ច​ន ច័ន្ទ​លក្ខិណា សម្រេចចិត្ត​ចាកចេញ​ពី​វិស័យ​សម្ដែង

បើ​និយាយ​ពី​តារា​សម្ដែង​ច្បាស់​ណាស់​ថា ច​ន ច័ន្ទ​លក្ខិណា ត្រូវបាន​ក្លាយទៅជា​តារា​ជួរមុខ និង​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ល្បីល្បាញ ជាមួយនឹង​បទពិសោធន៍​មិន​ក្រោម20ឆ្នាំ​នោះឡើយ។ រាល់​សកម្មភាព​នៃ​ការសម្ដែង​របស់​តារា​រូបនេះ ក៏​តែង​ត្រូវ​បានទទួល​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន​មិនតិច​នោះឡើយ ជាពិសេស ការសម្ដែង​ក្នុង​ឈុត​ឆាក​កាច​ឆ្នាស់ ឈ្នានីស​តែម្ដង រហូត​ធ្វើឱ្យ​អ្នកទស្សនា​មិន​សរសើរ​មិនបាន។ ប៉ុន្តែ​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រូបភាព​របស់ ច​ន ច័ន្ទ​លក្ខិណា ហាក់​ត្រូវបាន​រសាត់​បាត់​ឆ្ងាយ​ពី​វិស័យ​មួយ​នេះ ខណៈដែល​មានការ​ទម្លាយ​យ៉ាងច្បាស់​មក​ថា នាង​បាន​សម្រេចចិត្ត​ដើរ​ចាក​ចេញពី​អាជីព​ជាង20ឆ្នាំនេះ​ទាំង​គ្មាន​អាល័យ។

នៅក្នុង​ដំណើរ​ជីវិត​ជា​អ្នកសិល្បៈ​ជាង20ឆ្នាំ​កន្លងទៅនេះ ច​ន ច័ន្ទ​លក្ខិណា បាន​ជួបប្រទះ​នឹង​រឿងរ៉ាវ​ជាច្រើន​រាប់មិនអស់ រាប់ទាំង​រឿង​ល្អ និង​រឿងអាស្រូវ​ផងដែរ ជាពិសេស ក្រោយ​ពេលដែល​នាង​បានសម្រេច​ចិត្ត​បែកបាក់​ជាមួយ​អតីត​ស្វាមី​ដែលជា​អ្នកមាន​អាជីព​ក្នុង​វិស័យ​សម្ដែង​ដូចគ្នា ក្រោម​ការលើក​ឡើងជា​ពាក្យ​ចចាមអារ៉ាម​ថា មាន​អ្នក​ទី3ចូល​ជ្រៀតជ្រែក​ក្នុងសង្គម​គ្រួសារ​របស់​នាង។ យ៉ាងណាក៏ដោយ បើទោះជា​នាង​បាន​ក្លាយទៅជា​ស្ត្រី​មេម៉ាយ​រស់នៅ​ជាមួយ​កូនស្រី​ក្ដី ប៉ុន្តែ​ប្រជាប្រិយភាព​របស់​នាង​នៅតែ​អាច​រក្សាបាន​នូវ​ភាពល្បីល្បាញ​ដដែល។ បន្ថែមពីនេះ​នាង​ថែមទាំង​បាន​បង្កើត​នូវមុខ​ជំនួញផ្សេងៗទៀត ដើម្បី​អាច​ទទួលបាន​ចំណូល​បន្ថែម​ពីលើ​ការងារ​ផ្នែក​សិល្បៈ ដូចជា បើកហាង ច​ន ច័ន្ទ សាឡ​ន និង​លក់​ផលិតផល​តាម​អន​ឡាញ​ជាដើម។

ជាថ្មី​ម្ដងទៀត កំពូល​តារា​សម្ដែង​ដ៏​ប៉ិនប្រសប់ច​ន ច័ន្ទ​លក្ខិណា បាន​បង្កើត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៅក្នុង​សង្គម​សិល្បៈ​ដោយ​ការ​កាន់​មុខតំណែង​ជា​ប្រធាន​សមាគម​អ្នកសិល្បៈ​កម្ពុជា បន្តវេណ​ពី​លោក សុះ ម៉ាច ដែលជា​ប្រធាន​ចាស់​ធ្លាក់​សន្លឹកឆ្នោត​ផងដែរ។ នៅក្នុង​រយៈពេល​នៃ​ការទទួលយក​តំណែង​ជា​ប្រធាន​សមាគមន៍​អ្នកសិល្បៈ​នេះ​ផងដែរ ច​ន ច័ន្ទ​លក្ខិណា បាន​លូកដៃ​ជួយ​សម្រួល​បញ្ហា​មួយចំនួន ជាពិសេស​បង្កើតជា​មូល​និធិ​ជួយ​ដល់​សិល្បករ សិល្បការិនី ដែល​ជួបប្រទះ​ភាពខ្វះខាត និង​បាត់បង់​សមត្ថភាព​ជាដើម។

ដោយឡែក​កាលពីពេលថ្មីៗនេះ ច​ន ច័ន្ទ​លក្ខិណា បានធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​ជាខ្លាំងខណៈដែល​នាង​បានបង្ហាញ​ពី​ចេតនា​ចង់​ដើរ​ចេញពី​អាជីព​ជាតា​រា​សម្ដែង ដែល​ធ្លាប់មាន​អា​នុ​ស្សាវ​រី​យ៍​ជាច្រើន​ឆ្នាំ​ទាំង​គ្មាន​ភាព​អាឡោះអាល័យ ដោយ​ការសរសេរ​សារ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក។ ជាមួយនឹង​ការសម្រេចចិត្ត​ចាក​ចេញពី​អាជីព​សិល្បៈ​នាពេលនេះ ត្រូវបាន​កំពូល​តារា​សម្ដែង​រូបនេះ​បញ្ជាក់​ប្រាប់ថា គឺ​ដោយសារ​តែមាន​ភាព​មមា​ញឹក​ជាមួយ​ការធ្វើ​ជំនួញ​ផ្ទាល់ខ្លួន ក៏ដូចជា ជួយ​មើលមុខ​ជំនួញ​ស្វាមី​ទី2របស់​នាង ហើយ​ទុក​ពេលវេលា​ខ្លះ​ដើម្បី​ធ្វើការ​ស្វែងរក​មូល​និធិសម្រាប់​សិល្បករ​ចាស់ជរា។ នៅក្នុង​ជំហាន​នៃ​ការបញ្ចប់​អាជីព​របស់ ច​ន ច័ន្ទ នាពេលនេះ​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា មាន​មហាជន​មួយចំនួន​បាន​សម្ដែង​នូវ​ភាព​សោកស្តាយ ខណៈដែល​បាត់បង់​អ្នក​ដែលមាន​សមត្ថភាព និង​ទេពកោសល្យ​ផ្នែក​សម្ដែង៕

Advertisement