ធ្លាយ​រឿង ព្រះកាយ ច័ន្ទ លួចលាក់​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ លោក ឆា​នី សូ

ស្រប​ពេលដែល​ប្រជាប្រិយភាព​កំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​តាមរយៈ​ការសម្ដែង​នៅក្នុង​ខ្សែភាពយន្ត​ភាគ​ខ្មែរ ដែល​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ5 រឿង “ទណ្ឌកម្ម​ស្នេហ៍”ក្នុងនាម​ជា​តួឯក​ស្រី​នោះ ពេលនេះ​តារា​សម្ដែង​ស្រី​រាង​ខ្ពស់ស្រឡះ ដែល​តែង​យក​ឪពុក​ដើរ​តាម​ប្រៀប​ដូច​កង​រក្សា​សុវត្ថិភាព កញ្ញា ព្រះកាយ ច័ន្ទ ត្រូវបាន​គេ​ទម្លាយ​អាថ៌កំបាំង​មក​ថា មិន​ត្រឹមតែ​ជាការ​សម្ដែង​បែប​គូស្នេហ៍​នៅក្នុង​សាច់រឿង​ជាមួយ​តួឯក​ប្រុស លោក ឆា​នី សូ នោះទេ ភាពជាក់ស្ដែង​នៅក្រៅ​ឆាក​ឯណេះ​វិញ អ្នក​ទាំងពីរ​ក៏​កំពុងតែ​សាង​ភាព​ល្អូកល្អិន​យ៉ាង​ស្អិតល្មួត​ជាមួយគ្នា​ផងដែរ។

ជាច្រើនលើក​ច្រើនសា​ណា​ស់មក​ហើយ ដែល​កញ្ញា ព្រះកាយ ច័ន្ទ បានចេញ​មុខ​ធ្វើការ​បដិសេធ​ទៅនឹង​ព័ត៌មាន​ច​ចាម​អារ៉ាម​ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​ចំណង​ស្នេហ៍​ថ្មោងថ្មី​ជាមួយ​តារា​សម្ដែង​ប្រុស​រួម​អាជីព គឺ​លោក ឆា​នី សូ ដែល​បច្ចុប្បន្ន​ក៏​ជា​ដៃគូ​ពិធីករ​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ប្រចាំ​សប្ដាហ៍ Carabao Spark Concert នៅ​មណ្ឌល​កម្សាន្ត Spark & Tawandang។ យ៉ាងណាក៏ដោយ​បើទោះជា​ការព្យាយាម​ចេញមុខ​បកស្រាយ​បែបណាក៏ដោយ រហូតមកដល់​ពេលនេះ កម្ដៅ​នៃ​ព័ត៌មាន​ដ៏​រសើប​មួយ​នេះ​នៅតែ​មិនទាន់​ថមថយ​នៅឡើយ ផ្ទុយទៅវិញ មានតែ​ធ្វើឱ្យ​សាយភាយ​កាន់តែខ្លាំង​លើស​ដើម។

តប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​កាលពី​ពេល​កន្លងទៅនេះ ព្រះកាយ ច័ន្ទ បាន​ទទួលស្គាល់ថា ទំនាក់ទំនង​រវាង​រូបនាង​ជាមួយនឹង​លោក ឆា​នី សូ ពិត​ជាមាន​ភាពស្និទ្ធស្នាល​ប្រាកដ​មែន ប៉ុន្តែ​វា​មិនមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ចំណង​ស្នេហ៍​លួចលាក់​ដូច​ការលើកឡើង​នោះទេ។ នាង​បាន​បញ្ជាក់ទៀតថា កាលដែល​គេ​គ្រប់គ្នា ក៏ដូចជា​ក្រុមការងារ​បានឃើញ​ទំនាក់ទំនង​បែប​ស្និទ្ធស្នាល ក៏​ព្រោះតែ​ភាគច្រើន​នាក់​ទាំងពីរ​ធ្វើការ​រួមគ្នា​ជា​ដៃគូ​ជាប្រចាំ មិនថាតែ​ការសម្ដែងខ្សែភាពយន្ត ការថត​ស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក៏ដូចជា​ការងារ​ជា​ពិធីករ-ពិ​ការិនី​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នោះទេ។ “ការងារ​គឺជា​ការងារ ការ​រាប់អាន​គឺជា​លក្ខណៈ​មិត្តភក្ដិ​រួម​អាជីព​តែប៉ុណ្ណោះ គ្មាន​រឿង​ស្នេហា​អ្វី​កើតឡើង​នោះទេ” នេះ​ជាការ​បញ្ជាក់​ពី​កញ្ញា ព្រះកាយ ច័ន្ទ។

យ៉ាងណាមិញ សម្រាប់​អ្នកតាមដាន​សកម្មភាព​តារា​ខ្មែរ​បាន​លើកឡើងថា “ក្រដាស​មិនអាច​ខ្ចប់​ភ្លើង​បាន​នោះទេ” ការពិត​នៅតែ​ជាការ​ពិត បើទោះជា​នាង​បាន​ព្យាយាម​បដិសេធ​យ៉ាងណាក្ដី ប៉ុន្តែ​រាល់​ទង្វើ និង​សកម្មភាព​របស់​នាង​ និង​តារា​សម្ដែង​ប្រុស​មាឌធំ​ខ្ពស់​ម្នាក់នេះ ពិតជា​មិនអាច​បិតបាំង​ការពិត​បាន​នោះឡើយ ហើយ​គេ​ក៏​នៅតែ​បន្ត​រង់ចាំ​មើលថា តើ​នាង​អាច​គេចវេស​ពី​ការពិត​បានយូរ​ប៉ុណ្ណា​ទៀត៕

Advertisement