ខាត់ សុឃីម ព្យាយាមលក់សម្លៀកបំពាក់មួយទឹក ជួយប្អូនប្រុសកម្សត់ត្រូវឡានកិនជើង

នៅពេលថ្មីៗនេះ តារាពហុជំនាញ ខាត់ សុឃីម ក៏បានចូលរួមយ៉ាងសកម្មផងដែរក្នុងការស្វែងរកការឧបត្ថម្ភនានាជួយដល់កុមារកម្សត់ខាងលើ ហើយអ្នកនាងក៏បានប្រកាសត្រៀមដាក់លក់សម្លៀកបំពាក់របស់អ្នកនាងផ្ទាល់ដើម្បីប្រមូលថវិកាបន្ដិចបន្ដួច ជួយឧបត្ថម្ភការព្យាបាលសង្គ្រោះជីវិតកុមារ លី ហេង ដែលត្រូវឡានកុងតឺន័រកិនដាច់ជើងមួយចំហៀងយ៉ាងគួរឱ្យអាណោចអាធម្ម និងកំពុងត្រូវការជំនួយបន្ទាន់ក្នុងការព្យាបាលនៅប្រទេសវៀតណាម។  

ដោយនឹកសោកស្តាយ និងអាណិតអាសូរកុមារាកម្សត់នោះខ្លាំងពេក អ្នកនាងខាត់ សុឃីម បានខំព្យាយាមប្រឹងប្រែងស្វះស្វែងរកជំនួយសប្បុរសធម៌ ទាំងអារម្មណ៍ក្ដុកក្តួលនៅពេលធ្វើការ​ Live Video លក់សម្លៀកបំពាក់។ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារថា៖ សួស្តីអូនៗបងៗ នៅចាំក្មេងប្រុសដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវឡានកិនដែរឬទេ គាត់ត្រូវកាត់ជើងចោល គាត់ត្រូវកាត់ប្រដាប់ភេទទៀត អាសូរណាស់ កូនគេកូនឯង ហើយគាត់ឥឡូវកំពុងតែត្រូវការជំនួយខ្លាំងដើម្បីសង្គ្រោះឱ្យផុតពីមច្ចុរាជ100% អ៊ីចឹងមានតែសង្ឃឹមលើបងប្អូនយើងទាំងអស់គ្នា តិចក្តីច្រើនក្តីតាមសទ្ធា ម៉ាក់អូនយៀនធានា100% នៃថវិកានឹងទៅដល់ដៃអាណាព្យាបាលក្មេងដោយគ្មានបាត់មួយកាក់មួយសេនឡើយ បើអ្នកចង់ចូលរួមឆាតមក​ខ្ញុំនឹងធ្វើការឡាយផ្ទាល់ លក់ខោអាវ1ទឹករបស់ខ្ញុំ ដើម្បីជួយក្មួយ បានប៉ុន្មានយកប៉ុណ្ណឹង មក មក មហាមិត្ត រួមគ្នា ធ្វើបុណ្យ។

ខណៈអ្នកនាង ខាត់ សុឃីម កំពុងធ្វើការ Live លក់សម្លៀកបំពាក់ដើម្បីជួយដល់ក្មេងកម្សត់ខាងលើ ក្នុងនោះក៏មានអ្នកទស្សនា និងសប្បុរសជនជាច្រើនបានចូលជាវភ្លាមៗនូវសម្លៀកបំពាក់ដែលពួកគេស្រឡាញ់ ហើយក៏ជាចំណែកមួយដើម្បីជួយដល់កុមារកម្សត់ផងដែរ។

សូមជម្រាបបន្ថែមថា ក្មេង​ប្រុសកម្សត់មានវ័យ 8ឆ្នាំនោះត្រូវបានឡានធុនធ្ងន់បើកកិនពីលើជើង បណ្តាលឱ្យរងរបួសធ្ងន់ រហូតត្រូវខាងមន្ទីរពេទ្យសម្រេចកាត់ជើងដែលរងរបួសនោះចេញដើម្បីសង្រ្គោះជីវិតរបស់ប្អូន ហើយពេលនេះប្អូនកំពុងតែការទទួលការព្យាបាលសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសវៀតណាម។ ដោយសារតែក្រុមគ្រួសាររបស់ប្អូនមានជីវភាពខ្វះខាត មិនមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលរបួសដ៏ធ្ងន់ធ្ងររបស់ប្អូន ធ្វើឱ្យមហាជនជាច្រើនមិនអាចមើលនឹងភ្នែកបាន ក៏នាំគ្នាជួយស្វះស្វែងរកការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់។ បើទោះជាមានការជួយឧបត្ថម្ភ ពីសប្បុរសជននានាហើយក្ដី ប៉ុន្តែការចំណាយផ្សេងៗក៏នៅតែត្រូវការបន្ថែមនៅឡើយ ព្រោះនៅពេលនេះប្អូនប្រុស លី ហេង កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ៕

Advertisement