តោះ មក​អាន​ពាក្យពេចន៍​ផ្អែមល្ហែម​របស់ ហង្ស ម៉ា​រី​នី ជាមួយ​គូស្នេហ៍

ជា​ហូរហែ​គេ​ធ្លាប់តែ​ឃើញ​ស្រី​ស្រស់​ចិត្តបុណ្យ កញ្ញា ហង្ស ម៉ា​រី​នី បង្ហោះ​ពីសារខ្លីៗក្នុងន័យ​ប្រកាស​សុំឱ្យ​មានការ​ចូលរួម​សកម្មភាព​ជួយ​ដល់​សង្គម តាមរយៈ​ការចែករំលែក​ធនធាន​ផ្ទាល់ខ្លួន​ទៅដល់​មូល​និ​ធី​មនុស្សធម៌ ឬ​ជួយឧបត្ថម្ភ​ដល់​កុមារកំព្រា​នានា​ជាដើម ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាពចុះ​ទៅដល់​មូលដ្ឋាន​នៅតាម​តំបន់​ដាច់​ស្រ-​យ៉ា​ល​ផងដែរ។ ដោយឡែក​ចំពោះ​ការបញ្ចេញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ក្នុងន័យ​ជា​លក្ខណៈ​បុគ្គល ជាពិសេស​រឿងរ៉ាវ​ស្នេហា​តែម្ដង ស្រី​ស្រស់​ម្នាក់នេះ​មិនដែល​បញ្ចេញ​ជា​សាធារណៈ​នោះឡើយ។ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​បង្ហាញ​ពី​ភាព​ភ្ញាក់ផ្អើល​នោះ គឺ​នាង​បាន​បង្ហោះ​សំណេរ​ដ៏​វែង​អន្លាយ បរិយាយ​ពី​អារម្មណ៍​រីករាយ​ជាមួយ​បុរស​គូស្នេហ៍ ដោយ​អម​ជាមួយនឹង​រូបភាព​ស្និទ្ធស្នាល​នៅក្នុង​សួនផ្កា​ជាច្រើន​សន្លឹក​ថែមទៀត​ផង។

តាមរយៈ​គណនី​ផ្ទាល់ខ្លួន កញ្ញា ហង្ស ម៉ា​រី​នី បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា “អរគុណ​គ្រប់យ៉ាង អរគុណ​ដែល​បង​តែងតែ​នៅក្បែរ​អូន ការពារ​អូន បង​តែងតែ​ផ្តល់​ភាពកក់ក្តៅ ក្តីសង្ឃឹម កម្លាំងចិត្ត និង​សុភមង្គល​ជូន​គ្រប់ពេល គ្រប់​វិនាទី គ្រប់​ម៉ោង គ្រប់​ថ្ងៃ គ្រប់​ខែ គ្រប់​ឆ្នាំ បង​មិនដែល​ធ្វើឱ្យ​អូន​ពិបាកចិត្ត ឬក៏​ទឹកភ្នែក​ម្តងណា​ឡើយ តាំងពី​បង​ស្រឡាញ់​អូន​ដំបូង​រហូតដល់​ពេលនេះ គឺ​បង​តែងតែ​ផ្តល់នូវស្នាមញញឹម និង​ភាពសប្បាយ​រីករាយ​ជូន​អូន​ជានិច្ច ជាពិសេស​កន្លែង​ដែល​អូន​ប្រាថ្នា គឺ​បង​តែងតែ​នាំ​អូន​ទៅជា​និច្ច។ ដឹងថា​បង​ហត់នឿយ​ខ្លាំង ដើម្បី​គ្រួសារ​មួយ​នេះ តែ​បង​មិនដែល​រអ៊ូ​ថា​ហត់​សូម្បី​មួយ​ម៉ាត់ មិន​ដែល​ត្អូញត្អែ ទោះ​បង​ឈឺ​ក៏​មិន​ហ៊ាន​ប្រាប់​អូន​ថា​ឈឺ​ដែរ ទាល់តែ​ស្ទាប​ក្បាល​ក្តៅខ្លួន បាន​សួរ​ទៅបាន​ប្រាប់ថា​ឈឺ​មែន……. មនុស្ស​ស្អី ក៏​ពូកែ​ទ្រាំ​ម៉្លេះពេលខ្លះ​អូន​ហត់​ពេក អូន​មួម៉ៅ​ដាក់​បង ថាឱ្យ​បង​ក៏មាន តែ​បង​មិនដែល​តប​នឹង​អូន​ទេ មានតែ​យកចិត្ត​អូន​ថែម ទៅ​ទិញ​នេះ​ទិញ​នោះមក​លួង​អូន ថា​អូន​ខឹង​ចឹ​ង​មុខ​អត់​ស្អាត​ទេ ឆាប់​ចាស់​ដឹង​អត់? ជាពិសេស​បង​តែងតែ​បង្រៀន​អូន​គ្រប់ពេល ដុសខាត់​អូន ទាំង​ការរកស៊ី ចំណេះវិជ្ជា ការយោគយល់ និង​ការ​អធ្យាស្រ័យ។ បង​តែងតែ​ប្រាប់​អូន​គ្រប់ពេល​ថា ធ្វើ​អី​ក៏ដោយ ចូរ​អូន​ធ្វើ​ដោយ​សន្តិ​វិធី កុំ​ធ្វើ​ដោយ​ឆេវឆាវ ត្រូវមាន​ក្តីមេត្តាក្តី​សន្តោស យកចិត្ត​គេ​ដាក់ចិត្ត​យើង នោះ​យើង​នឹងមាន​តែ​សេ​ក្តី​សុខ។ នេះហើយ​ជា​ចំណុច​ដែល​អូន​ខ្វះ​បង​មិនបាន ទឹកចិត្ត​ដ៏​ល្អរ​បស់បង គឺ​ធំ​ជាងអ្វីៗទាំងអស់”។

បន្ថែម​ពីនេះ ស្រី​ស្រស់ ដែលជា​ថៅកែ​ហាង​គ្រឿងក្រអូប​វ័យក្មេង​ម្នាក់នេះ​ថែមទាំង​បាន​សរសេរ​សារ​បែប​ជាការ​ផ្តល់​គំនិត​ដល់​បណ្តា​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ​ថា “កុំ​ស្រឡាញ់​មនុស្ស​ណា​ម្នាក់​ដោយសារតែ​ចង់បាន​ផលចំណេញ​ពីគ្នា, ចង់បាន​ទ្រព្យសម្បត្តិ​គេ, ចង់បាន​ខ្លួនប្រាណ, យកមក​លេងសើច, ទុក​កំដរ​អារម្មណ៍, យកមក​អួត​គ្នា​ជាមួយ​មិត្តភក្តិ, ខ្លាច​គេ​ឌឺ​ថា​អន់​ពេល​គ្មាន​សង្សារ​ដូច​គេ។ ការស្រឡាញ់​មិនមែនជា​ល្បែង​ទេ បើ​ស្រឡាញ់​នរណាម្នាក់ យើង​ត្រូវ​ចេះ​យល់​ពី​អារម្មណ៍​គ្នា, ចេះ​ថ្នាក់ថ្នម​លួងលោម, ស្រឡាញ់​គឺ​ស្រឡាញ់​មិនមែន​របស់​លេងសើច, កុំ​ចេះតែ​ធ្វើឱ្យ​កើតទុក្ខ​ច្រើនជាង​សប្បាយ, ចេះ​រក​ពេលវេលា​ក្បែរ​គ្នា​ឱ្យបាន​ច្រើន, ផ្តល់​ភាពកក់ក្តៅ និង​ភាពជឿជាក់​ដល់​គ្នា, ព្យាយាម​ផ្តល់នូវ​អ្វីដែល​គេ​ត្រូវការ តែ​មិនមែន​តម្រូវ​តែ​ចិត្ត, ចេះ​ឱ្យ​តម្លៃ និង​គោរព​គ្នា​ទៅវិញទៅមក។ មនុស្ស​ភាគច្រើន​ស្អប់​ការនិយាយ​កុហក និង​ភាពមិនស្មោះត្រង់ បើ​យើង​ស្រឡាញ់​នរណាម្នាក់ យើង​ត្រូវតែ​ចេះ​ថែរក្សា​គេ កុំឱ្យ​ដល់ពេល​គេ​ទៅ​បាត់​តាំង​មក​ស្ដាយក្រោយ”៕

Advertisement