នៅទីបំផុតក្មេងៗក្រុមបាល់ទាត់ជ្រូកព្រៃ បានចេញផុតពីរូងភ្នំទាំងអស់គ្នាដោយសុវត្ថិភាព

តាមរយៈសារព័ត៌មានថៃ Teenee ដែលចេញផ្សាយនៅរសៀលថ្ងៃម្សិលមិញនេះ បានឱ្យដឹងថា បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលរហូតដល់ 18ថ្ងៃ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះក្មេងៗនៃក្រុមបាល់ទាត់ជ្រូកព្រៃ និងគ្រូបង្វឹកម្នាក់ រហូតមកដល់ថ្ងៃចុងក្រោយម្សិលមិញនេះ នៅក្នុងដួងចិត្តប្រជាជនថៃ និងមនុស្សទូទាំងពិភពលោក ពិតជាមានសេចក្ដីត្រេកអររីករាយយ៉ាងខ្លាំងចំពោះដំណឹងល្អ ខណៈដែលក្រុមជ្រូកព្រៃទាំង 13នាក់ បានចេញពីរូងភ្នំដោយសុខសុវត្ថិភាពហើយ។

អាចនិយាយបានថា រហូតដល់វិនាទីចុងក្រោយដែលមនុស្សជាច្រើនបានទន្ទឹងរង់ចាំ ការប្រតិបត្តិការក៏ធ្វើបានសម្រេចដូចការគ្រោងទុករបស់លោក ណារ៉ុងស័ក្ដិ មេបញ្ជាការប្រតិបត្តិការជួយសង្គ្រោះពិតមែន។ លោកបានថ្លែងឱ្យដឹងកាលពីថ្ងៃម្សិលមិញថា ការធ្វើប្រតិបត្តិការនៅក្នុងថ្ងៃចុងក្រោយនេះ យើងរំពឹងថា នឹងបញ្ចប់ការជួយសង្គ្រោះដោយការយកក្រុមជ្រូកព្រៃទាំង 5នាក់ដែលនៅសល់នោះចេញមកឱ្យខាងតែបាន ប្រសិនបើអាកាសធាតុនៅតែអំណោយផល និងគ្មានការរំខានពីភ្លៀង។ ប្រតិបត្តិការលើកទី3 នេះ យើងសង្ឃឹមថា នឹងធ្វើឡើងបានឱ្យលឿនជាងថ្ងៃម្សិលមិញ និងម្សិលម្ង៉ៃ ដោយកាលពីថ្ងៃដំបូង យើងចំណាយពេលអស់ 11ម៉ោង និងថ្ងៃទី2 នៃប្រតិបត្តិការ យើងចំណាយពេលតែ 9ម៉ោងប៉ុណ្ណោះ លឿនជាងថ្ងៃដំបូង 2ម៉ោង។ នៅថ្ងៃនេះយើងបានរៀបផែនការថា ត្រូវនាំក្មេងៗក្រុមជ្រូកព្រៃ 4នាក់ចេញមកមុនគេ បន្ទាប់មកគ្រូបង្វឹក និងក្រុមជំនួយការស៊ីល 3នាក់ និងគ្រូពេទ្យ រួ​មទាំងអស់ 9នាក់ចេញពីក្នុងរូងភ្នំឱ្យបាន ប្រសិនបើគ្មានអ្វីខុសប្លែកទេនោះ។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការទី 3 នៅថ្ងៃចុងក្រោយ បានសម្រេចដូចផែនការដែលបានគ្រោងទុក ដោយបាននាំអ្នកទាំង 5នាក់ដែលនៅសល់ចេញពីរូងភ្នំចេញមកបានសម្រេចដោយសុវត្ថិភាពហើយ។ នៅវេលាម៉ោង17 និង55នាទី ជ្រូកព្រៃទី9 ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឈៀងរ៉ាយ និងវេលាម៉ោង18 និង20នាទី ជ្រូកព្រៃទី10 -11 និង12 ត្រូវបានបញ្ជូនដល់ដៃក្រុមគ្រូពេទ្យបឋមសង្រ្គោះ និងត្រៀមបញ្ជូនទៅមន្ទីរពេទ្យឈៀងរ៉ាយជាបន្ត។ ជាចុងក្រោយ នៅវេលាម៉ោង18 និង22 នាទីបន្ទាប់ គ្រូបង្វឹកត្រូវបានក្រុមជួយសង្គ្រោះនាំចេញពីរូងភ្នំថាំលួង មកដល់ខាងក្រៅដោយសុវត្ថិភាព។

សូមជម្រាបបន្ថែមថា ក្រុមជ្រូកព្រៃទាំង 13នាក់ ខណៈនេះកំពុងសម្រាកព្យាបាល និងតាមដានសុខភាពនៅក្នុងមន្ទីរពេទ្យរយៈពេល 7ថ្ងៃ ទើបគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះបាន៕

Advertisement