ក្រុមហ៊ុនអវកាសអាមេរិក SpaceX បញ្ជូនអ្នកជំនាញមកជួយសង្គ្រោះក្រុមជ្រូកព្រៃទាំង13នាក់កំពុងជាប់​ក្នុងរូងភ្នំថាំ​លួង

តាមរយៈសារព័ត៌មានថៃ Teenee បានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា នាយប្រតិបត្តិ​ក្រុមហ៊ុន SpaceX &The Boring Co. លោក អេឡន ម៉ាសក៍ (Elon Musk) បានប្រកាថា នឹងបញ្ជូនក្រុម​វិស្វករជំនាញ របស់លោកឱ្យទៅចូលរួមក្នុងប្រតិបត្តិការ​ជួយសង្រ្គោះក្រុមកីឡាបាល់ទាត់ « ក្រុមជ្រូកព្រៃ​» ទាំង 12 រូបនិងគ្រូបង្វឹករបស់ពួកគេម្នាក់ចេញពីរូងភ្នំថាំលួង ខេត្ត ឈៀងរ៉ាយ ​ប្រទេសថៃ ដែលកំពុងជាប់នៅក្នុងល្អាងអស់រយៈពេល 14 ថ្ងៃមកហើយ។

​លោក Elon Musk បានបង្ហោះសារនៅលើធី្វតតឺរបស់ខ្លួនថា «ក្រុមវិស្វករជំនាញ​មកពី SpaceX & Boring Co នឹងធ្វើដំណើរ​ទៅកាន់ប្រទេសថៃ​នៅថ្ងៃ​ស្អែកនេះត្រូវនឹងថ្ងៃសៅរ៍ទី 7 ម៉ោងប្រទេសថៃ ដើម្បីពិនិត្យថា ពួកគេអាចជួយ​អ្វីខ្លះដល់រដ្ឋាភិបាល​ថៃ ក្នុងការជួយសង្រ្គោះក្រុមជ្រូកព្រៃទាំង 13 រូបចេញពី​រូងភ្នំថាំលួង»។

សូមជម្រាបបន្ថែមថា មន្ត្រីថៃ និងក្រុមអ្នក​ជួយសង្រ្គោះស្ម័គ្រ​ចិត្តកំពុងបង្រៀនអ្នក​ទាំង 13រូបពីរបៀបជ្រមុជ និងហែលទឹក ការផ្សងព្រេងដ៏គ្រោះថ្នាក់ របៀបរស់នៅក្នុងរូងភ្នំរយៈពេលយូរ រហូតដល់រដូវភ្លៀងបញ្ចប់ ឬទឹកស្រក ព្រោះថា អ្នកជំនាញបានធ្វើការអះអាងថា អ្នកទាំង 13 រូប នឹងត្រូវជាប់ក្នុងរូងយូររហូតដល់ទៅ 4 ខែឯណោះ ដូច្នេះទើបមាន​ក្រុម​ជំនាញ​ពីអន្តរជាតិបន្ថែម​ទៀត ដូចជាមកពីជប៉ុន និង SpaceX ចូល​រួមជួយ៕

Advertisement