ទីបំផុត គេបានដឹងពីស្ថានភាពជំងឺរបស់លោក យូ ឌីស្កូ នៅប្រទេសឥណ្ឌាហើយ

អស់រយៈពេលជាង 2 ខែហើយដែលលោក យូ ឌីស្កូ បានទៅសម្រាកព្យាបាលជំងឺនៅប្រទេសឥណ្ឌា ដោយសារតែលោកកើតជំងឺក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់ ដែលតម្រូវឱ្យរូបលោកត្រូវវះកាត់ប្តូរក្រលៀនថ្មី ដែលត្រូវចំណាយទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ។

ស្របគ្នានោះដែរ ខណៈនេះលោក យូ ឌីស្កូ បានចេញពីបន្ទប់ ICU ហើយ និងមានសុខភាពល្អប្រសើរ ធូរស្រាលជាមុនហើយ ព្រមទាំងបានផ្ញើសារមកកាន់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រាប់ពីស្ថានភាពជំងឺ និងអាការរបស់លោកនៅពេលនេះ ។​ ដោយផ្អែកលើគណនីអ្នកនាង ចន ច័ន្ទលក្ខិណា កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាងបានសរសេរថា « អរចង់ហោះលោកអើយ បានចេញពីបន្ទប់ ICU ភ្លាម កាន់ទូរស័ព្ទឆាតមកភ្លែត ឆាប់ជាណា ប៉ិ យូ ឌីស្កូ»។ ហើយថ្មីៗនេះ អ្នកនាងបានបន្ដទៀតថា​ «ឈឺប៉ុណ្ណឹងហើយនៅឆ្លៀតផ្ញើសារមកជូនពរគ្នាទៀត គ្នាជូនពរឱ្យប៉ិឯងឆាប់ជា និងឆាប់មានកម្លាំងកំហែងឡើងវិញនឹងអាលបានមកធ្វើការជុំគ្នាវិញ»។

សូមជម្រាបផងដែរថា ដំណឹងនេះត្រូវបានអ្នកគាំទ្រជាច្រើនមានក្តីរំភើបខ្លាំងណាស់ ហើយសង្ឃឹមថា​ ក្រោយទទួលការព្យាបាលហើយ លោក យូ ឌីស្កូ នឹងអាចត្រឡប់មកកាន់វិថីសិល្បៈបានដូចដើមវិញ។ យ៉ាងណាមិញ សម្រាប់ទស្សនិកជន និងមិត្តសិល្បៈនៅពេលនេះ គឺគ្មានអ្វីក្រៅពីពាក្យពេចន៍ជូនពរលោកដែលកំពុងសម្រាកព្យាបាលនៅទីនោះ ឱ្យប្រកបដោយជោគជ័យ ឆាប់ជាសះស្បើយ និងឆាប់បានត្រឡប់មកកម្ពុជាវិញប្រកបដោយសុខសុវត្ថិភាព៕

Advertisement