នាយ ចឺម ប្រកាសជំហរមិនចាកចោលសាន់ដេឡើយ

បន្ទាប់ពីតារាធំៗនៅផលិតកម្មសាន់ដេ បានស្ពាយបង្វេចរបស់ខ្លួនទៅជ្រកនៅក្នុងទ្រនំធំដទៃទៀតហើយនោះ ស្រាប់តែថ្មីៗនេះ មានផ្ទុះដំណឹងមកថ្មីទៀតហើយថា នាយ ចឺម ដែលជាតារាល្បីមួយដួងនៅក្នុងផលិតកម្មសាន់ដេ កំពុងរៀបចំបង្វេចប្រុងចាកចេញពីទ្រនំមួយនេះម្នាក់ទៀតហើយ។ យ៉ាងណាក៏ដោយ ដំណឹងខ្សឹបខ្សៀវមួយនេះ នៅមិនទាន់ច្បាស់ជាផ្លូវការនៅឡើយទេ ខណៈដែលតារាចម្រៀងប្រុសរូបនេះ កំពុងតែចាក់គ្រឹះយ៉ាងមាំនៅក្នុងផលិតកម្មសាន់ដេ ហើយក៏កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងម្ចាស់បទ «ជយោៗសង្សារខ្ញុំសុំបែកគ្នាហើយ» រូបនេះ បានប្រកាសជំហរប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីនេះថា លោកគ្មានបំណង ឬគម្រោងចាកចេញពីសាន់ដេនោះទេ។ នាយចឺម បន្ដប្រាប់អ្នកសារព័ត៌មានថា លោកនៅជាប់កុងត្រាជាមួយសាន់ដេចំនួន 3ឆ្នាំទៀតជាតារាចម្រៀងពេញសិទ្ធិ ប៉ុន្តែបើទោះជាគ្មានកុងត្រាក៏លោកមិនចោលសាន់ដេនោះដែរ គឺមិនខ្វល់ពីការឆ្លេឆ្លាហក់ចូលផលិតកម្មណាមួយជាដាច់ខាត។

នាយចឺម បញ្ជាក់បន្ថែមទៀតថា «សម្រាប់អ្នកណាយល់យ៉ាងម៉េច ខ្ញុំអត់ខ្វល់ តែសម្រាប់ខ្ញុំនៅសាន់ដេគឺគ្រប់គ្រាន់ ដោយសារសាន់ដេគាត់ផ្ដល់ភាពកក់ក្ដៅឱ្យរហូត»។មកទល់ពេលនេះនាយចឺម នៅតែមិនមានអ្នកនិពន្ធប្រចាំខ្លួនឡើយ ដោយរង់ចាំតែច្រៀងតាមការទម្លាក់ឱ្យរបស់ផលិតកម្មតែប៉ុណ្ណោះ ប៉ុន្តែលោកថា ផលិតកម្មទាំងមូលនៅតែទម្លាក់បទចម្រៀងឱ្យលោកបានច្រើនដដែល ទើបលោកកក់ក្ដៅ ហើយប្រកាសជំហរនេះ ទោះមិនជាប់កុងត្រាក៏មិនរត់ទៅណាដែរ។ នាយចឺមត្រូវបានគេកត់សម្គាល់ថា នៅតែឡើងកូដខ្លាំងជាមួយនឹងបទចម្រៀងចាស់-ថ្មី ដោយសារតែមានអ្នកគាំទ្រច្រើនមកស្វាគមន៍ដល់ឆាកតែម្ដង៕

 

 

Advertisement