កញ្ញាឯកកម្ពុជាពីររូបនឹងទៅចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាឯកចិនពិភពលោក

កញ្ញាឯករបស់កម្ពុជាពីររូបនឹងត្រូវចេញដំណើរទៅចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាឯកចិនពិភពលោកឆ្នាំ2017 ក្រោមប្រធានបទ” The Beauty of heart, The world of Wisdom” ដែលកម្មវិធីនេះនឹងប្រព្រឹត្ដទៅនៅទីក្រុង Pataling Jaya , Selango នៃប្រទេសម៉ាឡេស៊ី ។

ក្រោមកិច្ចសហការរវាងណាហ្គាវើល និង Arises Agency បានធ្វើឱ្យកញ្ញាលី ណៃស៊ីម មកពីទីក្រុងភ្នំពេញ និងកញ្ញា លឹម ណយ មកពីខេត្ដសៀមរាបត្រូវចេញដំណើរទៅប្រកួតក្នុងកម្មវិធីកញ្ញាឯកចិនលំដាប់ថ្នាក់អន្ដរជាតិដែលកម្មវិធីនេះនឹងប្រព្រឹត្ដទៅនៅថ្ងៃទី 26ខែឧសភា ឆ្នាំ 2017។ វាគឺជាលើកទី1ហើយសម្រាប់កញ្ញាឯកទាំងពីររូបដែលតំណាងឱ្យប្រទេសកម្ពុជាបានទៅចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ។

កញ្ញា លឹម ណយ បានបញ្ជាក់ថា ជាមោទនភាពខ្លាំងបំផុតសម្រាប់រូបនាងដែលបានចូលរួមក្នុងកម្មវិធីដ៏ធំដែលនាងមិនធ្លាប់បានស្រមៃពីមុនមក។ កញ្ញា បានបន្ដទៀតថា៖”ខ្ញុំសន្សាថា តាមរយៈកម្មវិធីនេះខ្ញុំនឹងពាំនាំនូវអ្វីដែលល្អៗពីប្រទេសកម្ពុជា ពិសេសខេត្ដសៀមរាប ជាខេត្ដដែលពោរពេញទៅដោយតំបន់ទេសចរណ៍ ទៅកាន់ឆាកអន្ដរជាតិឱ្យពួកគេបានស្គាល់កាន់តែច្បាស់អំពីប្រទេសយើង”។

កម្មវិធីប្រកួតកញ្ញាឯកចិនពិភពលោកត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2005 ដើម្បីជួយលើកកម្ពស់ សន្ដិភាព សុឆន្ទៈ និងចំណងមិត្ដភាពក្នុងចំណោមកញ្ញាឯកដែលបានចូលរួមទាំងអស់។ ពិសេសកម្មវិធីនេះមានគោលបំណងប្រមូលនារីដែលមានសម្រស់ស្រស់ស្អាតបំផុត និងមានជាប់សែស្រឡាយចិនមកពីជុំវិញពិភពលោកដើម្បីជួយលើកកម្ពស់វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីចិន។

ដោយឡែកកញ្ញា លី ណៃស៊ីម បានប្រាប់ថា នាងបានរស់នៅទីក្រុងភ្នំពេញតាំងពីក្មេង នាងបានឃើញការរីកចម្រើនរបស់រាជធានីភ្នំពេញមានការវិវឌ្ឍទៅមុខយ៉ាងលឿន ដូច្នេះនាងនឹងប្រាប់ទៅដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីនោះឱ្យបានដឹងអំពីការវិវឌ្ឍ និងភាពរីកចម្រើននៃរាជធានីភ្នំពេញ៕

Advertisement