ភ្ញាក់ផ្អើល!! ម៉េង កែវពេជ្ជតា សម្ដែងបទ “កន្សែងក្រហម”  ពេលប្រគំជាមួយវង់ភ្លេង Sin-phony

ពិតជាកក្រើកពេញបណ្ដាញសង្គមខ្លាំងមែន នៅពេលដែលអ្នកនាង បានលើកយកបទចម្រៀងភ្លេងការប្រពៃណីខ្មែរដែលមានចំណងជើងថា “កន្សែងក្រហម” មកធ្វើការបកស្រាយ ដោយមានការប្រគំអមដោយតន្ត្រីរបស់វង់ភ្លេង Sin-phony ជប៉ុន លាយជាមួយឧបករណ៍ភ្លេងខ្មែរដូចជា ទ្រសោ​ និងចាប៉ី ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត​ សំ​អាង​ សំ។ ក្នុងការលើកស្ទួយវប្បធម៌បុរាណដែលក្រុមសិល្បករខ្មែរល្បីៗបាននាំយកទៅសម្ដែង និងបង្ហាញជូនមហាជននៅឯប្រទេសជប៉ុនកាលពីថ្ងៃទី 21 កន្លងទៅនោះ គេសង្កេតឃើញមានការចូលរួមពីសំណាក់រាជិនីសំឡេងមាស អ្នកនាងម៉េង កែវពេជ្ជតា  វិរសិល្បករចាប៉ីដងវែងដៃឯកលោកតា គង់ណៃ និងអ្នកជំនាញកូដទ្រសោលោក សយ​ តុលា។

បើតាមការបញ្ជាក់របស់អ្នកនាង ម៉េង កែវពេជ្ជតា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានឱ្យដឹងថា  បទ​ “​ កន្សែងក្រហម​“​ ដែលជាបទចម្រៀងខ្មែរទម្រង់ភ្លេងការបែបប្រពៃណី​ ត្រូវបានឯកឧត្តមបណ្ឌិត​ សំ​អាង​ សំ​ កែច្នៃផ្គុំបញ្ចូល និងច្រៀងជាមួយឧបករណ៍​ភ្លេងបរទេសបែប Sin-phony ជប៉ុន​យ៉ាងពីរោះប្លែក​ត្រចៀកទាំងរសនិយម​ និងទឹកដម​សំឡេង​ ដែលពិតជាគួរឱ្យកោតសរសើរដោយស្មោះ​ចំពោះគំនិតអភិរក្ស​ និងអភិវឌ្ឍន៍ដ៏សម្បូរបែបនេះ​ និងសូមអរគុណដល់ការខិតខំរបស់ឯកឧត្តម​ដែលតែងដឹកនាំយកសិល្បៈផ្នែកចម្រៀង​ និងតន្ត្រីខ្មែរទៅបង្ហាញឱ្យពិភពលោកបានស្គាល់​ ។ សូមអរគុណដល់ទស្សនិកជនជាតិ​ និងអន្តរជាតិគ្រប់ទិសទីដែល​បានផ្តល់ស្នូរទះដៃយ៉ាងកងរំពង ​ស្តាប់ឡើងព្រឺសម្បុរ ។ សូមអញ្ជើញលោកអ្នក ​ទស្សនាផ្ទាំងទស្សនីយភាព​នៃការប្រគំបទចម្រៀង​ “​កន្សែងក្រហម​“​ ជាមួយនាងខ្ញុំ​ ពេជ្ជតា​ លោកតា​ គង់ណៃ​ ចាប៉ីរណ្តំ​ និងប្អូនប្រុស​ សយ​ តុលា​ កូនសិស្សដ៏ពូកែនៃត្រកូលស្តេចទ្រសោ​ ម៉េង​ ហ៊ុន​ ពីប្រទេសជប៉ុន​ និង​សូមបួងសួងឱ្យព្រលឹងវិញ្ញាណនៃប្រពៃណីអរិយធម៌​ វប្បធម៌ខ្មែរគ្រប់ទម្រង់នៅតែបន្តស្ថិតនៅយ៉ាងជ្រៅក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ជំនាន់កុំបីប្រែប្រួលឡើយ​​។ ផ្ញើក្តីស្រឡាញ់ពីនាងខ្ញុំ​ ពេជ្ជតា​ និងក្រុមគ្រួសា​ ម៉េង​ ដល់បងប្អូនទស្សនិកជនគ្រប់លំដាប់ថ្នាក់​៕

Advertisement