ក្នុងរយៈពេលកន្លះខែ តារាខ្មែរពីរដួងបានសម្ញែងឡានថ្មីតម្លៃជិត ២០ម៉ឺនដុល្លារស៊េរីឆ្នាំ២០១៧

ភ្នំពេញៈ ចន្លោះរយៈពេលប្រហែលតែជិតកន្លះខែសោះ ស្រាប់តែគេបានឃើញមានតារាខ្មែរចំនួនពីររូបហើយ ដែលបានបង្ហាញភាពហ៊ឺហាររបស់ខ្លួនជាមួយនឹងការសម្ញែងទិញរថយន្តទំនើបថ្មីស៊េរីឆ្នាំ២០១៧ ដោយផ្តើមចេញពីតារាសម្តែង ម៉ូដែល និងពិធីការិនី កញ្ញា ម៉ាក់ សែនសូនីតា (តូតា) និងតារាចម្រៀង ម៉ូដែល ពិធីករ និងជាម្ចាស់ផលិតកម្ម Dara Entertainment លោក យ៉ែម សំអូន។

អីយ៉ា ពិតជាចៃដន្យមែន! គេសង្កេតឃើញតារាទាំងពីរដួងមានការឆ្លាស់គ្នាក្នុងការដូរស៊េរីរថយន្តរបស់ខ្លួនដោយកញ្ញា តូតា ដូរពី Land Cruiser 470 ពណ៌ខ្មៅស៊េរីឆ្នាំ២០០៩ មកជិះ Lexus 450d ស៊េរីឆ្នាំ២០១៧ ដែលមានតម្លៃជាង ១៧ម៉ឺនដុល្លារ ចំណែកឯលោក យ៉ែម សំអូន វិញបានដូរពីម៉ាក Lexus 470 មកជិះ Land Cruiser ពណ៌សស៊េរីឆ្នាំ២០១៧ មានតម្លៃប្រហែលជាង ១៨ម៉ឺនដុល្លារ។

កាលពីដើមខែនេះ គេឃើញតារាសម្តែងស្រី ម៉ូដែល និងពិធីការិនីនៅទូរទស្សន៍ CNC កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា បង្ហោះរូបរថយន្តថ្មីសន្លាងដែលមើលទៅគឺម៉ាក Lexus 570 ស៊េរីឆ្នាំ២០១៧ ដោយធ្វើឲ្យមជ្ឈដ្ឋានក្រុមអ្នកសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តែតារាសម្តែងស្រីមានបបូរមាត់សិចស៊ីល្បីមានកន្លង់ទាំងចាស់ទាំងក្មេងតាមសុំដាក់ពាក្យធ្វើជាម្ចាស់បេះដូងដែលទើបមានវ័យ២៣ឆ្នាំរូបនេះប្រាប់ថា៖ «តាមពិតទៅរថយន្តដែលនាងខ្ញុំបានរំអុកឲ្យម៉ាក់ទិញឲ្យនោះមិនមែនម៉ាក Lexus 570 ទេ! វាគឺជារថយន្តម៉ាក Lexus 450d ដែលមើលទៅដូចគ្នានឹង Lexus 570 បេះបិទ គ្រាន់តែវារាងតូចជាងបន្តិច»។

កាលពីថ្ងៃទី១២ ខែឧសភាថ្មីៗនេះ ស្រាប់តែគេបន្តឃើញតារាចម្រៀងប្រុស លោក យ៉ែម សំអូន ដែលទើបតែស្ងប់រឿងអាស្រូវចែកផ្លូវពីប្រពន្ធព្រោះតែមានព័ត៌មានចចាមអារ៉ាមថា ទៅស្នេហាភេទប្រុសដូចគ្នា និងបែកធ្លាយរឿងប្រើហិង្សាលើអតីតភរិយាគឺអ្នកនាង យ៉ាន លីនដា នោះ បានធ្វើឲ្យមហាជនភាគច្រើនកោតសរសើរផង និងមានការជជីកចង់ដឹងដែរថា តើរថយន្តថ្មីម៉ាក Land Cruiser ថ្មីពណ៌សនោះស៊េរីឆ្នាំណា ហើយមានតម្លៃប៉ុន្មានម៉ឺនដុល្លារទៅ? ក្រោយពីលោកបានបង្ហោះសារប្រាប់ថាទើបតែបានទិញមកនោះ។

លោក យ៉ែម សំអូន គ្រាន់តែបានបង្ហើបប្រាប់ថា៖ «នេះជារថយន្តថ្មី ដែលខ្ញុំស្រមៃចង់បាន និងខិតខំប្រឹងប្រែងរកប្រាក់ដោយកម្លាំងញើសឈាមខ្លួនឯងយូរមកហើយទម្រាំនឹងបាន។ ខ្ញុំបានទិញវាកាលពីថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧កន្លងមកនេះ បន្ទាប់ពីខ្ញុំបានលក់រថយន្តចាស់ម៉ាក Lexus 470 រួចមកហ្នឹងឯង»៕

Advertisement