កក្រើកបំផុត!! បទដំបូងរួមគ្នា ចេន រ៉ូហ្វើ ចាប់​ដៃ​គូនឹងកញ្ញា ចែម ស្រីលក្ខ និយាយពីក្រមាខ្មែរ

ក្រោយពីកម្ពុជាត្រូវបានគណៈកម្មការ World Guiness Records បានប្រកាសពីជយលាភីជាប្រទេសទី1 លើពិភពលោកបង្កើតក្រមាវែងបំផុតជាង1ពាន់ម៉ែត្រ បានធ្វើឱ្យមហាជនកោតស្ងប់ស្ងែងខ្លាំង។ វីដេអូបទចម្រៀង”ក្រមាសាមគ្គីក្រមាកម្ពុជា” ដែលរៀបរាប់អំពីគុណតម្លៃក្រមា និងទិដ្ឋភាពរីកចម្រៀងនៃសង្គមកម្ពុជានោះក៏បានបញ្ចេញរហូតទទួលបានការកោតសរសើរខ្លាំង។

បទចម្រៀងថ្មី”ក្រមាសាមគ្គីក្រមាកម្ពុជា” ជាការបកស្រាយលើកដំបូងរបស់ម្ចាស់បទ « រាំជាន់អាចម៍ឆ្កែ» តារាចម្រៀងចេនរ៉ូហ្វើ និងអតីតបេក្ខភាពកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី 3 កញ្ញា ចែម ស្រីលក្ខ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ទាំងអត្ថន័យបង្កប់ន័យជ្រាលជ្រៅ និងការផលិតបទចម្រៀងប្រកបដោយគុណភាពទាំងរូបភាពដ៏គួរឱ្យទាក់ទាញ។

​តារាចម្រៀង ចេន រ៉ូហ្វើ បានថ្លែងពីមោទកភាពខ្លាំងក្រោយពីបទចម្រៀងនេះផ្ទុះការគាំទ្រខ្លាំង។ តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងរូបនេះបានបញ្ជាក់ថា លោកមានគោលបំណងបង្កើតបទចម្រៀងបែបនេះជាយូរមកហើយគាប់ជួនទទួលបានការផ្តល់ឱកាសលើកទឹកចិត្តពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺកាន់តែធ្វើឱ្យលោកមានកម្លាំងចិត្ត និងខិតខំផលិតបទចម្រៀងនេះដោយមិនរុញរា។

លោកបន្តថាបទចម្រៀងនេះនិពន្ធទំនុកច្រៀងដោយកញ្ញា ថាវ ពេជ្រអម្រិត ចំណាយពេលនិពន្ធសាច់ភ្លេងត្រឹមចំនួន5ថ្ងៃ ដោយចេញថត ជាវីដេអូចំនួន2ថ្ងៃ និងចំណាយពេលកាត់តចំនួន4ថ្ងៃ។ លោកថាបទចម្រៀងនេះមានព័ណ៌សម្បុរបែបខ្មែរច្រើនដោយ មានការដាក់លាយបញ្ចូលគ្នានូវបទចម្រៀងខ្មែរពីដើមជាមួយបទថ្មីដែលមានលក្ខណៈ អត្តសញ្ញាណជាខ្មែរ។

លោកថាកាន់តែធ្វើឲ្យបទចម្រៀងនេះគួរឱ្យចាប់អារម្មណ៍គឺសំនៀងរួមគ្នារបស់លោកជាមួយបេក្ខភាពវគ្គចុងក្រោយរបស់កម្មវិធី The Voice Cambodia កញ្ញាចែមស្រីលក្ខ ពិសេសគឺការកាត់តបទចម្រៀងជាមួយនឹងទិដ្ឋភាពដ៏ស្រស់ត្រកាលនៃតំបន់នានាដែលធ្វើឲ្យអ្នកទស្សនាកាន់តែមានមោទកភាពសម្រាប់ជាតិសាសន៍របស់ខ្លួនឯង។ ​ជាចុងក្រោយលោកថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងទស្សនិកជនដែលបានផ្តល់ឱកាស លើកទឹកចិត្ត និងគាំទ្រស្នាដៃផលិតបទចម្រៀងថ្មីរបស់លោក ហើយលោកនឹងបន្តការខិតខំប្រឹងប្រែងនេះទៅមុខទៀតផងដែរ៕

Advertisement