ម៉ា ចន្ទបញ្ញា ឆ្លើយតបចំពោះព័ត៌មានបែកគ្នាជាមួយគូស្នេហ៍

ចំណង​ស្នេហ៍​របស់​តារាចម្រៀង Original Song លោក ម៉ា ច័ន្ទ​បញ្ញា និងស្រី​ស្អាត អូន​អ៊ីង បានកើត​ឡើង​ និងបាន​ប្រកាស​ឱ្យ​សាធារណជន​ដឹងឮ​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ហើយគូស្នេហ៍​វ័យក្មេង​មួយគូ​នេះ​តែង​បង្ហាញ​ពីភាព​ផ្អែមល្ហែម​ចំពោះ​គ្នា​ទៅវិញទៅមកដោយបានបង្ហោះ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើឱ្យ​មិត្តៗ​យុវវ័យ​ច្រណែនលេងទៀតផង។ តែមួយរយៈពេលថ្មីៗនេះ ស្រាប់តែមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា តារាចម្រៀងល្បីឈ្មោះរូបនេះ និងគូស្នេហ៍ បានចែកផ្លូវគ្នាបាត់ទៅហើយ ធ្វើឱ្យសាមីខ្លួនមានប្រតិកម្ម និងចេញមុខមកបកស្រាយចំពោះរឿងនេះភ្លាមៗតែម្ដង។

ដើម្បីបញ្ចប់ពាក្យចចាមអារាមទាំងនោះ ម្ចាស់បទ “ម្ចាស់គ្រងសុបិនស្នេហ៍” រូបនេះបានបង្ហោះរូបថតមួយសន្លឹកជាមួយនិងគូស្នេហ៍របស់ខ្លួន ដោយភ្ជាប់មកជាមួយនូវសារយ៉ាងមានន័យថា «ទើបឃើញសារព័ត៌មានគាត់ចុះផ្សាយ យាយប៉ិនេះសូមខ្ញុំបែក ហើយនាំគេតាមដានរឿងយើង អ្នកខ្លះថាឱ្យ អ្នកខ្លះស៊ែដ (sad)  ថ្ងៃនេះមកកំដរគាត់នៅកន្លែងធ្វើការ តាមពិតរឿងដដែលៗទេ ប៉ុន្តែយ៉ាងណាសូមអរគុណ និងសូមទោសបងប្អូនអ្នកគាំទ្រទាំងឡាយផងដែលបារម្ភ។ ថ្ងៃនេះ ខ្ញុំសូមប្រកាសថា ពួកយើងអត់អីទេ»។ ក្រោយពីបានឃើញដូច្នេះ មានហ្វ៊ែនជាច្រើនសប្បាយចិត្ត និងចួលរួមត្រេកអរជាមួយនឹងគូស្នេហ៍មួយគូនេះផងដែរ៕

Advertisement