ទីបំផុត អ៊ីវ៉ា ក្លាយជាតារាចម្រៀងរបស់ផលិតកម្ម ថោន មែន!!

នៅពេលថ្មីៗនេះ តារាចម្រៀងដែលជាគ្រាប់ពេជ្ររបស់ផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ត្រូវបានប្រភពមួយទម្លាយមកទៀតហើយថា នាងពិតជាបានស្ពាយបង្វេចចេញពីទ្រនំចាស់របស់ខ្លួន ហក់ទៅកាន់ទ្រនំថ្មីច្បាស់ប្រាកដហើយ ព្រមទាំងជិតបានបង្ហាញខ្លួនជាផ្លូវការនាពេលឆាប់ៗខាងមុខនេះទៀតផង។ ដោយតារាស្រីរូបនេះ បានរំពឹងទុកថា ប្រជាប្រិយភាពរបស់ខ្លួននឹងកើនឡើងជាមុន នៅពេលបង្ហាញមុខមាត់ថ្មីនេះ។

ប្រភពមួយបានបង្ហើបឱ្យដឹងថា អ៊ីវ៉ា បានក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្ម ថោន ហើយ ក្រោយពេលដែលនាងចាកចេញពីផលិតកម្មសាន់ដេ ដោយចប់កុងត្រា កាលពីពេលថ្មីៗនេះ។ ការស្ពាយបង្វេចទៅទ្រនំថោននេះ តារាចម្រៀងស្រីវ័យក្មេងដែលធ្លាប់ទទួលបានការជ្រោមជ្រែងភាពល្បីល្បាញពីផលិតកម្មសាន់ដេរូបនេះ បានសម្រេចចិត្តបោះបង់ចោលផលិតកម្មធំមួយទៀតគឺ រស្មីហង្សមាស ដែលកន្លងមកធ្លាប់ធ្លាយដំណឹងថា បានព្យាយាមអូសទាញនាងជាច្រើនឆ្នាំមកហើយដែរ ក៏ប៉ុន្ដែ អ៊ីវ៉ា ប្រហែលជាយល់ថា នៅទ្រនំហង្សមាស អាចនឹងមានសមាជិករាងច្រើនបន្តិចហើយ ហេតុនេះបានជានាងជ្រើសយកផលិតកម្មថោនធ្វើជាទ្រនំទី2 បន្ទាប់ពីជ្រកកោនជាមួយផលិតកម្មសាន់ដេ អស់ជិត10ឆ្នាំរួចមក។

គួរឱ្យដឹងដែរថា មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីវ័យក្មេងរូបនេះបានស្ងប់ស្ងាត់ការចេញបទចម្រៀងនៅក្នុងផលិតកម្មសាន់ដេហើយ តែនាងធ្លាប់បានបង្ហើបពីសកម្មភាពថ្មីៗរបស់នាងប្រាប់ដល់ប្រិយមិត្តអ្នកគាំទ្រថា «សុំទោសដែលធ្វើឱ្យប្រិយមិត្តរង់ចាំបទថ្មីរបស់នាងខ្ញុំយូរ តែយើងនឹងជួបគ្នាឆាប់ៗនេះ»។ ដំណឹងខ្សឹបខ្សៀវដែលប្រាប់ថា នាងសម្ងំផលិតបទចម្រៀងនៅថោននោះ អាចជាការពិតមែនហើយ បើទោះបីជាកន្លងមកនាងព្យាយាមលាក់បាំង និងបដិសេធថា មិនបានចាកចេញពីសាន់ដេយ៉ាងណាក៏ដោយ។ សារព័ត៌មានឡារ៉ែន នឹងព្យាយាមទាក់ទងរកការបកស្រាយបញ្ជាក់បន្ថែមពីកញ្ញា អ៊ីវ៉ា ដើម្បីជម្រាបជូនប្រិយមិត្តជាបន្តទៀត៕

Advertisement