ពែកមី ខឹងគេចុះផ្សាយថា នាយ គ្រឿន រងរបួស ព្រោះត្រូវគេដេញកាប់រយះក្បាលដេរ ១០ ថ្នេរ

ភ្នំពេញៈ ដោយសារមានរូបនាយគ្រឿនមានស្នាមរបួស និងមានព័ត៌មានចេញផ្សាយភ្លាមៗថា នាយ គ្រឿន ត្រូវគេដេញកាប់របួសរយះយ៉ាងធំនៅត្រង់ចិញ្ចើម ដេរ១០ថ្នេរ ហើយបាត់ប្រាក់ក្នុងកាបូបអស់ និងខានថតកុនទៀតនោះ ទើបធ្វើឱ្យក្តៅក្រហាយដល់នាយពែកមី ដែលភ្លាមៗនោះក៏បានបង្ហោះសារប្រាប់ថា៖ «ប្អូនប្រុសខ្ញុំ តែតបាល់បុកក្បាលគ្នាបែកធំណាស់បងប្អូនអើយ ជួបស៊យ» ។

នាយពែកមីដែលជាបងប្រុសបង្កើតរបស់នាយគ្រឿនតារាកំប្លែងល្បី និងជាពិធីករក្នុងកម្មវិធីល្បែងកម្សាន្ត របស់ទូរទស្សន៍ CTN បានប្រាប់ថា៖ «ទោះបីខ្ញុំបានបញ្ជាក់ថា មានរបួសដោយសារលោតតែតបាល់បុកក្បាលគ្នាប៉ុណ្ណឹងហើយក៏ដោយ ក៏នៅតែមានព័ត៌មានចេញផ្សាយមិនពិតថា នាយគ្រឿនត្រូវគេដេញកាប់រយះក្បាល ដោយអត់មានបានសាកសួរសាមីខ្លួន និងបងប្អូនគេអីបន្តិចសោះ ការពិតនាយគ្រឿនលេងបាល់ទាត់នៅខ្សែប្រយុទ្ធ លោតតែតបាល់បុកក្បាលគ្នាជាមួយខ្សែការពារនៅទីលានក្បែរផ្ទះជិតស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន កាលពីល្ងាចម៉ោង ៥ និងដេរតែ ៨ ថ្នេរ ទេ!»។

តារាកំប្លែងនាយ ពែកមី បានបន្តថា៖ «ខ្ញុំដឹងថាព័ត៌មានច្បាស់ជាសរសេរចង់ឲ្យគេចាប់អារម្មណ៍ចង់មើលមិនខាន តែសុំកុំឲ្យហួសពីការពិតពេក ខុសពីឧត្តមគតិខ្លួនធ្វើអី! ហើយខ្ញុំក៏សូមជម្រាបបងប្អូនដែរថា ទោះបីជានាយគ្រឿនរងរបួសក៏មិនប៉ះពាល់ទៅដល់ការថតកំប្លែង ឬកម្មវិធីទូរទស្សន៍ និងច្រៀងកាត់សក់ឡើយ គ្រាន់តែអត់អាចថតកុនបានប៉ុណ្ណោះ»៕

Advertisement