបរឿងអាស្រូវពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន។ ជាមួយគ្នានេះ បើទោះបីជាពេលកន្លងទៅ លោកធ្លាប់បានធ្វើឱ្យទស្សនិកជនខកចិត្តក៏ដោយ ប៉ុន្តែអ្វីដែលល្អ គឺលោកចេះដឹងខ្លួន កែប្រែកំហុស សាងកេរ្តិ៍ឈ្មោះឡើងវិញ ដែលជាកត្តាមួយធ្វើឱ្យលោកមានអ្នកគាំទ្រជាថ្មីម្តងទៀត ខណៈក្រៅពីបង្ហើរសំនៀងហើយនោះ គេក៏ឃើញវត្តមានរបស់លោកចូលរួមក្នុងកិច្ចការសង្គមសប្បុរសធម៌មួយចំនួនផងដែរ។

រឿងអាស្រូវចាស់ត្រូវបានបញ្ចប់ បច្ចុប្បន្ននេះលោកកំពុងព្យាយាមចូលរួមធ្វើសកម្មភាពសប្បុរសធម៌ជាមួយនឹងកុមារ និងក្មេងៗ ខ្វះខាតជាច្រើននៅតំបន់ដាច់ស្រយាលជាមួយអង្គការ IKARE។ ជាក់ស្តែងកាលពីថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានភាពស្និទ្ធស្នាលជាមួយតារាចម្រៀងអតីតម្ចាស់ពាន The Voice Cambodia រូបនេះបានបង្ហោះវីដេអូមួយ និងបានរៀបរាប់ថា «ថតរូប និងបញ្ជូល MV បទ “កូនខុសហើយម៉ែ” និងថតបទថ្មី 3បទ ចេញថ្ងៃសៅរ៍នេះហើយ បទរបស់សីហា បទថ្មីរបស់គាត់ រង់ចាំទាំងអស់គ្នាណា»។ មើលតាមវីដេអូនេះ លោកប៊ុតសីហា បានខំប្រឹងប្រែងខ្លាំងណាស់ បើទោះជាការច្រៀងនេះមិនដូចជាច្រៀងនៅផលិតកម្មធំៗដូចពេលមុនក្តី ប៉ុន្តែយើងសង្កេតឃើញថា ទឹកមុខរបស់លោកប៊ុតសីហា ពោរពេញដោយភាពរីករាយយ៉ាងខ្លាំង។

គួរជម្រាបថា ប៊ុត សីហា តាមរយៈការបង្ហើរសំនៀងនេះ ទស្សនិកជនបានសង្កេតឃើញថា ទោះខកខានឡើងឆាកចម្រៀងធំៗជាយូរមកហើយក្តី តែទឹកដមសំឡេង និងការដាក់អារម្មណ៍របស់លោកត្រូវមហាជន ពិសេសអ្នកគាំទ្រជាច្រើននៅតែសរសើរមិនដាច់ពីមាត់ថា លោកធ្វើបានល្អ ហើយពួកគេសន្យាថា នឹងធ្វើជាអ្នកគាំទ្រលោកជារៀងរហូត ប្រសិនបើតារារូបនេះ ធ្វើខ្លួនជាមនុស្សល្អក្នុងសង្គម មិនបកក្រោយទៅប្រព្រឹត្តអំពើពាក់ព័ន្ធនឹងគ្រឿងញៀនទៀតនោះ៕

Advertisement