ឌី សូនីតា ស្អប់ណាស់មនុស្សដែលដៀលនាងថា រមិលគុណ…

មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី ឌី សូនីតា ត្រូវបានគេកត់សម្គាល់ឃើញថា មានប្រជាប្រិយភាព និងទទួលបានក្ដីស្រឡាញ់ខ្លាំងពីសំណាក់អ្នកគាំទ្រ រហូតដល់នាងទទួលបានការងារជាច្រើនក្នុងវិស័យសិល្បៈ។ បើទោះបីជា តារាស្រីរូបនេះមានភាពមមាញឹកជាមួយនឹងការងារក៏ដោយ ក៏នាងនៅតែធ្វើឱ្យអ្នកគាំទ្ររូបនាងរំភើបចិត្ត និងកោតសរសើរពីទំហំទឹកចិត្តរបស់នាងចំពោះការស្រឡាញ់ក្មេងៗដែរ។ ដោយកាលពីពេលថ្មីៗនេះ នាងបានផ្តួចផ្តើមជួយកសាងសាលារៀនមួយខ្នង មាន 4បន្ទប់ ដែលមានទីតាំងស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺសាលារៀន ល្អាងបុរេ។

តារាស្រីសម្បុរស្រអែមស្រស់រូបនេះ ជាមួយនឹងសប្បុរសជនជាច្រើនទៀត បានទៅចូលរួមសម្ពោធសាលារៀនថ្មីដែលទើបនឹងសាងសង់រួចនោះ និងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុករបស់ខ្លួន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រក្ដុកក្ដួលរំជួលអារម្មណ៍បំផុតនោះ គឺសារដ៏វែងអន្លាយរបស់នាង ដែលបានសរសេរថា «នាងជាមនុស្សម្នាក់តែងតែញញឹម តែងតែសង្ឃឹម តែងតែរំពឹងថាគង់មានថ្ងៃមួយ។ នាងជាមនុស្សម្នាក់មិនដែលចេះព្រួយ ទោះបីជាគ្មានជំនួយជាក់ស្តែង។នាងជាមនុស្សម្នាក់តែងតែសម្តែង មិនដែលខ្លាចក្រែងទោះបីខ្លួនឯងមានទុក្ខប៉ុនណា។ នាងជាមនុស្សម្នាក់តែងតែជឿជាក់ទោះបីខ្លួនធ្លាក់ក្នុងរណ្តៅក្តី។ នាងជាមនុស្សម្នាក់តែងថាអត់អី ទោះបីជាស្រីហត់នឿយគ្រប់ប្រការ។ នាងជាមនុស្សម្នាក់តែងលើកទឹកចិត្ត ទោះបីការពិតនាងឈឺចាប់ផ្សា»។ ទាំងអស់នេះហើយ ជាពាក្យដែលនាងបានលើកទឹកចិត្តខ្លួនឯង និងប្រាប់ឱ្យមហាជនបានដឹង។

តារាស្រី ឌី សូនីតា បានបន្ដបញ្ជាក់នៅក្នុងសម្ដីខ្លួនទៀតថា «នាងជាមនុស្សម្នាក់តែងតែឧស្សាហ៍ ទោះក្រយ៉ាងណាក៏នាងខំប្រឹង។ នាងជាមនុស្សម្នាក់តែងតែដឹងគុណ ទោះបីគុណនោះតូចទាបប៉ុនណា។ នាងជាមនុស្សម្នាក់ស្អប់ពាក្យមុសា ពាក្យនោះហៅថា មនុស្សរមិលគុណ។ ចុះនាងម្នាក់នោះគឺជាអ្នកណា?»។ អូហូ! ពិតជាពាក្យសម្ដីចាក់ដោតមែនទែន!!

សូមជម្រាបបន្ថែមថា តារាសម្តែងកញ្ញា ឌី សូនីតា ជាតារាស្រីមួយដួងដែលមានទេពកោសល្យសិល្បៈដ៏សម្បូរបែប ចេះទាំងនិពន្ធ និងបកស្រាយបទចម្រៀងទៀតផង។ រួមជាមួយទេពកោសល្យ និងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិផងនោះ កញ្ញា ឌី សូនីតា តែងតែត្រូវប៉ាន់ក្នុងការថតខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន៕

Advertisement