​ឌីជេ អាលីយ៉ា  បញ្ចេញរូបថតអាក្រាតកាយទាមទាររកភាពយុតិ្តធម៌

​កាលពី​ជាង ​2ឆ្នាំ​មុន ​ឌីជេ អាលីយ៉ា ត្រូវ​បានបុរស​ជាជន​ជាតិខ្មែរ ​សញ្ជាតិ​អាមេរិក​កាំង​ម្នាក់​វាយ​ធ្វើបាប ប្រើអំពើហិង្សាយ៉ាងឃោរឃៅមកលើរូបនាង រហូតដល់បានដាក់ពាក្យបណ្ដឹង និងព្យា​យាម​ស្វែងរកយុត្តិធម៌តាម​ផ្លូវច្បាប់ទៀតផង ​ប៉ុន្តែជាក់ស្ដែងនាងនៅ​មិនទាន់ទទួល​បាន​លទ្ធផលនៅឡើយ​ ដោយនាងបាននិយាយ​ថា មិនមាន​លុយគ្រប់​គ្រាន់​សម្រាប់ឱ្យទៅ​មន្ត្រីដែល​ធ្វើ​ការងារ​នេះ។ តារាស្រីរូបនេះបានទន្ទឹង​រង់ចាំក្ដី​យុត្តិធម៌សម្រាប់ខ្លូននាងអស់រយៈពេលជាយូរក្រែលដែរមកហើ់យ ​ប៉ុន្តែ​ដោយសារ​តែគ្មាន​លុយ ទើប​យុត្តិធម៌ហាក់ដូចជារៀងស្ងាត់ឈឹង មិនមានសកម្មភាពអ្វីកើតឡើងចំពោះនាងទាល់តែសោះ។

គួររំឭកផងដែរថា កន្លងមកនាងបានជួបចរចាជាមួយភាគីចុងបណ្ដឹង ដែលមានការរៀបចំឱ្យជួបពីសំណាក់មេធាវីម្នាក់ តែនាងក៏បានបញ្ជាក់ផងដែរថា «គេសុំចរចាជាមួយនាងខ្ញុំ តែអត់ដឹងថាគេគិតម៉េចទេ ព្រោះគេមានលុយ មានអំណាច តែបើអត់សមនឹងការខាតបង់របស់ខ្ញុំក្នុងរយៈពេល 2ឆ្នាំហ្នឹងទេ ក៏ខ្ញុំអត់ទទួលយកដែរ គឺសុខចិត្តដើរស្រាត បើគ្មានយុត្តិធម៌!»។ នាង​ថា នាងបានប្តឹង​ទៅកាន់​មន្ត្រី​ស្ថានទូត​អាមេរិក ប្រចាំនៅ​កម្ពុជា​រួចរាល់​ហើយ ប៉ុន្តែអ្វី​ដែលនៅ​រង់ចាំ​អស់​រយៈពេល​ជាយូរមកហើយនោះ​គឺ ការ​មិន​ជំរុញឱ្យដំណើរការតាម​នីតិវិធី​របស់​មន្ត្រី​ក្នុង​ស្រុក ដោយសារតែ​នាងមិន​មាន​លុយ​គ្រប់​គ្រាន់។ នាងបន្ដថា «បើអត់មាន​យុត្តិធម៌​ឱ្យយើង ​គឺក្រឡើង​អស់​ខោអាវទៅ​ហើយ ​ឬមួយទៀត ក៏​ស្រាត​ដើរទៅ​រកយុត្តិធម៌​តែម្តង​ទៅ ក្រែងគេ​ចាប់អារម្មណ៍ ​ព្រោះ​ក្រអត់​អីឱ្យ​គេ…»។  

នាង​បន្តទៀតថា ការរង់ចាំការ​ដោះស្រាយ​នោះ គឺស្ទើ​រនឹងស្លាប់​ខ្លួនឯង​ទៅហើយ រាងកាយ​ត្រូវគេ​វាយដំ ហាងត្រូវ​គេរំលោភ​យក ការងារ​សិល្បៈ​ត្រូវ​បាត់បង់ សុខភាព​មិន​រឹងមាំ។

គួរបញ្ជាក់ផងដែរថា  ឌីជេ អាលីយ៉ា បានបញ្ជាក់ថា នាងមិនមែនមិនចង់ធ្វើតាមបង្គាប់របស់តុលាការនោះទេ ប៉ុន្តែនាងនៅតែប្រកាន់ជំហរដើរស្រាត បើតុលាការនៅតែតម្រូវឱ្យនាងចាយលុយទើបដោះស្រាយក្ដី ឬមិនអើរពើនឹងបណ្ដឹងរបស់នាង ដោយទុកឱ្យនៅត្រាំត្រែងបន្តទៀត បន្ទាប់ពីអត់លទ្ធផលប្រមាណជា2ឆ្នាំមកហើយ។

ដោយសារ​មិនទាន់​ទាមទារ​បាននូវ​ការ​បាត់បង់ ការខូចខាត​ទ្រព្យ និងរង​សម្ពាធផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ​តារាស្រីរូបនេះបាន​កាត់កេរ្តិ៍ខ្មាសបញ្ចេញ​រូបថត​មួយសន្លឹកនៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុក រហូតធ្វើ​ឱ្យមហាជន​ភ្ញាក់ផ្អើល​ខ្លាំង ក្នុងការប្រកាន់ជំហរទាមទាររកភាពយុត្តិធម៌សម្រាប់ខ្លួននាងផ្ទាល់ បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ នាងនៅតែបន្ដពុះពារជម្នះឧបសគ្គមួយនេះឱ្យខាងតែបាន៕

Advertisement