អីយ៉ា! ផ្ទុះការសង្ស័យកូនប្រុសច្បង ព្រាប សុវត្ថិ មានទំនាក់ទំនងក្រៅសិល្បៈជាមួយតារាស្រីវ័យក្មេង

កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេសង្កេតឃើញថា តារាចម្រៀងប្រុស សុវត្ថិ មុនីវណ្ណ ដែលជាតារាពន្លកថ្មីនៅក្នុងផលិតកម្មរស្មីហង្សមាស កំពុងតែរាយមន្ដស្នេហ៍របស់ខ្លួនដាក់អ្នកគាំទ្រស្រីៗខ្លាំងមែនទែន រហូតដល់ការបង្ហាញវត្តមាននៅតាមឆាកតន្ត្រីនីមួយៗ គេសង្កេតឃើញមានអ្នកគាំទ្រដែលភាគច្រើនស្រីៗនាំគ្នាមកចោមរោមលោកដូចជាស្រមោចរោមស្កអ៊ីចឹង។

បើទោះបីជាទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈមិនទាន់បានប៉ុន្មានក៏ដោយ តែក៏កូនប្រុសច្បងលោក ព្រាប សុវត្ថិ រូបនេះហាក់បីដូចជាសម្បូរទីផ្សារចម្រៀងកាន់តែច្រើនឡើងៗ រហូតដល់អាចនិយាយបានថា ច្រើនជាងតារាល្បីៗមួយចំនួនទៅទៀត។  មិនត្រឹមតែប៉ុណ្ណោះ នៅពេលថ្មីៗនេះស្រាប់តែលេចឮដំណឹងថា លោក សុវត្ថិ មុនីវណ្ណ មិនត្រឹមតែមានការចាប់អារម្មណ៍ពីអ្នកគាំទ្រស្រីៗនោះទេ សូម្បីតែតារាស្រីៗជាច្រើនដួងទៀត ក៏ចាប់អារម្មណ៍ចំពោះរូបលោកដែរ និងថែមទាំងប៉ុនប៉ងបំណងចាប់ជាដៃគូចម្រៀងនៅលើឆាកជាមួយលោកទៀតផង។

ជាក់ស្ដែងនៅក្នុងនោះដែរ តារាសម្តែងស្រីវ័យក្មេងកញ្ញា នូណា បានបង្ហោះរូបភាពនៅលើអ៊ីនស្ដាក្រាមរបស់ខ្លួន ដែលអមដោយរូបលោក  សុវត្ថិ មុនីវណ្ណ ផងនោះបានអះអាងថា «មកដល់ឆាប់ៗ» បានបណ្ដាលឱ្យផ្ទុះការសង្ស័យនៅលើអ៊ីនស្ដាក្រាមរបស់នាង ដោយមានការលើកឡើងថា  «សង្ស័យតែអ្នកទាំងពីរមានទំនាក់ទំនងក្រៅឆាកទេដឹង បានជាស្និទ្ធស្នាលគ្នាខ្លាំងម្ល៉េះ»។ តែបើតាមការសង្កេតមើលអត្ថន័យនៃសាររបស់នាងវិញ ហាក់ដូចជាមិនមានពាក់ព័ន្ធនឹងរឿងស្នេហាក្រៅឆាកនោះទេ ទំនងជាអ្នកទាំងពីរបានថត MV ឬក៏បានច្រៀង និងសម្ដែងរួមគ្នាតែប៉ុណ្ណឹងឯង។

គួរបញ្ជាក់ផងដែរថា ការសង្ស័យនេះ នៅតែមិនទាន់មានការស្រាយបញ្ជាក់ពីសាមីខ្លួននៅឡើយ នាងទំនងជាចង់ឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលសិន។ សារព័ត៌មានឡារ៉ែន និងព្យាយាមសុំការបំភ្លឺបន្ថែមទៀតពីតារាស្រី នូ ណា និងលោក សុវត្ថិ មុនីវណ្ណ ជុំវិញការលើកឡើងរបស់អ្នកគាំទ្របែបនេះ៕

Advertisement