តារាចម្រៀងស្រី តន់ ច័ន្ទសីមា ជួបគ្រោះថ្នាក់ បើករថយន្ដបុករបងវត្តកាលពីយប់មិញ

អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី2 គឺកញ្ញា តន់ ច័ន្ទសីមា និងជាតារាចម្រៀងវ័យក្មេងបានបើករថយន្តម៉ាក Lexus ត្រូវបានបុកដោយរថយន្តផ្សេងមួយគ្រឿងទៀតនៅត្រង់ផ្លូវបំបែកជា 5​ ខាងក្រោយវត្តមហាមន្ត្រី ហើយជ្រុលទៅបុករបងវត្តថែមទៀត បណ្តាលឱ្យរថយន្តទាំង 2គ្រឿងខូចខាតយ៉ាងដំណំ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅអំឡុងម៉ោងជាង 12អធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី18 ខែឧសភា ឆ្នាំ2018 នៅតាមបណ្ដោយផ្លូវលេខ284 កែងនឹងផ្លូវលេខ173 ជាប់របងខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពដដែលបានរៀបរាប់បន្ដថា ក្រោយពេលការកើតហេតុ បន្ទាប់ពីបានសម្របសម្រួលគ្នាយ៉ាងយូរ និងមានសមត្ថកិច្ចមូលដ្ឋានជួយសម្រួលផងនោះ ទើបចុងក្រោយភាគីទាំងពីរដែលមិនចង់មានរឿងវែងឆ្ងាយដូចគ្នានោះ បានសុំបញ្ចប់រឿងដោយសម្រួលគ្នាជាមួយថវិកា 15ម៉ឺនរៀល ជូនសមត្ថកិច្ចមូលដ្ឋាន និងវត្តមហាមន្ត្រី សម្រាប់ជាថ្លៃជួសជុលលើការខូចខាតរបងវត្តតិចតួចខាងលើនោះ។

គួរបញ្ជាក់ផងដែរថា បើតាមសំដីម្ចាស់បទចម្រៀង «Bigo Live ជួបស្នេហ៍» រូបនេះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួន និងមិត្តភ័ក្តិជាច្រើននាក់ទៀត ទើបតែចេញពីពិធីខួបកំណើតបានបើករថយន្ត Lexus ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ284 ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ173 តែបំពានស្លាកសញ្ញាចរាចរណ៍ ក៏ត្រូវរថយន្ត Camryពណ៌ក្រហម ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ173 ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនមកបុក ទើបមិនទាមទារសំណង ហើយភាគីខាងរថយន្ត Camry វិញ ក៏មិនចង់មានរឿងវែងឆ្ងាយដែរ ទើបយល់ព្រមបញ្ចប់រឿងនៅមុខសមត្ថកិច្ចតែម្ដងទៅ(ឯវំ សាធុ!)៕

Advertisement