ហេតុផលដែល LD ចេញលិខិត​ប្រកាស​ពាក់ព័ន្ធនឹងតារាស្រី វ៉ាន់ វល័ក្ខ ត្រូវបានលាតត្រដាង

កាលពីពេលថ្មីៗកន្លងទៅនេះមានការបែកធ្លាយដំណឹងដ៏រសើបមួយលើករណីតារាសម្តែងរូបស្រស់សម្បូរសាច់ដើមទ្រូង កញ្ញា វ៉ាន់ វល័ក្ខ ត្រូវបានផលិតកម្ម LD ចេញលិខិតព្រមានពាក់ព័ន្ធនឹងការមិនគោរពពេលវេលាថត ក៏ដូចជាមិនបំពេញតាមលក្ខខណ្ឌនៃកិច្ចសន្យា។ ប៉ុន្តែបន្ទាប់ពីមានការទម្លាយដំណឹងនេះរួចមក ភ្លាមៗនោះសាមីខ្លួន កញ្ញា វ៉ាន់ វល័ក្ខ និងភាគីផលិតកម្ម ក៏បានធ្វើការសម្រុះសម្រួលគ្នាវិញរួចរាល់ហើយដែរ។ ដោយកន្លងមកតារាស្រីរូបនេះ បានអះអាងថា ករណីមួយនេះជារឿងយល់ច្រឡំលើរូបនាង។

តែយ៉ាងណាក៏ដោយ សម្ដីបកស្រាយរបស់តារាស្រីសិចស៊ី វ៉ាន់ វល័ក្ខ ត្រូវបានអ្នកនៅក្នុងចង្កោមសិល្បៈច្រានចោលថា នោះជាសម្ដីដោះសាយករួចខ្លួនរបស់នាងតែប៉ុណ្ណោះ។ ប្រភពច្បាស់ការណ៍ពីអ្នកនៅក្នុងចង្កោមសិល្បៈ គេបានបង្ហើបប្រាប់ថា «វ៉ាន់ វល័ក្ខ  ដែលមានរឿងចម្រូង​ចម្រាសជាមួយខាងផលិតកម្ម LD នោះ មិនមែនជារឿងយល់ច្រឡំនោះទេ»។ ប្រភពដដែលបានបន្ដថា «វ៉ាន់ វល័ក្ខ បានអះអាងថា ដោយសារតែ​សង្សារហាម​មិនឱ្យចេញថត ដោយទុកឱ្យសម្រាកនៅក្នុងខុនដូមួយល្វែងដ៏ធំស្កឹមស្កៃ។ ប៉ុន្តែធាតុពិតវិញ រឿង​ផ្ទុយគ្នាស្រឡះ មិនដូចការលើកឡើងឡើយ ពោលគឺនាង​ដើរលេង​យប់ជ្រៅ ផឹកស្រវឹង  មិនអាចក្រោកទៅថតឱ្យគេបាន ដែលជាហេតុធ្វើឱ្យមានរឿង​ដ៏ភ្ញាក់ផ្អើលខាងលើនេះឡើង» ។​

គួរកត់សម្គាល់ផងដែរថា តារាស្រីរូបនេះក៏ត្រូវបានសារព័ត៌មានចេញផ្សាយផងដែរ ពីករណីគ្រោះថ្នាក់ចរចរណ៍ បើករថយន្ដជ្រុលចង្កូតធ្លាក់កង់ចូលច្រកចំណតក្រោមដីរបស់អគារកំពុងជួសជុលមួយកន្លែងដោយសង្ស័យថាបានប្រើគ្រឿងស្រវឹងទៀតផង។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់អ្នកសារព័ត៌មានថា ក្រោយពេលកើតហេតុ តារាស្រីសិចស៊ី វ៉ាន់ វល័ក្ខ បានចុះចេញពីរថយន្តទាំងធុំក្លិនស្រាហួង និងទន់ខ្លួនទទ្រតទទ្រោត តែរូបនាងបានរៀបរាប់ថា នាងបានចេញមកពីជួបជុំមិត្តភ័ក្តិវិញ ដោយបើករថយន្តមកដល់ចំណុចកើតហេតុ នាងច្រឡំស្មានតែផ្លូវបត់ចូលផ្ទះរបស់នាង ទើបបើករថយន្តបត់ឡើងទៅកល់ជាប់នឹងផ្លូវចុះចំណតខាងលើតែម្ដង។ បន្ទាប់មក នាងបានពឹងឱ្យបងប្អូនពលរដ្ឋ ដែលនៅក្បែរនោះ ជួយរកអ្វីមកលើករថយន្តរបស់ខ្លួនឡើងលើវិញ។ ហើយនាងបានប្រាប់ទៀតថា រថយន្តរបស់នាង គឺទើបតែទិញថ្ងៃមិញនេះទេ តែនាងបែរជាបើកមកកល់ជាប់បែបនេះទៅវិញ។ នេះក៏ជាហេតុការណ៍មួយដែលតារាស្រី វ៉ាន់ វលក្ខ បង្ហាញពីការផឹកស្រវឹងនាពេលយប់ៗជ្រៅដែរ។

ហេតុផលខាងលើនេះ ត្រូវបានមហាជនគេមើលឃើញថា អាចនឹងសមស្របម្យ៉ាងដែរ តែខុសពីសម្ដីដែលនាងបានធ្វើការបកស្រាយប្រាប់អ្នកសារព័ត៌មានកន្លងមក ដោយនាងបានអះអាងប្រាប់ថា  «នេះគឺជាករណីយល់ច្រឡំ ដែលកើតចេញពីអ្នកសិល្បៈរួមអាជីពជាមួយគ្នា រួចក៏យករឿងនេះទៅនិយាយលើសពីការពិត បង្កឱ្យមានការយល់ច្រឡំ។ ម្យ៉ាងទៀត ចំពោះរឿងរ៉ាវនេះ គឺខ្ញុំ និងខាងភាគីផលិតកម្មបានធ្វើការដោះស្រាយគ្នារួចមកហើយ»។ នាងបន្ដថា «រឿងនេះក្រោយពេលបញ្ចប់ការដោះស្រាយគ្នារួចរាល់ ក៏ស្រាប់តែមានអ្នកសិល្បៈដែលច្រណែនខ្ញុំ ទម្លាយរឿងនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងន័យចង់ឱ្យខ្ញុំខូចកិត្តិយស។ មិនតែប៉ុណ្ណោះ ថែមទាំងផ្អើលដល់បណ្តាញសារព័ត៌មានមួយចំនួនយកទៅចុះផ្សាយ ដោយគ្មានការសម្ភាសន៍ ស្វែងរកការពិតពីសាមីខ្លួនខ្ញុំផ្ទាល់ទៀតផង»។ យ៉ាងណាមិញ សារព័ត៌មានឡារ៉ែន នៅមិនទាន់អាចទំនាក់ទំនងសុំការបកស្រាយពីតារាស្រីរូបនេះបាននៅឡើយទេ៕

Advertisement