ហាន់ជីអ៊ុន ធ្លាប់ត្រូវបានមនុស្សជំនិតគំរាមជះទឹកអាស៊ីត និងទារលុយយ៉ាងច្រើនសន្ធឹក

ជាតារាល្បីមានទាំងអ្នកគាំទ្រ និងមានទាំងអ្នកតាមមើលក្នុងខ្សែភ្នែកមិនល្អ តារាឯកស្រីជួរមុខរបស់ប្រទេសកូរ៉េខាងត្បូង Song Hye Kyo (ហាន់ជីអ៊ុន ) ក៏នៅតែគេចមិនផុតពីរឿងរ៉ាវព្រឺព្រួចញ័រភ័យរន្ធត់ ព្រោះនាងបានទទួលសំបុត្រគំរាមកំហែង ប្រសិនបើមិនឱ្យលុយ នឹងត្រូវចាប់ជំរិត ហើយម៉្យាងវិញទៀត អ្នកដែលមានបំណងអាក្រក់គឺមិនមែនមនុស្សនៅឆ្ងាយឡើយ។

តាមរយៈកម្មវិធី Poongmon Show របស់ទូរទស្សន៍ Channel A នាង Song Hye Kyo បានបង្ហើបឲ្យដឹងថា ម្ដាយរបស់នាង ធ្លាប់ទទួលបានសំបុត្រគំរាម កាលពីអំឡុងខែមករា ឆ្នាំ២០០៥ ដែលអត្ថន័យនៅក្នុងសំបុត្រនោះ បានសរសេរគំរាមទារលុយចំនួន ២៥០លានវ៉ុន ប្រសិនបើមិនព្រមផ្ញើឱ្យទេ ជនមិនស្គាល់មុខនោះ នឹងជះទឹកអាស៊ីត ដាក់រូបនាង។

បន្ទាប់ពីបានទទួលសំបុត្រហើយ នាង និងម្ដាយ បានប្ដូរកន្លែងស្នាក់នៅ ដោយទៅនៅទីក្រុងមួយផ្សេង ព្រមទាំងបានប្ដឹងប៉ូលិសដើម្បីស៊ើបអង្កេតរកការពិត។ ជាលទ្ធផល ប៉ូលិសបានរកឃើញថា អ្នកដែលផ្ញើសំបុត្រមកនោះ គឺជាអតីតអ្នកដឹកនាំផ្ទាល់ខ្លួនរបស់ Song Hye Kyo តែម្ដង ដោយបានបញ្ចប់កុងត្រាជាមួយគ្នាកាលពី ៣ ឆ្នាំមុនកើតរឿងនេះ។ នៅគ្រាដំបូងនាង Song Hye Kyo និងម្ដាយមិនជឿថា ជាថ្វីដៃរបស់អតីតអ្នកគ្រប់គ្រងនោះទេ ព្រោះកាលពីមុនពួកគេជិតស្និទ្ធដូចគ្រួសារតែមួយ តែបន្ទាប់ពីប៉ូលិសបានបង្ហាញឲ្យដឹងថា អ្នកដឹកនាំរូបនោះ បានធ្លាក់ខ្លួនខ្វះលុយ ព្រោះតែការចាយវាយខ្ជះខ្ជាយ ទើបសម្រេចចិត្តផ្ញើលិខិតគំរាមខាងលើតែម្ដង៕

Advertisement