ខេមរៈ សិរីមន្ត បោះទុនចំនួន 10លានដុល្លារធ្វើជំនួញអចលនទ្រព្យជាមួយ ឡេង ណាវ៉ាត្រា

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាសិល្បៈល្បីៗចាប់ផ្តើមបោះទុនចូលប្រឡូកក្នុងវិស័យអចលនទ្រព្យច្រើន ជាពិសេសគឺប្រកាសលក់ដីឡូត៍ធំៗតែម្តង ដោយសារតែជាតារាល្បី​ មានកេរ្តិ៍ឈ្មោះ​ និងមានគេស្គាល់ច្រើនស្រាប់ផងនោះ ទើបវាជារឿងងាយស្រួលមួយក្នុងការផ្សព្វផ្សាយដើម្បីឱ្យដីឡូត៍របស់ខ្លួនឆាប់លក់ដាច់អស់។

ជាក់ស្តែង គេមើលឃើញគម្រោងលក់ដីឡូត៍ថ្មីរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានបង្ហាញខ្លួនជិះសុទ្ធតែ​​​ឧទ្ធម្ភាគ​ចក្រ​​ ឡៃហ្វវីដេអូពីលើអាកាសបង្ហាញពីទិដ្ឋភាពដីឡូត៍របស់ខ្លួនចែករំលែកដល់អ្នកទស្សនាឱ្យបានឃើញផ្ទាល់កាលពីព្រឹកថ្ងៃទី6 ខែសីហានេះ ដោយបានប្រកាសបោះទុនលើជំនួញដីធ្លីជាមួយលោក ឡេង ណាវ៉ាត្រា ដែលមានទុនវិនិយោគច្រើនរហូតដល់ទៅជាង 10លានដុល្លារ លើសការវិនិយោគរបស់លោក ព្រាប សុវត្ថិ ដល់ទៅ 2ដង។  

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺលោកថែមទាំងប្រកាសផ្ដល់កាដូដល់អតិថិជនដែលទិញដីរបស់លោកក្នុងមួយឡូត៍នូវសំបុត្រយន្តហោះដំណើរកម្សាន្តទៅលេងនៅប្រទេសសិង្ហបុរី 2យប់ 3ថ្ងៃ ដោយក្រុមហ៊ុននឹងចំណាយឱ្យមួយចប់តែម្ដង។ លោក ខេមរៈ សិរីមន្ត បានថ្លែងក្នុងវេទិកាសន្និសីទកាសែតថា លោកសម្រេចចិត្តបោះទុនទ្វេហ៊ុនជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់បុរី និងជាម្ចាស់អចលនទ្រព្យវ័យក្មេងនេះ គឺដោយសារតែលោកចាប់ផ្ដើមចង់រៀនធ្វើជំនួញដីធ្លី និងអះអាងថា លោកមានដើមទុនគ្រប់គ្រាន់ក្នុងគម្រោងវិនិយោគមួយនេះ ដែលលោកយល់ថា វាគួរតែដល់ពេលហើយដែលលោកត្រូវងាកមកធ្វើជំនួញវិញម្ដង។ មុនការចាប់ដៃជាមួយលោក ឡេង ណាវ៉ាត្រា លោកក៏មានជំនួញដីធ្លីជាលក្ខណៈឯកជនតូចៗផងដែរ ហើយដោយសារតែលោកយល់ថា ខ្លួនមានដើមទុនសមល្មមនឹងធ្វើការវិនិយោគលើគម្រោងនេះហើយ ទើបលោកសិក្សាស្វែងរកដៃគូ ហើយលទ្ធផលចុងក្រោយក៏បានចាប់ដៃជាមួយលោកឡេង ណាវ៉ាត្រា ដែលលោកបញ្ជាក់ថា «ជាអ្នកជំនួញដីធ្លីវ័យក្មេងដ៏ជោគជ័យម្នាក់»។  

លោក សិរីមន្ត បន្ដថា ដីសម្រាប់ពុះជាឡូត៍លក់ទាំងអស់មានទំហំ 40ហិកតា ដោយចូលគ្នាក្នុងទំហំដើមទុន 50ភាគរយម្នាក់ ហើយគម្រោងរកស៊ីរួមគ្នានេះមានតម្លៃជាង10លានដុល្លារនៅឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិតផ្សារព្រៃទទឹង លើផ្លូវជាតិលេខ4 ចម្ងាយពីរង្វង់មូលចោមចៅ 11គីឡូម៉ែត្រ។ ចំពោះការស្វែងរកដីដែលមានទំហំធំដើម្បីពុះជាឡូត៍លក់នេះ គឺលោក និងលោកឡេង ណាវ៉ាត្រាបានប្រើពេលវេលាក្នុងការស្វែងរកយូរណាស់ និងលំបាករកជាខ្លាំង  ដូច្នេះហើយទើបលោកមានជំនឿយ៉ាងខ្លាំងថា ដីឡូត៍ដែលពួកលោកដាក់ហ៊ុនរួមគ្នានេះ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ដោយសារតែទីតាំងនោះ ពេលទិញភ្លាម គឺអាចសង់ផ្ទះនៅបានភ្លាមតែម្ដង ហើយបើនិយាយពីប្រព័ន្ធទឹក-ភ្លើងវិញ គឺបានដំឡើងឱ្យមានភាពងាយស្រួលដល់ការរស់នៅផងដែរ។

លោកបានបញ្ជាក់ជាចុងក្រោយថា ដីឡូត៍ដែលលោកសម្រេចចិត្តបោះទុនជាមួយលោក ឡេង ណាវ៉ាត្រា ជាលើកដំបូងនេះ លោកនឹងកំណត់ក្នុងតម្លៃចាប់ពី 5,800ដុល្លារឡើងទៅ ដោយអតិថិជនដែលទិញភ្លាមៗ គឺនឹងទទួលបានសំបុត្រយន្តហោះទៅលេង និងស្នាក់នៅ 2យប់នៅក្នុងប្រទេសសិង្ហបុរីតែម្ដង ក្នុងអំឡុងពេល15ថ្ងៃដំបូងក្រោយការប្រកាសលក់៕

Advertisement