អីយ៉ា ! នី រតនា ក៏បានសម្ដែងក្នុងរឿងបុរាណនេះដែរ…

ប៉ុន្មានម៉ោងមុននេះបន្ដិច តារាចម្រៀងសំឡេងផ្អែម លោក នី រតនា បានបង្ហោះរូបភាពទាំងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងអ៊ីនស្ដាក្រាមរបស់លោកដែលស្ដែងឱ្យឃើញថា លោកបានចូលរួមសម្ដែងក្នុងរឿងភាគបុរាណដ៏ល្បីមួយ ដែលនឹងចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗនេះ។

រូបភាពគូជាមួយតារាស្រី យ៉ែម ស្រីពេជ្រ ដែលជាតួស្រីម្នាក់នៅក្នុងរឿងភាគបុរាណ «កូនពស់កេងកង​» នោះ លោក នី រតនា បានរៀបរាប់ថា «អរុណសួស្ដីបងប្អូនទាំងអស់គ្នា សុខសប្បាយជាទេ?? ហើយមាននឹកខ្ញុំអត់ហ្នឹង?? ថ្ងៃនេះខ្ញុំទំនេរក៏ឆ្លៀតមកខេត្តកំពត ចាក់ផ្កាទុកលក់ ក្រែងលោបានលុយខ្លះធ្វើដំណើរទៅភ្នំពេញវិញ » ។ គ្រាន់តែបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះភ្លាម អ្នកគាំទ្រលោកភ្ញាក់ផ្អើលគ្រប់ៗគ្នា ហើយនាំគ្នានឹកស្មានមិនដល់ថា លោកក៏បានសម្ដែងរឿងល្បីមួយនេះផងដែរ។

គួរបញ្ជាក់ផងដែរថា លោក នី រតនា បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគូដណ្ដឹងស្រស់សោភាបានប៉ុន្មានខែមក គេសង្កេតឃើញថា លោកនិយមបង្ហាញភាពផ្អែមល្ហែមដូចស្ករតាំងម៉ែ និងរៀបរាប់ Status ទ្រឹស្តីស្នេហាប្លែកៗដូចជា «ពាក្យថាស្រឡាញ់ មិនស្មើនឹងទង្វើដែលបង្ហាញថាស្រឡាញ់នោះទេ ដូច្នេះជីវិតគូ គឺត្រូវតែរៀនឱ្យចេះផ្សំគ្រឿងជីវិត ភ្លក្សឱ្យត្រូវរសជាតិជីវិតគូ ដាច់ខាតកុំឱ្យប្រៃពេក កុំឱ្យផ្អែមពេក កុំឱ្យសាបពេក និងកុំឱ្យហឹរពេក ទើបជីវិតគូស្ថិតស្ថេរយូរអង្វែង»។ តើមានអ្នកគាំទ្រប៉ុន្មាននាក់ ដែលមិនច្រណែនគូដណ្ដឹងរបស់លោក?៕

Advertisement