មាស សុខសោភា បកស្រាយ ៖​ រូបភាពសិចស៊ី គ្រាន់តែជាសិល្បៈនៃការថតរូបប៉ុណ្ណោះ

កាលពីពេលកន្លងទៅថ្មីៗនេះ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន និង Camtrax Music គឺអ្នកនាង មាស សុខសោភា បានបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីសម្ពោធភោជនីយដ្ឋាន និងក្លិបកម្សាន្ដរាត្រីមួយនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដងគឺ Blanc Restaurant and Lounge ដែលនៅក្នុងឱកាសនោះដែរ អ្នកនាងបានផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន ឡារ៉ែន ជុំវិញករណីបង្ហាញរូបភាពសិចស៊ីកន្លងមកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលធ្វើឱ្យមហាជន និងអ្នកសិល្បៈជាច្រើនមានភាពភ្ញាក់ផ្អើលជាខ្លាំង។

កន្លងមកបណ្ដាអ្នកលេងហ្វេសប៊ុកជាច្រើនបាននាំគ្នាលាន់មាត់សរសើរថា មាស សុខសោភា ពិតជាស្អាត និងថែមទាំងច្រៀងពីរោះទៀតផង ធ្វើឱ្យពួកគេមានការស្រឡាញ់ពេញចិត្តជាខ្លាំង។ តែក៏មានអ្នកខ្លះបង្ហាញពីទស្សនៈមិនចូលចិត្តដែរដោយអ្នកខ្លះបានលើកឡើងថា អីក៏សិចស៊ីម្ល៉េះ  ខ្លះថា «ដល់ក! ហើយខោតារា» ខ្លះទៀតថា «ឱ្យតែតារាដឹងតែត្រូវបញ្ចេញដើមទ្រូងតែហ្មង»។ រហូតដល់មានអ្នកសិល្បៈ និងជាអ្នកជំនួញខ្លះទៀតដែលជាបុរសបានចេញមុខជំនួសគូស្នេហ៍ធ្វើការរិះគន់ចំពោះភាពសិចស៊ីរបស់តារាស្រី មាស សុខសោភា ថា «ហេតុអ្វីក៏ក្រសួងមិនបានអើពើចំពោះភាពសិចស៊ីរបស់នាងខ្លះផង»។

ជុំវិញករណីមួយនេះ កំពូលតារាចម្រៀង និងរាជិនីសំឡេងផ្អែមស្រទន់រូបនេះបានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា រូបភាពសិចស៊ីដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺគ្រាន់តែជាសិល្បៈនៃការថតរូបតែប៉ុណ្ណោះ នាងគ្មានបំណងអ្វីផ្សេងក្រៅពីនោះទេ ព្រោះត្រូវថតស្ព៉តផលិតផល មិនមែនចេះតែសិចស៊ីមិនត្រូវពេលវេលានោះទេ។ អ្នកនាងបន្ដថា «មានប្រិយមិត្តអ្នកគាំទ្រខ្លះ ស្រឡាញ់ចូលចិត្តភាពស្រគត់ស្រគំ អ្នកខ្លះទៀតស្រឡាញ់បែបសិចស៊ីរាងឡួយបន្ដិចទៅ ដូច្នេះហើយនាងខ្ញុំចង់បំពេញចិត្តអ្នកគាំទ្រ ក៏មានទាំងសិចស៊ីបន្ដិចទៅ ប្រពៃណីខ្លះទៅ ស្រគត់ស្រគំខ្លះដែរទៅ។ ហើយការដែលស្លៀកសិចស៊ី គឺមានតាមកាលៈទេសៈ នាងខ្ញុំក៏មិនអាចស្លៀកសិចស៊ីខ្លាំងឡើងឆាក ឬចូលរួមតាមកម្មវិធីធំៗ អី្វនោះដែរ ពោលគឺតាមពេលវេលាសមរម្យណាមួយតែប៉ុណ្ណោះ»។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីរូបនេះបានអំពាវនាវឱ្យអ្នកគាំទ្ររបស់នាងបានដឹង និងយល់ពីការពិតនៃការបកស្រាយរបស់នាង ហើយមេត្តាជួយគាំទ្ររូបនាងជាបន្ដទៅមុខទៀត ព្រោះថា នាពេលថ្មីៗនេះ អ្នកនាង  មាស សុខសោភា បានត្រៀមបទចម្រៀងស្នាដៃនិពន្ធថ្មីជាច្រើនបទ សម្រាប់បំពេរអារម្មណ៍អ្នកគាំទ្រទាំងអស់គ្នាហើយ៕

Advertisement