អ៊ឹចឹងបានជាតារាស្រី ទូច ស្រីលក្ខណ៍ មិនព្រមទៅតាមស្វាមីនៅប្រទេសអង់គ្លេស…

ភ្នំពេញៈ ថ្មីៗនេះ គេស្រាប់តែឃើញតារាចម្រៀងពូកែលេងទឹកមុខក្រមិចក្រមើមនាំឲ្យទស្សនិកជនផ្ទុះសំណើចមិនដឹងខ្លួនអ្នកនាង ទូច ស្រីលក្ខណ៍ លេចវត្តមាននៅក្នុងផ្ទាំងប៉ាណូស្ប៉តពាណិជ្ជកម្មផលិតផលភេសជ្ជៈមួយមានយីហោថា «គុនខ្មែរ» ដោយមានទាំងតារាសម្តែង និងពិធីករពូកែកំប្លែងចាក់ទឹកមិនលេចលោក ប៉ែន ចំរ៉ុង អតីតស្វាមីមិនបានរៀបការ បានត្រឹមតែចុះអេតាស៊ីវិលនឹងកូនស្រីចាងហ្វាងផលិតកម្មមហាហង្សអ្នកនាង ភិន សុដាលីស ដ៏គួរឲ្យចាប់អារម្មណ៍។

មហាជនក៏នាំគ្នាឆ្ងល់មួយរំពេចថា តើហេតុអ្វីបានជាតារាចម្រៀង និងសម្តែងស្រីអ្នកនាង ទូច ស្រីលក្ខណ៍ មិនព្រមទៅរស់នៅជាមួយស្វាមីសោយសុខទ្រព្យស្តុករបស់ស្វាមីជាតិអង់គ្លេសឈ្មោះ ម័រថេន ក្វាមេន ដែលបានរៀបការតាំងពីឆ្នាំ២០១១ មកអ៊ីចឹង?
អ្នកនាង ទូច ស្រីលក្ខណ៍ បច្ចុប្បន្នមានកូនប្រុសវ័យជាង ២ ឆ្នាំ ជាចំណងស្នេហ៍ផ្សារភ្ជាប់សាច់ឈាមឲ្យកាត់ជាតិសាសន៍ខ្មែរ-អង់គ្លេសមកនោះ នៅតែមិនបានឃើញទៅរស់នៅជាមួយស្វាមីឡើយ តែបែរជា ឃើញនាងងាកមកប្រឡូកលើវិថីសិល្បៈខ្មែរសាឡើងវិញជាបណ្តើរៗទៅវិញ។

តារាចម្រៀង និងសម្តែងស្រីរូបនេះបានបកស្រាយចម្ងល់នោះថា៖ «ទេ! នាងខ្ញុំដូចជាអត់ដែលបានប្រកាសប្រាប់ព័ត៌មានថា លាឈប់ពីសិល្បៈពីពេលណានោះទេក្រោយពីរៀបការមក គ្រាន់តែនាងខ្ញុំធ្លាប់ប្រាប់ថា សុំសម្រាកមួយរយៈក្រោយពីបានរៀបការរួចប៉ុណ្ណោះ។ បច្ចុប្បន្ននេះនាងខ្ញុំ និងលោក ប៉ែន ចំរ៉ុង គឺធ្វើជាតំណាងទូតសុឆន្ទៈឲ្យផលិតផលភេសជ្ជៈមួយមានឈ្មោះថា “គុនខ្មែរ” ដែលយើងនឹងធ្វើសន្និសីទកាសែតនាពេលឆាប់ៗខាងមុខនេះផងដែរ និងមកពីពេលនេះកូនប្រុសខ្ញុំធំល្មមអាចយកទៅដាក់នៅសាលារៀនបានហើយ ទើបនាងខ្ញុំមកបំពេញការងារសិល្បៈឡើងវិញ។ ចំណែកប្តីប្រពន្ធខ្ញុំ គ្មានអ្វីចោទជាបញ្ហាទេ គាត់តែងតែផ្តល់ឱកាស និងឲ្យតម្លៃសម្រាប់ក្តីប្រាថ្នាការងារផ្ទាល់ខ្លួនរបស់នាងខ្ញុំជានិច្ច»៕

Advertisement