មិនទាន់ចប់ទេ!! ឯម រៀម អាងថា មានឯកសាររឿងអប្សរាប្រុស

បន្ទាប់ពីមានការបដិសេធ និងច្រានចោលចំពោះការបកស្រាយរបស់ ឯម រៀម ពីសំណាក់មគ្គុទេសក៍ទេសចរណ៍ម្នាក់នៅក្នុងខេត្តសៀមរាប ដែលបានអះអាងថា លោកជាមគ្គុទេសក៍ទេសចរណ៍ភាសាអង់គ្លេសតំបន់សៀមរាប និងប្រកបមុខរបរនេះជាង 10ឆ្នាំហើយ មិនដែលមាន និងមិនដែលឮថា របាំអប្សរាមានមនុស្សប្រុសឡើយនៅក្នុងប្រវត្តិ និងវប្បធម៌ខ្មែរ។ លោកថា សូមប្រកែកមិនទទួលយកជាដាច់ខាត។  ប្រវត្តិស្ត្រីរបាំអប្សរាកើតទ្បើងពីរឿងកូរសមុទ្រទឹកដោះគឺសុទ្ធតែជាស្រីរបាំ បើសិនត្រូវការឯកសារលោកនឹងបង្ហោះឱ្យមើលច្បាស់នឹងភ្នែកម្ដងទៀត។

មគ្គុទេសក៍ទេសចរណ៍រូបនេះបានលើកឡើងជារួមថា ប្រសិនបើខ្លួនយើងជាភេទទីបី ឬហៅថាចេក ឬខ្ទើយ ដែលមិនដឹងខ្យល់អីអំពីវប្បធម៌ខ្មែរនោះ សូមកុំធ្វើឱ្យវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរខូចលំនាំឱ្យសោះ និងកុំធ្វើឱ្យយុវជន-យុវនារីសម័យក្រោយទៅឆ្កួតជាមួយនឹងពួកលោកឯងមួយក្ដាប់តូចហ្នឹងឱ្យសោះ សូមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមេត្តាពិនិត្យលើពាក្យថា របាំអប្សរា ឬល្ខោនព្រះរាជទ្រព្យ (The Khmer Royal ballet Dance)ផង។

តែយ៉ាងណាមិញ លោកបណ្ឌិតច្នៃម៉ូដ ឯម រៀម បានតបតវិញតាមរយៈសំណេរនៅលើហ្វេសប៊ុកខ្លួនចំពោះព័ត៌មាននេះថា «ម្នាក់ៗឥឡូវតាំងខ្លួនជាអ្នកប្រវត្តិសាស្ត្រ និងជាអ្នកវិភាគនៃសិល្បៈខ្មែរ ចាប់តាំងមានអប្សរាប្រុស ហើយពូកែណាស់ខាងគោរព និងស្រឡាញ់វប្បធម៏ខ្មែរបុរាណជ្រុលនិយម តែត្រង់ខ្លួនឯងយករូបអង្គរវត្ត និងរូបព្រះភ័ក្ត្រជ័យវរ័្មនទី7 ព្រីនលើមួកធ្វើជាអាជីកម្ម អត់គិតទេ ហើយស្រែកក្តែងៗថា ជាការផ្សព្វផ្សាយវប្បធម៌ខ្មែរ។ មានមគ្គុទេសក៍ទេសចរណ៍កើតទុក្ខមិនសុខចិត្តរឿងអប្សរាប្រុស ឥឡូវលោកល្បីហើយ គួរតែអរគុណ ឯម រៀម។ ហើយសូមលោកដែលជាមគ្គុទេសក៍ទេសចរណ៍សិក្សាបន្ថែមទៀតអំពីអប្សរាប្រុស និងតួនាទីបុរសនាសម័យអង្គរ»។

មិនទាន់ចប់ទេ! លោកបានបន្ដទៀតថា «ម្នាក់ៗគិតថា បុរសនៅសមយ័អង្គរធ្វើតែចម្បាំង ខ្ញុំមានឯកសារអប្សរាប្រុសបានមកពីមគ្គុទេសក៍ទេសចរណ៍ម្នាក់ដូចលោកដែរ ហើយបើចង់ចូលក្រសួង មិនមែនតែ ឯម រៀម ម្នាក់ឯងទេ គឺទាំងអស់គ្នា ទាំងអ្នកគាំទ្រ និងទាំងអ្នកមិនគាំទ្រ។ ហើយអ្នកដែលជេរប្រមាថអប្សរាប្រុសថា ជាអប្សរាចេក ឬអប្សរាខ្ទើយ គឺជាភាសា មិនគប្បីដល់ព្រលឹងបុព្វបុរស ព្រោះគ្រប់សម័យកាល គឺមានអ្នករបាំដែលជាបុរស។ គេថាបើមិនជឿកុំប្រមាថ»។

គួរបញ្ជាក់ផងដែរថា ប្រសិនបើពិតដូចជាលោក ឯម រៀម ថាមានឯកសារ «អប្សរាប្រុស» ដូចដែលបានអះអាងទៅបញ្ជាក់នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមែននោះ មហាជនទាំងអស់ច្បាស់ជាគាំទ្រឱ្យលោកទម្លាយឯកសារចេញមក ហើយប្រាប់មហាជនថា នោះជាសេចក្ដីពិត មិនប្រឌិត គេនឹងរង់ចាំមើលព្រមទាំងទទួលយកការបកស្រាយជាក់លាក់ទៀតផង៕

Advertisement