ព្រាប សុវត្ថិ ចេញមុខវិនិយោគលើវិស័យអចលនទ្រព្យយ៉ាងចំហ

បន្ទាប់ពីមានភាពគគ្រឹកគគ្រេងខាងការវិនិយោគលើវិស័យអចលនទ្រព្យ(ពុះដីឡូត៍លក់) ខណៈនេះលោក ព្រាប សុវត្ថិ ក៏បានប្រកាសចាប់ដៃជាមួយលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលត្រូវគេស្គាល់ថា ជាអ្នកជំនួញវ័យក្មេងដែលជោគជ័យលើវិស័យអចលនទ្រព្យទាំងលើជំនួញពុះដីឡូត៍លក់ និងសាងសង់បុរី ដោយការដាក់ទុនរួមគ្នាជាង 5លានដុល្លារធ្វើជំនួញពុះដីឡូត៍លក់លើទំហំដីជាង 13ហិកតានៅម្ដុំផ្សារព្រៃទទឹង លើផ្លូវជាតិលេខ3។

លោក ព្រាប សុវត្ថិ បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី21 កក្កដា កន្លងទៅថ្មីៗនេះថា ដើម្បីអបអរមុខជំនួញរួមគ្នារបស់លោក ជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា លោកនិងដៃគូភាគហ៊ុនបានសម្រេចថែមជូនម៉ូតូមួយគ្រឿងតែម្ដងចំពោះអតិថិជនណាដែលបានទិញដីចំនួន 1ឡូត៍ក្នុងគម្រោងរបស់លោកនៅផ្សារព្រៃទទឹង លើផ្លូវជាតិលេខ3 នេះ ខណៈដែលដីឡូត៍ក្នុងគម្រោងនេះបានប្រកាសលក់តែក្នុងតម្លៃចាប់ពី 3,900ដុល្លារប៉ុណ្ណោះក្នុងមួយឡូត៍ ទាបជាងគម្រោងផ្សេងៗទៀតដែលនៅក្នុងតំបន់ជុំវិញនោះ។ ទាំងអស់នេះ គឺដើម្បីផ្ដល់លទ្ធភាពឱ្យអតិថិជនមានឱកាសបានទិញដីឡូត៍របស់លោក និងលោក ឡេង ណាវ៉ាត្រា ដែលទើបប្រកាសចាប់ដៃគ្នានេះ។ លោកបានបន្ដថា ការថែមជូននេះនឹងមានកំណត់រយៈពេល15ថ្ងៃ គិតចាប់តាំងពីថ្ងៃប្រកាសនេះតទៅ ដោយលោកបានបញ្ជាក់យ៉ាងខ្លីថា ទោះជាក្នុងរយៈពេលនេះដីឡូត៍ក្នុងគម្រោងរបស់លោកទាំងមូលត្រូវបានអតិថិជនទិញអស់រហូតដល់ទៅជាងមួយពាន់ឡូត៍ហើយក៏ដោយ ក៏លោក និងដៃគូភាគហ៊ុនបានសម្រេចចិត្តដាច់ខាតលើការបន្ថែមម៉ូតូមួយគ្រឿងជូនដល់អតិថិជនគ្រប់ៗគ្នា មិនឱ្យខ្វះម្នាក់ណាឡើយ ដើម្បីទុកជាចំណងដៃរបស់លោក ព្រាប សុវត្ថិ និងលោក ឡេង ណាវ៉ាត្រា ដែលបានចាប់ដៃធ្វើជំនួញរួមគ្នាក្នុងគ្រានេះ។

គួរបញ្ជាក់ផងដែរថា ក្រៅពីការប្រកាសជូនម៉ូតូមួយគ្រឿងជាកាដូសម្រាប់ការបើកគម្រោងបណ្ដាក់ទុនរួមគ្នានេះហើយ  លោកព្រាប សុត្ថិ នៅបានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលលោកសម្រេចចិត្តបោះទុនរួមគ្នាជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា រហូតដល់ជាង 5លានដុល្លារលើគម្រោងវិនិយោគអចលនទ្រព្យនៅផ្សារព្រៃទទឹងនោះ គឺដោយសារតែលោក ឡេង ណាវ៉ាត្រា ជាបុគ្គលមានការតស៊ូគួរឱ្យសរសើរ ជាបុគ្គលជោគជ័យ និងជាបុគ្គលដែលបានទទួលនូវការគោរពជាច្រើនពីសំណាក់មហាជនក្នុងនាមអ្នកជំនួញមានគុណធម៌ និងមានទឹកចិត្តសប្បុរសតាមរយៈកិច្ចការបរិច្ចាគរាប់មិនអស់។ ក្នុងនោះលោកក៏ចង់ជោគជ័យក្នុងជំនួញដីធ្លីឱ្យខ្លាំងដូចគ្នានឹងលោកឡេង ណាវ៉ាត្រា ផងដែរ ទើបលោកប្រើពេលសិក្សាពីការចាប់ដៃ និងបានស្វែងរកដីធ្លីយ៉ាងលំបាក ទម្រាំរកបានដីមួយប្លង់ធំទំហំជាង 13ហិកតានៅទីប្រជុំជនផ្សារព្រៃទទឹង លើផ្លូវជាតិលេខ3 ដែលមានចម្ងាយប្រមាណជា11គីឡូម៉ែត្រពីរង្វង់មូលចោមចៅនេះ។

ជាចុងក្រោយលោកបានបញ្ជាក់ម្ដងទៀតថា ដីដែលបានប្រើទុនរួមគ្នា និងជាគម្រោងបើកឆាកជាមួយលោកឡេង ណាវ៉ាត្រា នេះគឺស្ថិតនៅចំទីតាំងល្អនៅក្នុងទីប្រជុំជនដែលមានតម្លៃសមរម្យអាចទទួលយកបាន។ ការចាប់ដៃគូវិនិយោគលើវិស័យអចលនទ្រព្យយ៉ាងបើកចំហនេះ ត្រូវបានគេរំពឹងទុកថា អ្នកគាំទ្រកំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងមានការចាប់អារម្មណ៍ចំពោះដីឡូត៍ពុះលក់របស់លោកដែលស្ថិតក្នុងទីតាំងល្អ មានតម្លៃត្រឹមតែ 3,900ដុល្លារ និងថែមទាំងផ្ដល់ម៉ូតូជូនមួយគ្រឿងទៀតផង៕

Advertisement