ម្ចាស់បទ «រាំជាន់អាចម៍ឆ្កែ» cover ចម្រៀងថ្មី ល្បីខ្លាំងមានអ្នកចូលទស្សនារាប់លានដង

ម្ចាស់បទចម្រៀង «រាំជាន់អាចម៍ឆ្កែ» លោក ជេន រ៉ូហ្វើ  មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ប្រជាប្រិយភាពរបស់លោកកំពុងតែទទួលបានការគាំទ្រពីសំណាក់មជ្ឈដ្ឋានមហាជនយ៉ាងខ្លាំងក្លា ដោយសារតែពេលថ្មីៗនេះ លោកបានបញ្ចេញបទថ្មី ដែលជាចម្រៀង Cover ពីតារាចម្រៀងល្បីនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីសា មានចំណងជើងថា «កំដរខ្ញុំបន្តិចបានទេ» ហាក់ដូចជាមានសម្ទុះនៃការគាំទ្រខ្លាំងរហូតសឹងអាចនិយាយបានថា ខ្លាំងជាងម្ចាស់បទដើមទៅទៀត ខណៈបទនេះបានបង្ហោះចូលក្នុងបណ្ដាញសង្គម You Tube មានអ្នកចូលទស្សនា រហូតទៅដល់រាប់លាននាក់ និងមានការចែករំលែកតៗគ្នាជាច្រើនទៀត ស្ទើរមិនគួរឱ្យជឿ។

បទចម្រៀងស៊ីអារម្មណ៍យុវវ័យមួយនេះ បានស្ដែងឱ្យឃើញពីការស្រឡាញ់ចូលចិត្តនូវសំឡេងដ៏ធ្ងន់ និងមានទឹកដមក្រអួនក្រអៅរបស់តារាចម្រៀងសម្បុរស្រអែមស្រស់មួយដួងនេះ។ លោកបានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា «ពិតជាមានក្ដីរំភើបខ្លាំងបំផុត ខណៈដែលអំឡុងពេលចូលឆ្នាំ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានស្គាល់ខ្ញុំបាទតាមរយៈបទ «រាំជាន់អាចម៍ឆ្កែ» ម្ដងរួចមកហើយ រហូតដល់មានការអញ្ចើញសម្ដែងនៅតាមឆាកតន្ត្រីធំៗ នៅតាមខេត្ត-ក្រុងទូទាំងប្រទេសទៀតផង។ នៅពេលដែលខ្ញុំបានបញ្ចេញបទចម្រៀងលំនាំ ឬCover ថ្មីបែបស្ដាយល៍បុរសមួយនេះ ក៏ពិតជាហួសពីការរំពឹងទុកទៅទៀត ព្រោះមិននឹកស្មានដល់ថា ប្រិយមិត្តនៅតែស្រឡាញ់ រង់ចាំគាំទ្របទចម្រៀងថ្មីៗរបស់ខ្ញុំយ៉ាងដូច្នោះសោះ»។

គួរបញ្ជាក់ផងដែរថា ទោះជាតារាចម្រៀងប្រុសរូបនេះនៅមិនទាន់បានចេញបទថ្មីខ្លួនឯងជាបន្តបន្ទាប់ក្ដី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកក្នុងវិស័យសិល្បៈហាក់ដូចជាមានភាពល្បីល្បាញគួរសម មិនចាញ់តារាចម្រៀងនៅក្នុងផលិតកម្មធំៗមួយចំនួនឡើយ។ ហើយនៅពេលថ្មីៗខាងមុខនេះទៀត លោកគ្រោងបញ្ចេញបទចម្រៀងនិពន្ធ ដែលមានអត្ថន័យចាក់ដោតអារម្មណ៍យុវវ័យ និងរំពឹងថា អ្នកគាំទ្រនៅតែរង់ចាំស្ដាប់ និងទស្សនាបទចម្រៀងថ្មីរបស់លោកជាបន្តទៀត៕

Advertisement