ឱក សុគន្ធកញ្ញា និងគូដណ្ដឹងកាន់តែផ្អែមល្ហែមខ្លាំងនៅលើបណ្ដាញសង្គម

ការក្លាយជាគូដណ្ដឹងគ្នារវាងតារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា និងអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស លោកអ៊ឹង សុខលី ជាងប៉ុន្មានខែនេះ ធ្វើឱ្យគូស្នេហ៍1គូនេះ លែងលាក់បាំង និងញញើតក្នុងការបណ្ដើរគ្នាដូចមុនទៀតហើយ ខណៈពេលដែលលេចលឺដំណឹងថាពួកគេទាំងពីរនឹងដឹកដៃចូលរោងការនាថ្ងៃខាងមុខដ៏ឆាប់ទៀតផង។ ជាក់ស្តែង​ ក្នុងដំណើរកំសាន្តលើកនេះ ជាមួយ មិត្តភក្តិ និងគូដណ្តឹង ឱក សុគន្ធកញ្ញា បានដាច់ចិត្តបង្ហោះរូបថតតែពីរនាក់ជាលើកដំបូង កាន់ដៃគ្នារត់នៅលើវាលស្មៅដ៏ខៀងខ្ចី ភ្ជាប់ជាមួយពាក្យថា “ខ្លាចវង្វេងផ្លូវ” ឃើញហើយមានអារម្មណ៍ថាពួកគេមានសេចក្តីសុខណាស់។

ការបណ្ដើរគ្នាជាសាធារណៈរវាងឱក សុគន្ធកញ្ញា និងគូដណ្ដឹងនាង លោកអ៊ឹង សុខលី នេះ ត្រូវបានតារារួមអាជីពជាច្រើនបានសួរនាំពួកគេថា ពេលណាទើបចូលរោងការ ហើយត្រូវសុគន្ធកញ្ញា និងអនាគតប្ដី ឆ្លើយដូចគ្នាថា មិនទាន់គិត បើទោះជាមិត្តភក្ដិជុំវិញខ្លួនសុទ្ធតែជំរុញឱ្យពួកគេចូលរោងការឱ្យឆាប់ៗ ព្រោះគេចង់ឃើញសុគន្ធកញ្ញា គ្រងឈុតកូនក្រមុំក៏ដោយ តែកញ្ញា និងលោកសុខលី និយាយប្រាប់មិត្តភក្ដិថា មិនទាន់ចង់រៀបការឆាប់ៗដូចគ្នា។ ប៉ុន្ដែរឿងដែលធ្វើឱ្យសុគន្ធកញ្ញា រំភើបខ្លាំងនោះ គឺនៅពេលដែលអ្នកនៅជុំវិញខ្លួននាងសុទ្ធតែអះអាងថា នាងនិងលោកសុខលី ស័ក្តិសមគ្នាខ្លាំងណាស់ ដែលធ្វើឱ្យតារាមួយចំនួនថែមទាំងច្រណែនទៀតផង។

គួររំឭកដែរថា តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយលោក អ៊ឹង សុខលី កាលពីថ្ងៃទី18 ខែមិថុនា ឆ្នាំ2018 កន្លងទៅថ្មីៗនេះ ។ ការសម្រេចចិត្តភ្ជាប់ពាក្យនោះ គឺជាលទ្ធផលបន្ទាប់ពីអ្នកទាំងពីរទាក់ទងគ្នា​ដោយបិទបាំងអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ទើបតែកន្លងមក ដែលកញ្ញា សុគន្ធកញ្ញា បានធ្វើពិធីទាំងឡើងផ្ទះ ស្របពេលជាមួយនឹងពិធីចូលស្តីដណ្តឹង ដោយលែងបិទបាំង ដើម្បីបញ្ចប់នូវការរិះគន់៕

Advertisement