អ្នកគាំទ្រលាន់មាត់ ប៉ូប និង ទែវ សមគ្នាខ្លាំងណាស់នៅពេលសម្ដែងរឿងថ្មីក្នុងឈុតបុរាណ

តាមរយៈសារព័ត៌មាន Teenee ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងខ្លាំងពីរឿងភាគបុរាណថៃ «បុព្វេសន្និវាស» ខណៈនេះ តារាសម្ដែងប្រុស ប៉ូប ថនៈវ៉ាន់ បានត្រៀមបង្ហាញខ្លួនក្នុងរឿងភាគថ្មីម្ដងទៀតហើយ ដែលនឹងសម្ដែងជាតួឯកប្រុសជាមួយតារាស្រី ទែវ ណថៈផន ដែលធ្លាប់ទទួលបានភាពជោគជ័យជាតារាស្រីឆ្នើមប្រចាំឆ្នាំ2016 ដូចគ្នា នៅក្នុងរឿងភាគ «ណាឃី» ដ៏ល្បីល្បាញ។

ក្នុងឱកាសបង្ហាញឈុតបុរាណថៃនោះ អ្នកទាំងពីរត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរថា អ្នកទាំងពីរពិតជាស័ក្ដិសមគ្នាខ្លាំងមែនទែន បើសិនជាបានសម្ដែងរឿងភាគបុរាណជាមួយគ្នាបែបនេះមែននោះ។ គួរបញ្ជាក់ផងដែរថា រឿងភាគថ្មីមួយនេះ មានចំណងជើងថា «កែវរ៉ាហ៊ូ» ដែលដកស្រង់ចេញពីប្រលោមលោកបែបបុរាណល្បីបំផុតរបស់ប្រទេសថៃ និងគ្រោងដាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះ។ តារាសម្ដែងប្រុស ប៉ូប នៅតែមានក្ដីរំពឹងទុកថា រឿងភាគថ្មីរបស់ខ្លួននឹងទទួលបានការគាំទ្រខ្លាំងជាងមុនទៅទៀត ព្រោះថា ទាំងសាច់រឿង និងអ្នកដឹកនាំរឿងមានភាពសម្រិតសម្រាំងខ្លាំងជាងរឿងមុនៗ។

សូមជម្រាបដែរថា ខណៈនេះ ប៉ូប ថនៈវ៉ាន់ បានផ្អាកការងារសម្ដែងរឿងសម័យមួយរយៈសិនហើយ ដោយងាកមកសម្រុកថតរឿងភាគបុរាណជាបន្ដបន្ទាប់មិនសម្រាកដៃឡើយ ដោយរឿងភាគមួយទៀតបន្ទាប់ពីរឿង «បុព្វេសន្និវាស» គឺរឿង «ព្រហ្មលិខិត» ដែលមានអ្នកដឹកនាំសម្ដែងរឿងតែម្នាក់៕

Advertisement