កញ្ញា ប៉ប រចនា ឡើងកូដកាន់តែខ្លាំង ក្រោយសម្ដែងឈុតសិចស៊ីក្ដៅរោលរាលបែបបុរាណ

អូហូ! ពិតជាគួរឱ្យស្ងើចសរសើរមែនតែម្ដង! បន្ទាប់ពីបញ្ចេញឈុតឆាកស្នេហាផ្អែមល្ហែមយ៉ាងសិចស៊ីក្ដៅរោលរាលបែបបុរាណរវាងកញ្ញា ប៉ប រចនា និងតួប្រុស រ៉ា វីរៈ ក្នុងរឿង «រនាតឯក» រួចមក ថ្មីៗនេះតារាស្រីម្នាក់នេះកំពុងតែទទួលបានទីផ្សារសិល្បៈខ្លាំងជាមុន និងឆក់យកចាប់អារម្មណ៍របស់មហាជនឱ្យគ្រាំទ្រការសម្ដែង និងភាពក្លាហានហ៊ានបញ្ចេញភាពសិចស៊ី​របស់នាងកាន់តែច្រើនឡើង តែក្នុងនោះក៏កើតមានការរិះគន់យ៉ាងចាស់ដៃដូចគ្នាដែរ។

មតិរិះគន់ចំពោះភាពសិចស៊ីរបស់តារាស្រី ប៉ប រចនា នេះ មានមហាជនមួយចំនួនបានរិះគន់ថា នាងជាតារាស្រីម្នាក់ដែលសម្ដែងនូវឈុតស្នេហារោលរាល មិនសមជាកុលស្រ្តីខ្មែរទាល់តែសោះ។ មានអ្នកខ្លះទៀតនិយាយថា ភាពសិចស៊ីរបស់នាង គឺចង់តែទាក់ចិត្តអ្នកផងដើម្បីឱ្យខ្លួនបានឡើងកូដតែប៉ុណ្ណោះ ព្រោះថា មានតារាស្រីក្នុងស្រុកមួយចំនួនបានយកភាពសិចស៊ីនៃរាងកាយរបស់ខ្លួនមកទាក់ទាញយកប្រជាប្រិយភាពដូចគ្នា។

ងាកមកស្ដាប់ការបកស្រាយចំពោះការរិះគន់លើភាពសិចស៊ីរបស់តារាស្រីវ័យក្មេងរូបនេះវិញម្ដង នាងបានបញ្ជាក់ថា៖ «តាមពិតទៅ កន្លងមកមានរឿងជាច្រើនដែលខ្ញុំបានសម្ដែងឈុតឆាកស្នេហា ប៉ុន្ដែមិនស្និទ្ធស្នាលដូចរឿងនេះទេ។ ខ្ញុំយល់ថា មិនហួសហេតុពេកទេ គា្រន់តែឈុតឆាកប៉ុណ្ណឹង! ម្យ៉ាងខ្ញុំមិនចង់ឱ្យទស្សនិកជនមើលហើយរិះគន់ថា សម្ដែងមិនសមមិនល្អដូចតារាបរទេស។ តាមពិតទៅ ឈុតឆាកបែបហ្នឹងមិនមែនងាយស្រួលសម្ដែងឡើយ ទម្រាំសម្ដែងបានល្អបែបនេះ គឺពិបាកណាស់ ហើយទោះបីជាមានការរិះគន់ច្រើនក៏ដោយ ក៏ខ្ញុំសប្បាយចិត្ដដែរ ព្រោះមកពីខ្ញុំសម្ដែងដូចការពិត(ដូចមែនទែន) ទើបមហាជនសម្ដែងការរិះគន់ឡើងបែបនេះ»។

តារាស្រីកំពុងឡើងកូដមួយដួងនេះបានលើកជាឧទាហរណ៍ទៀតថា «មិនខុសពីតួចិត្ដអាក្រក់ទេ ពេលសម្ដែងសម អ្នកទស្សនាមានការខឹងគុំកួនក្នុងចិត្ដចង់តែស្ទុះចូលទៅទះតប់សងសឹកជួសតួចិត្តល្អនៅក្នុងសាច់រឿងអ៊ីចឹងដែរ…រហូតមានអ្នកខ្លះ ពេលឃើញតារាសម្ដែងតួចិត្តអាក្រក់នៅខាងក្រៅថែមទាំងស្រែកជេរបញ្ចោរទៀតផង ដូច្នេះមានន័យថា ឈុតដែលនាងសម្ដែងនោះ ច្បាស់ជាសមដូចការពិតមិនខាន ទើបមានការរិះគន់ខ្លាំងបែបនេះ»។

កញ្ញា ប៉ប រចនា បញ្ជាក់ថា ទោះបីជាមានការរិះគន់ខ្លាំងមកលើរូបនាងយ៉ាងណាក៏ដោយ ក៏នាងមិនអន់ចិត្ដចំពោះមហាជនដែរ ដោយសារពួកគាត់ចាប់អារម្មណ៍លើរូបនាង ទើបពួកគាត់មើលគ្រប់ជ្រុងជ្រោយពីនាង ហើយនាងជឿថា អ្នកដែលរិះគន់ទាំងអស់នោះក៏គ្មានចេតនាអាក្រក់មកលើនាងដែរ។ ទោះជាយ៉ាងណាក្ដី ថ្មីៗនេះ ប៉ប រចនា ហាក់ដូចជាកំពុងតែក្ដោបទីផ្សាររឿងភាគទូរទស្សន៍បានច្រើនជាងមុនហើយ នេះក៏ដោយសារតែអ្នកដឹកនាំរឿងសម្លឹងឃើញពីសមត្ថភាពសម្ដែងរបស់នាងហ្នឹងឯង៕

Advertisement