លី ឌីណា ត្រូវវិញ្ញាណចូលសណ្ឋិត ពេលគ្រងឈុតព្រះនាងឥន្ទ្រទេវី

តារាសម្តែងទើបឡើងកូដ កញ្ញា លី ឌីណា ឬឈ្មោះហៅលេងថា ម៉ែគ្រូ ហាក់មានអារម្មណ៍ចម្លែកក្នុងចិត្តរាល់ពេលដែលនាងបន់ស្រន់នៅទីអារាមណាមួយ គឺរមែងមានគ្រូចូលមែនទែន ធ្វើឱ្យអ្នកជុំវិញខ្លួននាំគ្នាស្រឡាំងកាំងតែម្ដង។ ភាពចម្លែកនេះមិនដឹងថា តើថ្ងៃក្រោយនាងនឹងក្លាយជាគ្រូស្នងរូបដ៏ល្បី ឬយ៉ាងណាឡើយ ហើយបើពិតជាដូច្នោះមែន ច្បាស់ជាមានកម្លោះៗរត់ទៅរកគ្រូស្នងរូបម្នាក់នេះមិនខាន បើស្អាតបែបនេះ។

ជាក់ស្ដែងថ្មីៗនេះ នាងបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលសាជាថ្មី ជាពិសេសអ្នកដឹកនាំសម្តែង និងអ្នករួមអាជីព ខណៈកំពុងតែសម្តែងដោយគ្រងឈុតព្រះនាងឥន្ទ្រទេវី នាងត្រូវវិញ្ញាណចូលសណ្ឋិតជាថ្មី ដែលលើកនេះមិនមែនជាលើកដំបូងទេ សម្រាប់តារាស្រីកញ្ញា លី ឌីណា។

តាមរយៈវីដេអូដែលត្រូវបានគេបង្ហោះនៅក្នុងគណនីហ្វេសប៊ុកឈ្មោះ «បរមរាជ ចតុឋាន» បានសរសេរសារយ៉ាងដូច្នេះថា «បារមី វិញ្ញាណ គ្រង..! កំពុងតែសម្តែង ហើយគ្រងឈុតព្រះនាងឥន្ទ្រទេវី ស្រាប់តែវិញ្ញាណចូលសណ្ឋិត កញ្ញា លី ឌីណា ជាក់ស្ដែង កញ្ញា ភីយ៉ា បានអះអាងថា គ្រាន់តែនាងគ្រងឈុតព្រះនាងឥន្ទ្រទេវីហើយភ្លាម រូបនាងចេះតែមានអ្វីម្យ៉ាង មកបញ្ជារាងកាយនាងឱ្យធ្វើសកម្មភាពប្លែកៗ និងឱ្យរាំជាច្រើនលើកមកហើយ ប៉ុន្តែបណ្ដាលមកពីនាងចេះតែបន់ និងចេះតែប្រឹងទប់អារម្មណ៍ ទើបអាការនោះ មិនធ្វើឱ្យឆោឡោក្នុងពេលដំបូងៗ»។

«យ៉ាងណាមិញ នៅពេលដែលនាងរៀបចូលថត ហើយកំពុងសេរ៉េជាយសំពត់ ស្រាប់តែវិញ្ញាណចម្លែកធ្វើឱ្យនាងបង្វិលខ្លួន រាំរែកទាល់តែបាន ដោយនាងមិនអាចបញ្ជារាងកាយរបស់ខ្លួនបានឡើយ។ នាងត្រូវគេឃើញបង្ហាញទឹកមុខស្លេកស្លាំង និងភ័យយ៉ាងខ្លាំង បន្ទាប់ពីនោះ អ្នករៀបចំកម្មវិធី និងក្រុមការងារចាប់ដៃចាប់ជើង និងជួយបន់ឱ្យនាងបានដឹងស្មារតីឡើងវិញ»។ នេះបើតាមការបញ្ជាក់របស់ប្រភពដដែល។

គួរបញ្ជាក់ដែរថា កន្លងមកនាង លី ឌីណា និយាយថា ខ្លួនតែងតែភ័យឱ្យតែគ្រងឈុតបុរាណ តែសម្រាប់ស្ថានភាពលើកនេះ គឺនាងមានអារម្មណ៍ភិតភ័យជាងមុន ដោយសារតែតាំងពីតែងឈុតព្រះនាងឥន្ទ្រទេវីហើយភ្លាម ក៏ចង់តែឱ្យនាងលើកដៃរាំដូចអប្សរា ដល់ថ្នាក់នាងខំទប់ស្មារតី មិនហ៊ានទាំងផឹកទឹក និងញាំអីផង ដើម្បីកុំឱ្យភ្លេចខ្លួន បណ្ដោយឱ្យវិញ្ញាណដែលសណ្ឋិតនោះបញ្ជាខ្លួននាងបាន។ ក្រោយពេលគេធ្វើចលនាឱ្យដឹងស្មារតីឡើងវិញ រូបនាងភ័យចង់ស្លន់តែម្ដង ដោយសារតែនាងខ្លាចមានអាការបែបនេះ ហើយថតមិនកើត៕

ដើម្បីឱ្យជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Advertisement