យុវវ័យ និងអ្នកគាំទ្រ Ariana Grande ជិត 20,000នាក់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់

អ្នកគាំទ្រតារាចម្រៀង Ariana ដែលកំពុងមានភាពល្បីល្បាញក្នុងចំណោមយុវវ័យជាច្រើនលើពិភពលោក បានរងការវាយប្រហារដោយក្រុមភេរវករកាលពីពេលប៉ុន្មានម៉ោងមុននេះ(ប្រហែលជាម៉ោង 10:30 នាទីយប់ថ្ងៃច័ន្ទក្នុងប្រទេសអង់គ្លេស)ក្នុងការប្រគំតន្ត្រីមួយនៅក្នុងសាល Manchester Arena។

សេចក្តីរាយការណ៍ដំបូងពីទូរទស្សន៍ CBS បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សចំនួន 19នាក់បានស្លាប់ និងមនុស្សចំនួនជាង 50នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមការបកស្រាយរបស់ប៉ូលិសដែលកំពុងជួយសង្គ្រោះជនរងគ្រោះនៅក្នុងហេតុការណ៍នោះ។

លោកស្រី Theresa May នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសបានថ្លែងការណ៍នៅពេលភ្លាមៗនោះថា អាជ្ញាធរកំពុងធ្វើការជួយសង្គ្រោះ និងស្រាវជ្រាវដើម្បីបង្ហាញពីសេចក្តីលម្អិតនៃដើមហេតុដែលនាំឱ្យមានការវាយប្រហារដោយគ្រាប់បែកអត្តឃាតបណ្តាលឱ្យស្លាប់ 19នាក់ និងរងរបួសជាច្រើននាក់នេះ ដែលគេនៅមិនទាន់ដឹងថាជាស្នាដៃរបស់ក្រុមណានៅឡើយ។

លោកស្រី May បាននិយាយថា៖ «អ្វីដែលយើងកំពុងគិតខ្លាំងផងដែរនៅពេលនេះគឺជនរងគ្រោះ និងគ្រួសាររបស់ពួកគេដែលបានរងផលប៉ះពាល់»។

នៅពេលនេះមនុស្សទាំងអស់ត្រូវបានក្រុមសង្គ្រោះជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ខណៈតារាចម្រៀង Ariana Grande និងតារាល្បីល្បាញដទៃទៀតកំពុងមានសុវត្ថិភាព៕

 

Advertisement