គង់ ចាន់ស្រីមុំ និងស្វាមី ធ្វើបុណ្យសូមសេចក្ដីសុខមុនថ្ងៃសម្រាល

តាមរយៈបណ្ដាញទំនាក់ទំនងរបស់អ្នកនាង គង់ ចាន់ស្រីមុំ នៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2018នេះ បានឱ្យដឹងថា អ្នកនាង និងស្វាមី បានទៅធ្វើបុណ្យជាមួយព្រះសង្ឃ ដើម្បីសូមសេចក្ដីសុខចម្រើន និងសេចក្ដីសុខសុវត្ថិភាពមុនថ្ងៃសម្រាល។

អ្នកនាង បានរៀបរាប់ថា «ថ្ងៃនេះ​ ថ្ងៃសីលពេញបូណ៌មី​ ខ្ញុំសូមបួងសួង​ដល់វត្ថុស័ក្តិសិទ្ធិទាំងអស់​ សូមជួយថែរក្សាកូនចៅ និងគ្រួសារឱ្យបានសុខសប្បាយ​ មានសុខភាពល្អ​ និងជួបតែមនុស្សល្អ​ ជូនបុណ្យគ្រប់គ្នាផងចា៎»។

គួររំឭកដែរថា ប៉ុន្មានថ្ងៃមុននេះគេឃើញ តារាសម្ដែង គង់ ចាន់ស្រីមុំ តែងតែចំណាយពេលវេលា ផ្ដិតយករូបភាពស្អាតៗក្នុងពេលដែលខ្លួនកំពុងពពោះជិតគ្រប់ខែ ដើម្បីបន្សល់ទុកជាអនុស្សាវរីយ៍ និងទោះជាកៀកថ្ងៃសម្រាលកូនក៏ដោយ ក៏អ្នកនាងនៅតែដើរបំពេញការងារមើលការខុសត្រូវហាងរបស់ខ្លួនដដែល។ ក្នុងពេលជាមួយគ្នានោះដែរ អ្នកនាងក៏ទទួលបានការយកចិត្តទុកដាក់ និងមើលថែទាំពីស្វាមីជាទីស្រឡាញ់ផងដែរ។ ដោយឡែក បើងាកមកមើលពីសម្រស់វិញ តារាស្រីរូបនេះនៅតែមានភាពស្រស់ស្អាត និងក្មេងវ័យដដែល បើទោះបីជាពេលនេះ អ្នកនាងកំពុងពពោះក្តី រហូតដល់មានការលាន់មាត់សរសើរយ៉ាងច្រើនពីសំណាក់អ្នកក្នុង និងក្រៅពិភពសិល្បៈ។

គួរបញ្ជាក់បន្ថែមផងដែរថា ថ្មីៗនេះ មហាជនកំពុងមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងស្ទីលថ្មីនៃការតុបតែងខ្លួន និងស្លៀកពាក់របស់អ្នកម្ដាយវ័យក្មេង គង់ ចាន់ ស្រីមុំ ដែលកំពុងតែមានគភ៌ជិតគ្រប់ខែ និងត្រូវត្រៀមខ្លួន សម្រាលនាថ្ងៃទី7 ខែកក្កដាខាងមុខនេះ។ ដើម្បីត្រៀមស្វាគមន៍ព្រះនាងតូចថ្មីរបស់អ្នកនាង លោក គឹម សីហា កំពូលស្វាមីបណ្ដូលចិត្តអ្នកនាងបានរៀបចំធ្វើកម្មវិធីប្លែកមួយឡើង ដែលមិនធ្លាប់មានពីមុនមក និងឃើញមានវត្តមានភ្ញៀវ មិត្តសិល្បៈ និងសាច់ញាតិបានអញ្ជើញចូលរួមក្នុងកម្មវិធីនោះ អ្នកនាង ស្រីមុំ មានការតុបតែងខ្លួនបែបជាស្រ្ដីមានផ្ទៃពោះ រួមជាមួយនឹងការគ្រងឈុតសម្លៀកបំពាក់គេងយប់ និងការផាត់មុខ ធ្វើសក់ ធ្វើឱ្យទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់មហាជន៕

Advertisement