ករុណា ពេជ្រ និងក្រុមតារាចម្រៀងក្នុងផលិតកម្មថោន ចុះចែកអំណោយជូនជនរងគ្រោះដោយទឹកជំនន់

ជំនន់ទឹកភ្លៀងកំពុងតែវាយលុកក្នុងបណ្ដាខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា បណ្ដាលឱ្យទទួលរងការលិចលង់យ៉ាងខ្លាំង ខណៈមានគ្រួសារជាច្រើនកំពុងតែជួបនូវការលំបាក បន្ទាប់ពីផ្ទះសំបែងត្រូវបានជន់លិចដោយសារទឹកឡើងខ្លាំង។ យ៉ាងណាមិញបញ្ហានេះក៏មានសប្បុរសជន និងអ្នកសិល្បៈជាច្រើនបានចូលរួមផ្ដល់ជាអំណោយ និងចុះទៅចែកជូននៅតាមតំបន់ដែលរងគ្រោះទៀតផង។

ក្នុងនោះ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ក៏បានដឹកនាំក្រុមតារាច​ម្រៀងក្នុងផលិតកម្ម និងក្រុមការងារនាំយកអំណោយចុះទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះផងដែរ។ ​ជានិច្ច​​កាល តារាចម្រៀងរូបនេះមិនដែល​រំលង​ការងារ​មនុស្សធម៌ក្នុងការ​ចុះជួយ​ដល់​បងប្អូន​ក្រីក្រ ចាស់ជរា និង​ជនពិការឡើយ​។ ជាក់ស្តែង​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​រៀបរាប់​ពី​ទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយ​ទឹកជំនន់នោះ ករុណា ពេជ្រ បាន​សម្តែងពី​ក្តី​អាណិត ចំពោះ​បងប្អូន​ដែលផ្ទះសំបែងត្រូវ​ជន់​លិច និងមិនបាន​យក​សម្ភារមកជា​មួយ គ្មាន​ទាំងចំណីអាហារ សម្លៀកបំពាក់ និង​សម្ភារប្រើប្រាស់ផ្ទាល់ខ្លួនទៀតផង។

នៅលើគណនីហ្វេសប៊ុករបសខ្លួន លោក ករុណា ពេជ្រ​ បានឱ្យដឹងថា «ថ្ងៃនេះ ខ្ញុំបាទ ករុណា ពេជ្រ បានដឹកនាំតារាចម្រៀងប្រចាំផលិតកម្ម ថោន ដូចជា អ្នកនាង កាតុ លោក សុគន្ធ ថេរាយុ និង កញ្ញា ឈិត សុវណ្ណបញ្ញា ចូលរួមធ្វើវិភាគទាន និងបាននាំយកនូវអំណោយ និងថវិកាមួយចំនួនរបស់បណ្តាក្រុមហ៊ុន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទៅជូនដល់អ្នកដែលរងគ្រោះដោយសារទឹកជំនន់ នៅភូមិរំលោង សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺចំនួន 197គ្រួសារ និងឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន 148 គ្រួសារ សរុប ទាំងអស់ 345 គ្រួសារ ដែលក្នុងមួយគ្រួសារនឹងទទួលបាន មី 1កេស អង្ករ 20គីឡូក្រាម ទឹកត្រី 1យួរ ឃីត 1កញ្ចប់ រួមទាំងថវិកា 20,000រៀលទៀតផង»៕

Advertisement