តារាពីរដួងក្នុងផលិតកម្មថោន សុទ្ធតែជួបទុក្ខធំប្រកាសលក់ផ្ទះព្យាបាលជំងឺឪពុក

កន្លងទៅដូចលោកអ្នកបានជ្រាបហើយថា លោក ករុណា ពេជ្រ ជាតារាចម្រៀង និងមានតំណែងធំនៅក្នុងផលិតកម្មថោន បានដាក់ប្រកាសលក់ផ្ទះវីឡាទោលតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ដើម្បីយកប្រាក់បន្ថែមព្យាបាលជំងឺរបស់ឪពុក។ រហូតមកទល់ពេលថ្មីៗកន្លងទៅនេះ គេឃើញតារាចម្រៀងស្រីនៅក្នុងផលិតកម្មថោនម្នាក់ទៀតគឺ កញ្ញា ស៊ុន ស្រីពេជ្រ ក៏បានដាក់ប្រកាសលក់ផ្ទះដើម្បីមើលជំងឺប្អូន និងឪពុកដូចគ្នា ដែលហេតុការណ៍ផ្ទួនគ្នាមួយនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង និងមានក្ដីស្រងេះស្រងោចចិត្ត អាណិតចំពោះក្ដីលំបាករបស់អាយដូលក្នុងដួងចិត្តពួកគេជាខ្លាំង។

កន្លងទៅលោក ករុណា ពេជ្រ បានប្រកាសលក់វីឡាទោលថា «កូនមកដល់ផ្ទះវិញហើយប៉ា…ផ្ទះធំពេក ហើយប៉ាឈឺទៀត…កូននឹងនាំប៉ាទៅព្យាបាលបន្តនៅក្រៅប្រទេសឆាប់ៗនេះ…។ កុំឱ្យសៅហ្មង ខ្ញុំសូមប្រកាសលក់ផ្ទះវីឡាទោល ហើយកែងផ្លូវខាងមុខតែម្តង…ដែលមានទីតាំងនៅបុរីពិភពថ្មី សំរោងអណ្តែត3 ផ្ទះលេខ 2 ( E0,E1,E2 )  ផ្លូវA…ទល់មុខសួនច្បារធំ2 មានទីធ្លាធំទូលាយនៅមុខផ្ទះ….ចំណាយពេលតែ 5នាទីដល់ផ្សារ Makro និងផ្សារទំនើប AEON II។ ទំហំដី : ទទឹងមុខ 18,40 m រីកទទឹងក្រោយ 19,40m និងបណ្តោយ 33,40 m»។ លោកបានបញ្ជាក់ដែរថា ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងមកកាន់ Inbox ហ្វេសប៊ុករបស់លោកផ្ទាល់តែម្ដង។

រីឯកញ្ញា ស៊ុន ស្រីពេជ្រ វិញក៏បានប្រកាសលក់ផ្ទះរបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «ហ៊ឺម៍…តាំងពីដាក់ប្រកាសលក់ផ្ទះពីរខែមកនេះលុយតម្កល់មើលជំងឺប្អូនជាង 50000$ ក៏អស់ ហើយឥឡូវចូលដល់ខ្ចីលុយគេមើលទៀត អាណិតម៉ែមុខឡើងខ្មៅ ហើយស្គមព្រោះពិបាកចិត្ត ឯពុកវិញម្ង៉ៃកាត់ម្ង៉ៃកោរ អូនអើយតើពេលណាទើបផ្ទះយើងលក់ដាច់នឹងឆាប់បាននាំអូនវះកាត់ ឆាប់បានជាទៅអូន ឱ្យគេមើល គេថាផ្ទះហ្នឹងរង់ចាំម្ចាស់ថ្មីម្តងខែ3 ម្តងខែ4 តែឥឡូវចូលដល់ខែ5ហើយ អស់សង្ឃឹមណាស់ ឱលោកម្ចាស់ផ្ទះថ្មីឆាប់ទិញផ្ទះខ្ញុំផង ដើម្បីប្អូនប្រុសខ្ញុំបានជាសូមអង្វរទេវតាកុំដាក់ទោសទណ្ឌដល់គ្រួសារខ្ញុំអី សូមមេត្តាជួយShareផង ដើម្បីផ្ទះខ្ញុំឆាប់លក់ដាច់ អរគុណពុកម៉ែបងប្អូនទុកជាមុន»(អូខេ ចាំបេលជួយស៊ែរ…)។

គួរបញ្ជាក់ផងដែរថា លោកឪពុក តារាស្រីរូបនេះ លោកមានវ័យ72ឆ្នាំហើយ និងមានជំងឺលើសឈាមជាង 2ឆ្នាំមកហើយដែរ ហើយក៏ខកខានក្នុងការចេញទៅសម្តែងកំប្លែងជាយូរឆ្នាំមកហើយដែរ។ តារាកំប្លែងជើងចាស់នាយ សង់ ស៊ីស មានកូនសរុបចំនួន 8នាក់ (ស្រី5នាក់) ក្នុងនោះមានកូន 3នាក់ជាសិល្បករ គឺនាយ សង់ សេត កញ្ញា ស៊ុន ស្រីពេជ្រ និងអ្នកនាង កាឆយ។ បច្ចុប្បន្នតារាកំប្លែងរូបនេះ ស្នាក់នៅផ្ទះរួមជាមូយកូនស្រី ស៊ុន ស្រីពេជ្រ នាភូមិ សុពណ៌ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

Advertisement