ញ៉ែម សុគន្ធ​ ជួបគ្រោះថ្នាក់ចរាចរណ៍ បើកឡានបុករបាំងផ្លូវ ខ្ទេចរថយន្តធ្ងន់ធ្ងរ

នារាត្រីថ្ងៃទី5 ខែសីហា វេលាម៉ោងប្រមាណជា11 និង20នាទី តារាសម្ដែង លោកញ៉ែម សុគន្ធ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានបើកបុករបាំងពុះចែកថ្នល់នៅត្រង់ចំណុចមួយស្ថិតនៅលើបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ193 សង្កាត់ទួលស្វាយព្រៃ2 ខណ្ឌចំការមន។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញលោក ញ៉ែម សុគន្ធ បើកបរដោយផ្ទាល់នូវរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5321 ជារថយន្តដែលលោកប្រើប្រាស់ជាប្រចាំនៅក្នុងការងារសិល្បៈ ដោយបើកពីលិចទៅកើតក្នុងល្បឿនដ៏លឿន ហើយភ្លាមនោះដោយសារតែគេចពីម៉ូតូមួយគ្រឿង រថយន្តរបស់លោកក៏ងាកក្បាលទៅបុកនឹងខឿនក្បាលនាគនៃរបាំងបែងចែកផ្លូវ បណ្ដាលឱ្យផ្ទុះពោងសុវត្ថិភាពទាំង2 ហើយរថយន្តបានរងនូវការខូចខាតផ្នែកខាងមុខយ៉ាងច្រើន។

ក្រោយពេលកើតហេតុភ្លាមៗ លោកញ៉ែម សុគន្ធ ដែលមិនមានទទួលរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេនោះ ក៏បានគេចចេញពីទីកើតហេតុ ដោយបន្សល់ទុករថយន្តឱ្យខាងសមត្ថកិច្ចធ្វើការវាស់វែង។ មកដល់ពេលនេះ លោក ញ៉ែម សុគន្ធ នៅមិនទាន់បានផ្ដល់នូវការបកស្រាយណាមួយអំពីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ៕

Advertisement