ថាមែន មែន!!  ពេជ្រ​ សូលីកា បង្ហាញមុខនៅក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស

ពិតជាធ្វើឱ្យអ្នកគាំទ្រកាន់តែមានភាពភ្ញាក់ផ្អើលឡើង នៅពេលដែលស្ថានីយទូរទស្សន៍ហង្សមាស បានប្រមូលផ្ដុំតារាល្បីៗមកចូលរួមសម្ដែងនៅក្នុងរឿងភាគថ្មីៗរបស់ខ្លួនយ៉ាងសន្ធឹកសន្ធាប់បន្ដបន្ទាប់គ្នា។ ដោយឡែក ក្នុងគណនីហ្វេសប៊ុក Hang Meas Khmer Drama បានបង្ហោះរូបភាពសកម្មភាពរឿងភាគថ្មីមួយទៀត ដែលមានចំណងជើងថា  ”អាពាហ៍ពិពាហ៍ក្លែងក្លាយ” ដែលមានតួចាស់-ក្មេង​ជាច្រើនដួង បានចូលរួមសម្ដែង។

កាន់តែស្រាយចម្ងល់របស់អ្នកគាំទ្រ ដែលបានសង្ស័យថា តារាស្រីរូបស្រស់ជាដៃគូតារាចម្រៀង នីកូ គឺកញ្ញា ពេជ្រ​ សូលីកា បានហក់ចូលទ្រនំហង្សមាសនេះ នៅពេលនេះ នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងទ្រនំធំមួយនេះ តាមរយៈរឿងភាគខាងលើ ក្នុងតំណែងជាតួឯកស្រីតែម្ដង។ គួរឱ្យដឹងដែរថា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតទាំងគូនោះទេ នៅពេល​​ជួបគ្នា​ម្ដង​ៗ ​អ្នក​ទាំង​ពីរ​​សម្ដែង​ស៊ី​ចង្វាក់​គ្នា​​បាន​ល្អ​ណាស់។ ដូច្នេះ​ហើយ​ ទើប​ហង្ស​មាស​ជឿជាក់​ថា​ រឿង​ភាគ​ថ្មី​ដែល​សម្ដែង​ដោយ​ ពេជ្រ សូលីកា និង នីកូ នេះនឹងទទួល​បាន​ការ​គាំទ្រ​ខ្លាំងពី​ទស្សនិកជន​មិនខាន ព្រោះ​អ្នក​ទាំង​ពីរ​មាន​ហ្វ៊ែនៗ​គាំទ្រ​ច្រើនណាស់។

ទោះបីជាការវិលចូលវិស័យសិល្បៈវិញលើកនេះ តារាស្រីរូបនេះនៅមិនទាន់ទទួលបានភាពជោគជ័យខ្លាំងមែន តែអ្នកគាំទ្ររូបនាងនៅតែបន្ដទទូចចង់ឃើញនាងសម្ដែង និងច្រៀងច្រើនដូចមុនដដែល តែនៅពេលនេះ គឺបានសម្រេចដូចការរំពឹងទុកហើយ។ ពាក់ព័ន្ធនឹងរឿងភាគថ្មី នៅមិនទាន់មានតម្រុយណាមួយបញ្ជាក់ថា នាងអាចនឹងចេញចម្រៀងប្រកបរឿងភាគនៅក្នុងទ្រនំធំនេះនៅឡើយ មានតែការរង់ចាំតាមដានជាបន្តតែប៉ុណ្ណោះ៕

Advertisement