រូបប៉ុន្មានសន្លឹករបស់ សូរ្យ​ អេនណា បង្ហាញពីការលើកស្ទួយតម្លៃសម្បត្តិវប្បធម៌ប្រពៃណីខ្មែរ

ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តមែន សម្រាប់តារាបង្ហាញម៉ូដ និងសម្ដែង កញ្ញា សូរ្យ អេនណា ដែលបានបង្ហាញឈុតសម្លៀកបំពាក់ ព្រមទាំងទម្រង់នៃមកុដអប្សរាជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុករបស់នាង។ ដោយមានទឹកចិត្តស្រឡាញ់ និងអភិរក្សសិល្បៈបុរាណខ្មែរយើង តារាស្រីរូបនេះបានតាំងចិត្តបង្ហាញជូនយ៉ាងមុតមាំ អមដោយសារដែលអានហើយចាក់ដោតបេះដូងអ្នកគាំទ្រយ៉ាងខ្លាំងទៀតផង។

នៅក្នុងសំណេរសារនោះ នាងបានបង្ហាញពីអារម្មណ៍ពិតថា «រៀងរាល់ពេលដែលនាងខ្ញុំបានទៅទស្សនាប្រាសាទអង្គរវត្ត​ អ្វីដែលនាងខ្ញុំចាប់អារម្មណ៍ជាងគេ គឺ​មកុដនៃតួអង្គអប្សរាដែលមានលក្ខណៈខុសៗគ្នា​ទាំងអស់។ នាងខ្ញុំធ្លាប់ស្រមៃថា មកុដទាំងអស់នោះនឹងមានរូបរាងពិតប្រាកដ ហើយនៅថ្ងៃណាមួយនាងខ្ញុំនឹងបានគ្រង។ ឥឡូវនេះបានចេញជារូបរាងបណ្តើរៗហើយ ដែលពិតជាធ្វើឱ្យនាងខ្ញុំមានអារម្មណ៏ដូចបានត្រឡប់ទៅកាន់អតីតកាលនាសម័យអង្គរ នៅពេលដែលនាងខ្ញុំគ្រងមកុដទាំង5 នោះ។ សូមចូលរួមថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ ប្រពៃណីខ្មែរយើង! »។

សូមបញ្ជាក់ផងដែរថា មិនត្រឹមតែរូបនាងមានសម្រស់ស្រស់សោភាសមសួនជានារីខ្មែរអង្គរនោះទេ នាងថែមទាំងបានលើកបង្ហាញស្នាដៃ ដែលស្ដែងពីតម្លៃនៃសិល្បៈវប្បធម៌ខ្មែរជាច្រើនទៀត នៅលើឆាកអន្ដរជាតិ និងទទួលបានមេដាយមាសជាច្រើនសន្ធឹកសន្ធាប់ទៀតផង៕

Advertisement