តារាសម្តែង អេឡិច ហ្សូរ៉ា អំពាវនាវឱ្យតារាល្បីៗនៅក្នុងប្រទេសកម្ពុជា ចូលរួមជួយចែករំលែកអំពីល្ខោនខោលខ្មែរ

ការ​សើ្នសុំ​ដាក់​បញ្ចូល​ ល្ខោន​ខូនថៃ ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌​របស់​អង្គការ ​យូណេស្កូ​របស់ប្រទេសថៃ បាន​បង្ក​ជា​កំហឹង​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជាជា​ច្រើន​ដែល​បាន​អះ​អាង​ថា ល្ខោន​ពាក់​របាំង​មុខ​នេះ​ជា​សម្បត្តិ​វប្បធម៌​​របស់​​ជន​ជាតិ​ខ្មែរ។

បើតាមការចេញផ្សាយរបស់សារព័ត៌មានថៃកន្លងមកបានឱ្យដឹងថា ​ប្រទេស​ថៃ​បាន​ស្នើ​សុំ​ដាក់​បញ្ចូល​ល្ខោន​ខូន​ទៅ​ក្នុងបញ្ជី​​បេតិកភណ្ឌ​វប្បធម៌​អរូបិ ដោយ​មាន​គោលបំណង​ថែរក្សា​នូវ​ការ​ហាត់ ឧបករណ៍​ភ្លេង និង​ជំនាញ​វប្បធម៌​​ប្រពៃណី។

ដោយឡែក កាលពីថ្ងៃម្សិលនេះ គេមើលឃើញអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងធ្វីតធើរនៅកម្ពុជាបានបង្ហោះពីសកម្មភាពស្នើសុំឱ្យខាងអង្គការ ​យូណេស្កូ ពិចារណាចំពោះល្ខោនខោល ដោយមានបង្ហោះរូបល្ខោនខោលជាច្រើនសន្លឹកពាសពេញបណ្ដាញសង្គម។ ព្រោះតែទឹកចិត្តភ័យខ្លាច និងព្រួយបារម្ភនេះហើយ ទើបយើងសង្កេតឃើញថា មានការផុសផុលខ្លាំង ពីការចែករំលែកល្ខោនខោលខ្មែរយ៉ាងច្រើន មិនថាក្នុង ឬក្រៅប្រទេស សិស្សសាលា មន្រ្តីរាជការ ឬសិល្បករនោះទេ។

យ៉ាងណាមិញ ថ្មីៗនេះតារាសម្តែងកម្ពុជា លោក អេឡិច ហ្សូរ៉ា បានអំពាវនាវនៅលើបណ្តាញសង្គមរបស់លោក សុំឱ្យតារាល្បីៗនៅក្នុងប្រទេសកម្ពុជា ចូលរួមជួយចែករំលែក អំពីល្ខោនខោលខ្មែរឱ្យបានច្រើន ដើម្បីចូលរួមផ្សព្វផ្សាយដល់ពិភពលោក និងបណ្តាប្រទេសផ្សេងៗ ពិសេស គឺអង្គការយូណេស្តូឱ្យទទួលស្គាល់ និងកាត់សេចក្តីថា ល្ខោនខោល ពិតជារបស់ខ្មែរ។ នៅលើបណ្តាញសង្គមរបស់ខ្លួន អេឡិច ហ្សូរ៉ា បានរៀបរាប់យ៉ាងដូច្នេះថា «សូមកំពូលតារាល្បីៗ ប្រចាំប្រទេសកម្ពុជា និងបងប្អូនប្រជាពលរដ្ឋខ្មែរ មេត្តាចូលរួមចែករំលែកល្ខោនខោលខ្មែរ ឱ្យបានច្រើនៗផង ព្រោះជិតដល់ថ្ងៃដែល យូណេស្កូ សម្រេចលទ្ធផលហើយ។ សម្រាប់អ្នកមាន Acc Twitter ក្រែង UNESCO គាត់បានឃើញ ព្រោះពួកយើងធ្វើអីអត់កើតក្រៅពី Share នោះទេ»។

តារាសម្តែង អេឡិច ហ្សូរ៉ា បានបន្តថា “ជិតដាច់ឆ្នាំ ជិតដល់ពេលដែល UNESCO សម្រេចថា ល្ខោនខោលជារបស់ប្រទេសខ្មែរ ឬថៃហើយ តើកូនខ្មែរអាចរួមគ្នាលើកស្ទួយល្ខោនខោលខ្មែរ ឱ្យល្បីរន្ទឺជាសកលលោកបានដែរឬទេ? សូមមេត្តាចូលរួមទាំងអស់គ្នា ដើម្បីបុព្វហេតុជាតិយើង ការគាំទ្ររបស់អស់លោកអ្នក ចំពោះល្ខោនកេរដូនតាខ្មែរមួយនេះ គឺជាការឱ្យតម្លៃដូនតាខ្មែរយើងយ៉ាងធំធេង!”៕

Advertisement