អតីតប្រុសសង្ហាជយលាភី «ពេជ្រកំពុងច្នៃ» ទម្លាយប្រវត្តិកម្សត់របស់ខ្លួនធ្លាប់ជាអ្នក…មុនបានចូលសិល្បៈ

បើមើលពីសភាពខាងក្រៅ នឹងធ្វើឱ្យមហាជនទាំងឡាយគិតថា តារាសម្ដែងប្រុស រ៉ា វីរៈ ប្រហែលជាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភ ឬជាអ្នក Hight So ហើយមើលទៅ ព្រោះទាំងការតុបតែងខ្លួន ទាំងរបស់ប្រើប្រាស់ និងជាពិសេសការរៀបចំកម្មវិធីខួបកំណើតខ្លួនមានភាពអធិកអធមសម្បើមណាស់ ។

ក្នុងការលាតត្រដាងពីប្រវត្តិពិត ដោយមិនមានការលាក់លៀមពីភាពជូរចត់ដែលធ្លាប់បានហែលឆ្លងមុនក្លាយជាតារារះមួយដួងនៅក្នុងចង្កោមសិល្បៈនោះ លោកបានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ឡារ៉ែនថា លោកចេញពីស្រុកកំណើតក្នុងខេត្តកំពង់ឆ្នាំងមកទាំងលំបាក ខ្វះមុខខ្វះក្រោយនៅក្នុងសភាពតោកយ៉ាក ដើម្បីរកប្រាក់សម្រាប់រស់ប្រចាំថ្ងៃ។ ហើយលោកត្រូវដើរសុំការងារគេធ្វើជាអ្នករត់តុផង និងឆ្លៀតពេលធ្វើការងារតាមក្លិបកម្សាន្ដនាពេលយប់ផង ដែលការងារទាំងនោះមិនសូវមានមហាជនណាឱ្យតម្លៃប៉ុន្មានទេ តែលោកត្រូវតែព្យាយាមតស៊ូនៅក្នុងជីវិត។

តារាប្រុសវ័យក្មេងរូបនេះបានរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលថា «ដោយសារតែចង់រស់នៅភ្នំពេញ ខ្ញុំបានផ្សងព្រេងពីស្រុកកំណើតមកជួលផ្ទះគេរស់នៅយ៉ាងលំបាកបំផុតសឹងតែរកលុយចាយមិនគ្រប់ផង ព្រោះខ្ញុំទៅរត់តុទទួលបានប្រាក់កម្រៃតិចតួចប៉ុណ្ណោះ ហើយក្រោយមកដោយសារតែមានភាពក្លាហាន និងមានការណែនាំ ខ្ញុំក៏បានក្លាយជាអ្នកដើរម៉ូដពេលយប់នៅក្នុងក្លិបមួយ ទោះយ៉ាងណា នៅពេលនោះក៏មិនទាន់មានលុយកាក់ចាយគ្រប់គ្រាន់ដែរ»។

មុនពេលចាប់ផ្ដើមឈានជើងចូលមកក្នុងវិថីសិល្បៈ លោកថា លោកបានចូលប្រកួតនៅក្នុងកម្មវិធី «ពេជ្រកំពុងច្នៃ» កាលពីឆ្នាំ2013 ជាគ្រាប់ពេជ្រជាប់ចំណាត់ថ្នាក់លេខ2 ដែលអាចនិយាយបានថា ជាការបើកទំព័រសិល្បៈថ្មី និងចាប់ផ្ដើមមានឱកាសរកប្រាក់ចំណូលបានជាបន្ដបន្ទាប់នៅក្នុងជីវិត។ លោកថា ដោយសារតែសិល្បៈនេះហើយ ក្រោយពេលប្រឡូកបានមួយប្រាវ លោកបានចាប់ផ្ដើមទទួលការងារសិល្បៈជាហូរហែទើបមានប្រាក់ចាយវាយគ្រប់គ្រាន់ បើមិនដូច្នេះទេគឺលោកពិតជាគេចមិនរួចពីជីវិតអ្នករត់តុឡើយ។

អតីតបេក្ខជនជយលាភី «ពេជ្រកំពុងច្នៃ» រូបនេះបានរៀបរាប់ទៀតថា មកទល់ពេលនេះលោកកាន់តែមានការរីកចម្រើនខាងផ្នែកសម្ដែង និងដើរបង្ហាញម៉ូដ រួមទាំងទទួលបានឱកាសដើរម៉ូដប្រចាំទូរទស្សន៍ធំៗ ក៏ដូចជាសម្ដែងរឿងស្ទើរតែរកពេលសម្រាកមិនបាន ដែលស្ដែងឱ្យឃើញថា យីអ៊ុនរបស់តារាប្រុសរូបនេះកំពុងតែឡើងក្រឺតៗតែម្ដង។

អីយ៉ា!! ដោយសារតែរាសីកំពុងតែឡើងខ្ពស់ត្រដែតអ៊ីចឹងតើ បានជាពេលថ្មីនេះៗតារាប្រុសសង្ហាម្នាក់នេះធ្វើពិធីខួបគម្រប់វ័យ 29ឆ្នាំជាលើកដំបូងនៅក្នុងជីវិត ហើយឃើញមានតារាល្បីៗជាច្រើនបានចូលរួមសាទរចំពោះភាពចាប់ផ្ដើមនៃជោគជ័យនៅក្នុងទំព័រជីវិតថ្មី។ នៅក្នុងកម្មវិធីនោះ គេឃើញវត្តមានតារាល្បីៗយ៉ាងច្រើនកុះករ ជាពិសេសវត្តមានរបស់ លោក ជ័យ សុវ៉ាត តារាចម្រៀងសាន់ដេ លោកស៊ិន សុធារិទ្ធ តារាសម្ដែង លោកថែល ថៃ តារាហង្សមាស អ្នកនាងឆ័យលី ដាឡែន កញ្ញាយ៉េយ៉េ តារាចម្រៀងហង្សមាស លោក វ៉ាន់ ផល្លី កញ្ញា គង់ វង្សយ៉ាទី លោកឆានី សូ តារាសម្ដែង និងពិធីករ កញ្ញា ស៊ូ ស៊ីរីកា តារាចម្រៀងថោន លោក សិទ្ធា ពិសិដ្ឋ តារាសម្ដែង លោកត្រាយ៉ាកូ តារាសម្ដែង និងលោកម៉ាដូណា តារាកំប្លែង…ជាដើម៕

 

 

Advertisement